អ្វីទៅជាសំភារៈនិយមវិចារវិទ្យា? មគ្គុទ្ទេសក៍សិក្សា ដោយមានសំណួរ ដក់ស្រងពីអត្ថបទ និងបញ្ជីអានណែនាំ Share Tweetសំភារៈនិយមវិចារវិទ្យា គឺជាទស្សនវិជ្ជាបដិវត្តន៍នៃលទ្ធិម៉ាក្សនិយម។ នៅក្នុងអត្តបទនេះលោក រុប ស៊ូវែល នឹងពន្យល់អំពីទស្សនៈវិស័យជាមូលដ្ឋាននៃវិធីសាស្រ្ត ម៉ាក្សនិយម។មាតិកា សេចក្តីផ្តើម តើយើងត្រូវការទស្សនវិជ្ជាទេ? ដែនកំណត់នៃតក្កវិជ្ជាផ្លូវការ លទ្ធិសំភារះនិយមទល់នឹងលទ្ធិតថនិយម វិចារវិទ្យា និងបរមតវិជ្ជា ច្បាប់នៃបរិមាណទៅជាគុណភាព (និងផ្ទុយមកវិញ) ការរួបរួមនៃភាពផ្ទុយគ្នា ផលអវិជ្ជមានកម្មនៃផលអវិជ្ជមានកម្ម លោក ហេហ្គេល និងលោក ម៉ាក់ The ABC of Materialist Dialectics ដកចេញពី «Ludwig Feuerbach and the End of Classical German Philosophy» ដោយលោក អង់ហ្គេល ប្រភព និងផ្នែកទាំងបីនៃលទ្ធិម៉ាក្សនិយម (ដកស្រង់ពីអត្ថបទ) ស្នាដៃដែលប្រមូលបានរបស់លោក លេនីន សំណួរសិក្សា និងបញ្ជីអានណែនាំ សេចក្តីផ្តើមលទ្ធិម៉ាក្សនិយម (Marxism) ឬសង្គមនិយមវិទ្យាសាស្រ្ត (Scientific Socialism) គឺជាគំនិតដែលបានបង្កើតឡើងដំបូងដោយ លោកកាល ម៉ាក់ (Karl Marx) (១៨១៨-១៨៨៣)និង លោកហ្រ្វីដ្រឹក អង់ហ្គេល (Friedrich Engels) (១៨២០-1895)។ គំនិតនេះត្រូវបានដើរតួរជាមូលដ្ធាន ទ្រឹស្តីយ៉ាងសំខាន់សម្រាប់ពួកវណ្ណៈអធន (working class ឬក៏ proletariat) ក្នុងការតស៊ូដើម្បីសម្រេចបាននូវសង្គមថ្មីដែលប្រសើរជាងមុនគឺ សង្គមនិយម (Socialism)។ការសិក្សាអំពីលទ្ធិម៉ាក្សនិយម (Marxism) ត្រូវបែងចែកជាបីផ្នែកសំខាន់ៗ ដែលមានទំនាក់ទំនងយ៉ាងទូលំទូលាយទៅនឹងទស្សនវិជ្ជា ប្រវត្តិសាស្រ្តសង្គម និងសេដ្ឋកិច្ច។ គំនិតទាំងបីនោះគឺ៖ សំភារៈនិយមវិចារវិទ្យា (Dialectical Materialism) សំភារៈនិយមប្រវត្តិសាស្រ្ត (Historical Materialism) និងសេដ្ឋកិច្ចម៉ាក្សនិយម (Marxist Economics)។ ទាំងនេះគឺជា "គំនិតគោលដ៏ល្បីល្បាញទាំងបីនៃលទ្ធិម៉ាក្សនិយម” ដែលលោកលេនីន (Lenin) បានសរសេរអំពី។កម្មវិធីសិក្សាសម្រាប់អ្នកសង្គមនិយម (Education for Socialists) ត្រូវបានចាប់ផ្តើមឡើងដើម្បីលើកកម្ពស់ការសិក្សាអំពីលទ្ធិម៉ាក្សនិយម។ គោលដៅរបស់ពួកគេគឺដើម្បីផ្តល់ការណែនាំមូលដ្ឋាទៅដល់អ្នកដែលកំពុងចាប់ផ្តើមសិក្សាអំពីលទ្ធិម៉ាក្សនិយម រួមជាមួយនឹងអត្ថបទដែលសាកសម និងងាយយល់ដើម្បីជួយបង្កើនចំណង់ចំណូលចិត្តឲ្យ អ្នកអានចង់ស្វែងយល់បន្ថែមកាន់តែជ្រៅជាងនេះ។ យើងបានជ្រើសរើសសំភារៈនិយមវិចារវិទ្យា ជាជំហានទីមួយនៃការសិក្សសង្គមនិយម។ ចំណែកផ្នែកផ្សេងៗទៀតក៏ដូចជាសំណួរជាច្រើននឹងត្រូវបានពិភាក្សានៅក្នុងអត្ថបទខាងមុខទៀត។ ការណែទាំងនាំនេះអាចប្រើសម្រាប់ការសិក្សាដោយខ្លួនឯង ឬប្រើសម្រាប់ក្រុមពិភាក្សាអំពីលទ្ធិម៉ាក្សនិយម។ អត្ថបទនេះត្រូវបាន សរសេរឡើងយ៉ាងសាកសមបំផុតសម្រាប់បម្រើជាមូលដ្ឋានគ្រឹះក្នុងការសិក្សា និងពិភាក្សាអំពីលទ្ធិម៉ាក្សនិយម។ដើម្បីចាប់ផ្តើមសិក្សាអំពីសំភារៈនិយមវិចារវិទ្យា អ្នកនិពន្ធបានដាក់បង្ហាញជាសាធារណៈនូវអត្ថបទណែនាំមួយ ដែលសរសេរដោយ លោក រុប ស៊ូវែល (Rob Sewell)។ ទោះបីជាអត្ថបទនេះគឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ការសិក្សាយល់ដឹងអំពីសំភារៈនិយមវិចារវិទ្យា ការសិក្សាអំពីតែអត្ថបទមួយនេះមិនគ្រប់គ្រាន់ទេ។ ដើម្បីយល់ដឹងការន់តែជ្រៅអំពី សំភារៈនិយមវិចារវិទ្យា អ្នកអានក៏ត្រូវសិក្សាយល់ដឹងអំពីស្នាដៃទស្សនវិជ្ជាដ៏សំខាន់ៗរបស់ លោកម៉ាក់ លោកអង់ហ្គេល លោកលេនីន (Lenin) លោកត្រតស៊្គី (Trotsky) លោកផ្លេកានូវ (Plekhanov) និងអ្នកផ្សេងទៀតដែរ។ ជាអកុសល លោក ម៉ាក់ និងលោក អង់ហ្គេល មិនបានសរសេរ ឬបន្សល់ទុកនូវអត្ថបទដែលរៀបរាប់ក្បោះក្បាយអំពីសំភារៈនិយមវិចារវិទ្យាទេ ទោះបីជាពួកគាត់មានបំណងចង់ធ្វើក៏ដោយ។ នៅថ្ងៃស្លាប់របស់ លោក អង់ហ្គេល គាត់បានបន្សល់ទុកនូវបណ្តុំនៃឯកសារ ដែលគាត់បានគ្រោងនឹងអភិវឌ្ឍវាទៅជាការពន្យល់លម្អិតនៃវិចារវិទ្យា (Dialectic) ដែលសំដៅទៅលើច្បាប់គ្រប់គ្រងចលនានៃ ធម្មជាតិ សង្គមមនុស្ស និងគំនិតមនុស្ស (laws of motion of nature, human society and human thought)។ សំណេរទាំងនោះក្រោយមកត្រូវបានបោះពុម្ពក្រោមចំណងជើងថា Dialectics of Nature។ ទោះបីជាសំណេរនេះមិនមានភាពពេញលេញក៏ដោយ វាបាន ផ្តល់នូវការយល់ដឹងយ៉ាងសំខាន់បំផុតអំពីយុទ្ធសាស្រ្តនៃលទ្ធិម៉ាក្សនិយម និងទំនាក់ទំនងរបស់វាទៅនឹងវិទ្យាសាស្ត្រ។អ្នកទើបចាប់អានថ្មីមិនគួរបាក់ទឹកចិត្តចំពោះគំនិតពិបាក និងស្មុគស្មាញក្នុងសំណេរទាំងនេះទេ។ ទោះបីជាវាពិបាកដំបូងមែន ប៉ុន្តែដោយការតស៊ូ និងការព្យាយាម អ្នកអាននឹងទទួលបានលទ្ធិផលល្អ។ លទ្ធិម៉ាក្សនិយម គឺជាវិទ្យាសាស្ត្រដែលមានភាសាបច្ចេកទេសផ្ទាល់ខ្លួន ដូចនេះហើយវាអាចមានបញ្ហាប្រឈមសម្រាប់អ្នកចាប់ផ្តើមអានដំបូង។ទ្រឹស្ដីនៃលទ្ធិម៉ាក្សនិយមផ្តល់ឱ្យអ្នកអាននូវការយល់ដឹងដ៏ទូលំទូលាយ។ វាជាកាតព្វកិច្ចរបស់គ្រប់កម្មករនិយោជិត និងសិស្សគ្រប់រូបក្នុងការសិក្សា និងស្វែងយល់អំពីទ្រឹស្តីរបស់ លោក ម៉ាក់ និងលោក អង់ហ្គេល សម្រាប់ខ្លួនគាត់ផ្ទាល់ព្រោះវាជាតម្រូវការចាំបាច់សម្រាប់ កម្មករក្នុងការគ្រប់គ្រងនិងក្តោបក្តាប់សង្គម។យើងទទួលស្គាល់ថានឹងមានឧបសគ្គក្នុងការខិតខំប្រឹងប្រែងចំពោះអ្នកអាន ដើម្បីយល់អំពីទ្រឹស្តី។ កម្មករទាំងបុរស និងស្រ្តី ដែលត្រូវធ្វើការច្រើនម៉ោង ពួកគាត់មិនបានទទួលការអប់រំគ្រប់គ្រាន់ ហើយជាលទ្ធផលធ្វើឱ្យខ្វះទម្លាប់ក្នុងការអាន ដែលនាំឱ្យពួកគាត់ជួបការលំបាកក្នុងការចាប់យកគំនិតស្មុគស្មាញ ជាពិសេសសម្រាប់អ្នកចាប់ផ្តើមដំបូង។ ទោះយ៉ាងណាក៏ដោយអ្វីដែលលោក ម៉ាក់ និងលោក អង់ហ្គេល បានសរសេរឡើង គឺសម្រាប់ពួកកម្មករ និងអ្នកក្រីក្រ មិនមែនសរសេរឡើងសម្រាប់ពួកបញ្ញវន្តទេ។ «រាល់ការចាប់ផ្តើម ដំបូង គឺពិបាក» មិនថាក្នុងវិស័យសិក្សាណាមួយទេ។ សម្រាប់កម្មករដែលភ្ញាក់ខ្លួនពីវណ្ណៈរបស់ខ្លួន ហើយមានឆន្ទៈក្នុងការតស៊ូផ្លាស់ប្តូរសង្គម ការប្តេជ្ញារបស់អ្នកនឹងអាចសម្រេចបានថា៖ នៅពេលដែលការខិតខំប្រឹងប្រែងដំបូងដើម្បីសិក្សា និងយល់ពីគោលគំនិតទាំងនេះ យើងនឹងដឹងថាលទ្ធិម៉ាក្សនិយមមិនស្មុគស្មាញដូចដែលការគិតនោះទេ ផ្ទុយទៅវិញវានឹងមានភាពងាយស្រួលយល់នៅពេលដែលការឆ្លងកាត់ឧបសគ្គដំបូងបានជោគជ័យ។នៅពេលដែលអ្នកអានយល់ច្បាស់អំពីគោលគំនិតមូលដ្ឋាននៃលទ្ធិម៉ាក្សនិយម វានឹងបើកធ្លាយពីទស្សនថ្មីនៃនយោបាយនៃការតស៊ូវណ្ណៈ និងនៃផ្នែកជាច្រើនទៀតនៃជីវិត។ដើម្បីណែនាំបន្ថែមអំពីវិចារវិទ្យា យើងក៏បានរួមបញ្ចូលការបោះពុម្ពឡើងវិញនៃ ABC of Materialist Dialectics និង A Triumph of Dialectical Materialism របស់លោក ត្រតស្គ៊ី រួមទាំងការសង្ខេបដកចេញពីអត្ថបទ The Three Sources and Three Component Parts of Marxism ដែលជាស្នាដៃរបស់លោកលេនីន និងអត្ថបទ Elements of Dialectics របស់លោកលេនីន ផងដែរ និងអត្ថបទសង្ខេបពីស្នាដៃរបស់ លោកអង់ហ្គេល ដែលមានចំណងជើងថា Ludwig Feuerbach and the End of Classical German Philosophy។សម្រាប់ការសិក្សាបន្ថែម យើងសូមណែនាំសៀវភៅស្នាដៃខាងក្រោមរបស់លោក អង់ហ្គេលជាពិសេសជំពូកទី១២ និងទី១៣នៅក្នុង Anti-Duhring រួមទាំងសៀវភៅ the introduction to the Dialectics of Nature និង Ludwig Feuerbach and the end of classical German Philosophy.សម្រាប់អ្នកដែលមានបំណងចង់អានស៊ីជម្រៅកាន់តែច្បាស់ គួរតែព្យាយាមអាន The Monist View of History របស់លោក ផ្លេកានូវ Materialism និង Empirio-Criticism របស់លោក លេនីន ព្រមទាំងសៀវភៅទស្សនវិជ្ជារបស់គាត់ដែរ (ស្នាដៃប្រមូលបាន, ភាគ ៣៨)។ ថ្វីត្បិតតែសៀវភៅទាំងនេះមិនសូវមានភាពងាយស្រួលក្នុងការអានក៏ដោយ ប៉ុន្តែសៀវភៅទាំងនោះមានប្រយោជន៍ច្រើន ប្រសិនបើអ្នកអានមានភាពហ្មត់ចត់។អ្នកពិនិត្យផ្ទៀងផ្ទាត់,ខែតុលា ឆ្នាំ២០០២អ្វីទៅជាសំភារៈនិយមវិចារវិទ្យា?តើយើងត្រូវការទស្សនវិជ្ជាទេ?សង្គមនិយមវិទ្យសាស្រ្ត ឬលទ្ធិម៉ាក្សនិយមមានធាតុផ្សំបីគឺ៖ សំភារៈនិយមវិចារវិទ្យា សំភារៈនិយមប្រវត្តិសាស្រ្ត និងសេដ្ឋកិច្ចម៉ាក្សនិយម។ កូនសៀវភៅនេះជាសៀវភៅទីមួយ ដែលដើរតួរជាសេចក្តីផ្តើមនៃទស្សនៈនៃសំភារៈនិយមវិចារវិទ្យា (Dialectical Materialism) ដែលជាយុទ្ធសាស្ត្រនៃលទ្ធិម៉ាក្សនិយម។ចំពោះអ្នកដែលមិនទាន់យល់អំពីទស្សនវិជ្ជាម៉ាក្សនិយម សំភារៈនិយមវិចារវិទ្យាអាចមើលទៅថាជាគំនិតមួយដែលមិនច្បាស់លាស់ និងពិបាកយល់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិន បើនរណាម្នាក់ចំណាយពេលសិក្សាវា ពួកគេនឹងទទួលបាននូវទស្សនៈវិស័យបដិវត្តន៍ថ្មី ដែលជួយពួកគេឱ្យយល់កាន់តែច្បាស់អំពីអាថ៌កំបាំងពិភពលោក។ ការយល់ដឹងអំពីសំភារៈនិយមវិចារវិទ្យា គឺចាំបាច់សម្រាប់ការចាប់យកគោលការណ៍នៃ លទ្ធិម៉ាក្សនិយមហើយ វាបានដើរតួរជាទស្សនៈស្នូលនៃលទ្ធិម៉ាក្សនិយម ដែលផ្តល់នូវ ទស្សនៈបែបវិទ្យាសាស្ត្រ និងភាពទូលំទូលាយនៃពិភពលោក។ លទ្ធិម៉ាក្សនិយម ត្រូវបានបង្កើតឡើងតាមទស្សនៈវិជ្ជានេះ។យោងទៅតាមលោក អង់ហ្គេល វិចារវិទ្យា (Dialectic) គឺជាឧបករណ៍ដ៏សំខាន់ ហើយក៏ជាទស្សនវិជ្ជាដែលនាំផ្លូវទៅរកសកម្មភាពក្នុងចលនាវណ្ណៈអធន។ វិចារវិទ្យា ប្រៀបបានដូចទៅនឹងត្រីវិស័យ ឬផែនទីមួយ ដែលជួយរុករកភាពស្មុគស្មាញនៃព្រឹត្តិការណ៍សង្គម និងបង្ហាញយើងឲ្យយល់អំពីដំណើរការនៃការបង្កើតពិភពលោក។មនុស្សគ្រប់រូបមានទស្សនៈរៀងៗខ្លន។ ទស្សនៈវិជ្ជាដើរតួរជាឧបករណ៍នៃការយល់ដឹងអំពីពិភពលោក។ នៅក្នុងសង្គមមូលធននិយម ប្រសិនបើយើងខ្វះទស្សនៈបែបវិទ្យាសាស្ត្រយើងនឹងងាយទទួលយកឥទ្ធិពលនៃទស្សនៈលេចធ្លោនៃវណ្ណៈគហបតី (ruling class ឬក៏ bourgeoisie) និងភាពលំអៀងនៃសង្គម ដែលយើងរស់នៅក្នុង។ ចំណែកឯឃ្លា «អ្វីៗនឹងមិនអាចផ្លាស់ប្តូរបាន» បានឆ្លុះបញ្ចាំងពីភាពអស់សង្ឃឹមនៃភាពផ្លាស់ប្តូរ និងបង្ខំឲ្យយើងទទួលយកអ្វីៗ ដែលមិនសមគួរក្នុងជីវិតរបស់យើង។ ស្រដៀងគ្នាទៅនឹងឃ្លានេះដែរ ឃ្លាដូចជា «គ្មានអ្វីថ្មីនៅក្រោមព្រះអាទិត្យទេ» និង «ប្រវត្តិសាស្ត្រតែងតែកើតឡើងម្តងទៀត» បង្ហាញពីផ្នត់គំនិតអភិរក្សនិយម។ លោកម៉ាក់ បានលើកលែងថា គំនិតទាំងនេះមាន ឥទ្ធិពលខ្លាំងលើផ្នត់គំនិត និងស្មារតីរបស់មនុស្ស ដែលអាចនឹងរារាំងដល់ការរីកចម្រើន។វណ្ណៈអធន ត្រូវតែប្រជែងនឹងមនោគមវិជ្ជានៃវណ្ណៈគហបតី ដូចដែលវណ្ណៈគហបតីធ្លាប់បានប្រជែងទៅនឹងគំនិតអភិរក្សនៃសង្គមសក្តិភូមិ។ ពួកមូលធននិយមប្រើប្រាស់ស្ថាប័នដូចជាប្រព័ន្ធផ្សព្វផ្សាយ ការអប់រំ និងសាសនា ដើម្បីព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃប្រព័ន្ធនៃការកេងប្រវ័ញ្ចរបស់ពួកគេ ដោយនិយាយថាវាជា «ទម្រង់ធម្មជាតិនៃសង្គម» ដែលមិនអាចផ្លាស់ប្តូរបាន ខណៈដែលពួកគេពឹងផ្អែកលើកម្លាំងប្រដាប់អាវុធដើម្បីរក្សាប្រព័ន្ធមូលធនរបស់ពួកគេ។ គំនិត និងសីលធម៌ទូទៅនៃសង្គមគហបតីដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍សំភារៈរបស់វណ្ណៈគហបតី។ បើគ្មានមនោគមវិជ្ជាដ៏មានអំណាចនេះទេ ប្រព័ន្ធមូលធននិយមមិនអាចស្ថិតស្ថេរបានយូរអង្វែងឡើយ។លោកលេនីន បាននិយាយថា «គ្រប់មន្រ្តី និងអ្នកវិទ្យសាស្ត្រសេរីនិយម (Liberal Science) តែងតែគាំទ្រប្រព័ន្ធទាសភាពប្រាក់ឈ្នួល (wage-slavery)។ ការរំពឹងថាពួកគេមានភាពអព្យាក្រឹតនៅក្នុងសង្គម ដែលមានទាសភាពប្រាក់ឈ្នួល គឺជារឿងឆោតល្ងង់ ដូចជាការរំពឹងថាម្ចាស់រោងចក្រនឹងមិនមានភាពលំអៀងទៅលើការចោទសួរថា តើប្រាក់ឈ្នួលកម្មករគួរត្រូវបានកើនឡើងដោយការកាត់បន្ថយប្រាក់ចំណេញរបស់ពួកគេឬទេ។»ទស្សនវិជ្ជារបស់ពួកមូលធននិយម បានដឹកនាំសង្រ្គាមឥតឈប់ឈរដើម្បីប្រឆាំងទៅនឹងលទ្ធិម៉ាក្សនិយម ព្រោះពួកគេបានមើលឃើញលទ្ធិម៉ាក្សនិយម គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធមូលធននិយម។ ការលើកទ្បើងរបស់អ្នកប្រាជ្ញក្នុងប្រព័ន្ធមូលធននិយម បានបញ្ចេញការឃោសនាប្រឆាំងលទ្ធិម៉ាក្សនិយមជានិច្ច ក្នុងគោលបំណងបំប្លាញកេរ្ត៍ឈ្មោះ និងការទទួលស្គាល់នៃលទ្ធិម៉ាក្សនិយម ជាពិសេសវិចារវិទ្យា។ ការប្រឆាំងនេះកើតទ្បើងជាពិសេសចាប់តាំងពីការដួលរលំនៃជញ្ជាំងប៊ែរទ្បាំង (Berlin Wall)។ វាមានការវាយប្រហារផ្នែកទស្សនវិជ្ជាយ៉ាងខ្លាំងដែលប្រឆាំងនឹងលទ្ធិម៉ាក្សនិយម របបកុម្មុយនិស្ត (communism) ការបដិវត្តន៍ ហើយពួកគេប្រកាសដដែលៗថា «លទ្ធិម៉ាក្សនិយមបានស្លាប់ហើយ» ដូចជាការសូត្រនៅក្នុងជំនឿសាសនា។ ប៉ុន្តែ លទ្ធិម៉ាក្សនិយមមិនព្រមចុះចាញ់ក្រោមដៃគ្រូធ្មប់នៃពួកមូលធននិយមទាំងនេះទេ! លទ្ធិម៉ាក្សនិយមបានបង្ហាញឆន្ទៈក្នុងការផ្លាស់ប្តូរសង្គមដោយមិនដឹងខ្លួននៃពួកវណ្ណៈអធន។ ជោគវាសនារបស់ពួកវាបានផ្សារភ្ជាប់ទៅនឹងវណ្ណៈអធន។ពួកមូលធននិយម រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុងចលនាពលកម្ម តែងតែ អះអាងថាប្រព័ន្ធរបស់ពួកគេ គឺជាប្រព័ន្ធធម្មជាតិ និងអចិន្រ្ទៃយ៍នៃសង្គម។ ផ្ទុយទៅវិញវិចារវិទ្យាបានប្រកែកថា គ្មានអ្វីស្ថិតស្ថេរ ហើយអ្វីៗទាំងអស់នឹងផ្លាស់ប្តូរ ឬឈានដល់ទីបញ្ចប់។ ទស្សនៈវិស័យបដិវត្តន៍នេះ បង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់ប្រព័ន្ធ មូលធននិយម។ ដូច្នេះ កេរ្តិ៍ឈ្មោះរបស់មូលធននិយមត្រូតែខូច។ ទាំងនេះបានបង្ហាញពីមូលហេតុដែលនាំឱ្យមានការឃោសនាប្រឆាំងលទ្ធិម៉ាក្សនិយមជាបន្តបន្ទាប់។ ប៉ុន្តែ ពេលវេលានឹងបង្ហាញថាការរីកចម្រើនពិតប្រាកដក្នុងវិទ្យាសាស្ត្រ និងចំណេះដឹង នឹងបញ្ជាក់ពីភាពត្រឹមត្រូវនៃវិចារវិទ្យា។ មនុស្សរាប់លាននាក់បានជួបនឹងវិបត្តិកាន់តែធ្ងន់ធ្ងរដោយសារប្រព័ន្ធមូលធននិយម ហើយវាជាភស្តុតាងដ៏ច្បាស់លាស់ដើម្បីបង្ហាញភាពស្អាតស្អំនៃ លទ្ធិម៉ាក្សនិយម។ ការរស់នៅកាន់តែមានលក្ខណៈកាន់តែពិបាកឡើងៗ ដែលបានជំរុញឱ្យកម្មករស្វែងរកដំណោះស្រាយចេញពីវិបត្តិនេះ។ ដូចដែលលោកលេនីន បាននិយាយថា «ជីវិតបង្រៀនមនុស្ស»។ ដើម្បីលើកឡើងសំដីដ៏ល្បីល្បាញក្នុង the Communist Manifesto «មានទស្សនីយភាពមួយកំពុងលងបន្លាចអឺរ៉ុប គឺទស្សនីយភាពនៃលទ្ធិកុម្មុយនិស្ត»។នៅក្នុងការប្រយុទ្ធដើម្បីរំដោះវណ្ណៈអធន លទ្ធិម៉ាក្សនិយមក៏ប្រឆាំងទៅនឹងមូលធននិយម និងមនោគមវិជ្ជារបស់វាដែរ ដែលចេះតែគាំទ្រការកេងប្រវ័ញ្ចនៅក្នុង «ទីផ្សារសេដ្ឋកិច្ច»។ លទ្ធិម៉ាក្សនិយមផ្តល់ឱ្យវណ្ណៈអធននូវ «ទស្សនវិស័យសកលដ៏សំខាន់ ដែលបដិសេដជាមួយនឹងគ្រប់ទម្រង់នៃជំនឿអរូបី ប្រតិកិរិយា ឬការការពារការជិះជាន់ពីវណ្ណៈគហបតី»។ លោកលេនីន ព្យាយាមលាតត្រដាងទំនាក់ទំនងពិត ដែលមាននៅក្នុងមូលធននិយម និងផ្តល់ចំណេះដឹងដល់វណ្ណៈអធន ដោយពន្យល់ពួកគាត់អំពីរបៀបដែលពួកគេអាចសម្រេចបាននូវការរំដោះខ្លួនពីអំពើជិះជាន់។ តាមសម្តីរបស់ទស្សនវិទូម៉ាក្សនិយមជនជាតិរុស្សី លោក ផ្លេកានូវ គាត់និយាយថាសំភារៈនិយមវិចារវិទ្យាមិនមែនគ្រាន់តែជាទស្សនៈវិស័យទេ តែវាជា «ទស្សនវិជ្ជានៃអាកប្បកិរិយា»។ដែនកំណត់នៃតក្កវិជ្ជាផ្លូវការបុរស និងស្ត្រីព្យាយាមគិតក្នុងលក្ខណៈសមហេតុផល។ តក្កវិជ្ជា (= Logic មកពីពាក្យក្រិក logos ដែលមានន័យថាពាក្យ ឬហេតុផល) ជាវិទ្យាសាស្រ្តនៃច្បាប់នៃការគិត។ អ្វីដែលយើងគិត និងភាសាអ្វីដែលវាបញ្ជេញខ្លួនតាម វាត្រូវបំពេញតម្រូវការនៃការរកហេតុផល។ តម្រូវការនេះនាំឲ្យមានការកើនឡើងនៃច្បាប់នៃគំនិត និងគោលការណ៍នៃតក្កវិជ្ជា។ អ្នកដែលបង្កើតប្រព័ន្ធតក្កវិទ្យាផ្លូវកានេះ ២០០០ឆ្នាំ មុនគឹទស្សនវិទូជនជាតិក្រិក លោក អារីស្តូត (Aristotle) (384 BC – 322 BC) វាជាប្រព័ន្ធមួយ ដែលជាមូលដ្ឋាននៃគ្រឹះស្ថានអប់រំរបស់យើងរហូតមកដល់សព្វថ្ងៃនេះ។ លោកបានចាត់ថ្នាក់វិធីសាស្រ្តនៃរបៀបវែកញែកឲ្យសមហេតុផល និងរបៀបដែលសេចក្តីរបាយការណ៍ត្រូវបានប្រើបញ្ចូលគ្នាដើម្បីសំរេចដល់ការវិនិច្ឆ័យ និងរបៀបដែលសេចក្តីសន្និដ្ឋានត្រូវបានសំរេចមក។ គាត់បង្កើតបានច្បាប់ជាមូលដ្ឋានបីនៃតក្កវិជ្ជាដូចជា៖ គោលការណ៍នៃអត្តសញ្ញាណ (ក = ក) គោលការណ៍នៃភាពប្រឆាំងគ្នា (ក មិនអាចស្មើនឹង ក និងមិនអាចស្មើនឹងអ្វីខុសពី ក) និងកណ្តាលដែលមិនរាប់បញ្ចូល (ក ស្មើ ក ឬមិនពីស្មើអ្វីខុសពី ក គ្មានជម្រើសកណ្តាល)។តក្កវិជ្ជាផ្លូវការ (formal logic) បានដំណើរការអស់រយៈពេលជាងពីរសហស្សវត្សរ៍ ហើយវាជាមូលដ្ឋាននៃការពិសោធន៍ និងការរីកចម្រើនដ៏អស្ចារ្យនៃវិទ្យាសាស្ត្រទំនើប។ ការអភិវឌ្ឍន៍នៃគណិតវិទ្យា គឺបានផ្អែកទៅលើតក្កវិជ្ជានេះ។ យើងមិនអាចបង្រៀនក្មេងឲ្យចេះធ្វើវិធីបូកដោយមិនប្រើរបៀបនេះទេ។ ១ បូក ១ ស្មើនឹង ២ វាមិនស្មើនឹង ៣ ទេ។ មើលទៅតក្កវិជ្ជាផ្លូវការហាក់បីដូចជាសុភវិនិច្ឆ័យ។ វាទទួលខុសត្រូវចំពោះការប្រតិបត្តិនៃរឿងរាប់លានប្រចាំថ្ងៃ ប៉ុន្តែវាមានដែនកំណត់របស់វា។ នៅពេលដែលជួបទៅនឹងរឿង ឬព្រឹត្តិការណ៍ណាស្មុគស្មាញ តក្កវិជ្ជាផ្លូវការមិនអាចយកមកប្រើបានទេ។ ជាពិសេសនៅពេលដែលយើងជួបបញ្ហាទាក់ទងទៅនឹងចលនា ការផ្លាស់ប្តូរ និងភាពប្រឆាំងគ្នា។ តក្កវិជ្ជាផ្លូវការចាត់ទុកអ្វីៗជាថេរ និងគ្មានចលនា។ តក្កវិជ្ជាផ្លូវការមានផលប្រយោជន៍សម្រាប់ការប្រើប្រាស់រាល់ថ្ងៃ ប៉ុន្តែយើងត្រូវយល់ថាវាមានដែនកំណត់របស់វា។លោកលីអន ត្រតស្គ៊ី (Leon Trotsky) បានសរសេថា «វិចារវិទ្យាមិនមែនជារឿងប្រឌិត ឬជំនឿខាងអធិធម្មជាតិទេ ប៉ុន្តែវាជាវិទ្យាសាស្រ្តនៃទម្រង់នៃការគិតរបស់យើង រហូតទាល់តែវាមិនត្រូវបានកំណត់ចំពោះបញ្ហាប្រចាំថ្ងៃនៃជីវិត ប៉ុន្តែព្យាយាមឈានទៅរកការយល់ដឹងអំពីដំណើរការ ដែលវែង និងស្មុគស្មាញ។ វិចារវិទ្យា និងតក្កវិជ្ជាផ្លូវការមានទំនាក់ទំនងរវៀងគ្នាស្រដៀងទៅនឹងទំនាក់ទំនងរវៀងគណិតវិទ្យាជាន់ខ្ពស់ និងគណិតវិទ្យាជាន់ទាប។ » (ដងស្រង់ចេញពី The ABC of Materialist Dialectics)នៅក្នុងការអភិវឌ្ឍន៍នៃវិទ្សាសាស្រ្តទំនើប ប្រព័ន្ធនៃការធ្វើចំណាត់ថ្នាក់របស់លោក លីនាស (Linnaeus) គឺផ្អែកទៅលើតក្កវិជ្ជាផ្លូវការ ដែលគ្រប់ភាវៈរស់ទាំងអស់ត្រូវបានបែងចែកទៅជាផ្នែកប្រភេទ និងផ្នែកលំដាប់។ នេះបង្កើតបានជាជំហានខ្ពស់ឆ្ពោះទៅមុខសម្រាប់ជីវវិទ្យា បើយើងប្រៀបធៀបទៅនឹងអតីតកាល។ ទោះជាយ៉ាងណា វាជាប្រព័ន្ធថេរ និងតឹង ហើយយូរៗទៅ បានបញ្ជេញពីដែនកំណាត់របស់វា។ ជាពិសេសលោកដាវីន (Darwin) បានបង្ហាញថាតាមការវិវត្តន៍ ពូជមួយអាចផ្លាស់ប្តូរទៅជាប្រភេទមួយផ្សេងទៀត។ ដូច្នេះ ប្រព័ន្ធតឹងរឹងនៃចំណាត់ថ្នាក់ត្រូវតែផ្លាស់ប្តូរដើម្បីអនុញ្ញាតឲ្យមានការយល់ដឹងថ្មីអំពីតថភាព។ជាលទ្ធផល ប្រព័ន្ធតក្កវិជ្ជាផ្លូវការបានបែកបាក់។ វាមិនអាចដោះស្រាយទៅនឹងភាពប្រឆាំងគ្នា។ ម៉្យាងទៀត វិចារវិទ្យា ដែលជាតក្កវិទ្យានៃការផ្លាស់ប្តូរ ពន្យល់ថានៅក្នុងធម្មជាតិ ឬសង្គម គឺគ្មានចំណាត់ថ្នាក់ណាដែលដាច់ខាត ឬថេរទេ។ លោក អង់ហ្គេល មានភាពសប្បាយរីករាយណាស់ក្នុងការចង្អុលទៅរកទម្រង់ផ្លាស់ប្តូរនៃសត្វ Platypus ហើយចេះតែចោតសួរថា តើវាសមទៅនៅក្នុងគ្រោងការណ៍រឹងមួយណា?មានតែសំភារៈនិយមវិចារវិទ្យាទេ ដែលអាចពន្យល់អំពីច្បាប់នៃការវិវត្តន៍ និងការផ្លាស់ប្តូរ ដែលយល់ឃើញថាពិភពលោកមិនមែនជាអ្វី ដែលកើតមានមកស្រាប់ ហើយស្មុគស្មាញទេ ប៉ុន្តែវាជាដំណើរការស្មុគស្មាញមួយ ដែលឆ្លងកាត់ការប្រែប្រួលមិនរំខាននៃការកកើត និងការស្លាប់។ សម្រាប់លោកហេហ្គេល (Hegel) តក្កវិទ្យាចាស់ គឺដូចល្បែងកូនក្មេងយ៉ាងបេះបិទ ដែលព្យាយាមបង្កើតរូបភាពចេញពីផ្តុំរូបតូចៗ។ លោកត្រតស្គ៊ី បានសរសេរថា «កំហុសជាមូលដ្ឋាននៃគំនិតអាក្រក់ គឺស្ថិតនៅក្នុងបំណង ដែលចង់បំពេញខ្លួនឯងជាមួយនឹងរូបភាពអចលនានៃការពិត ដែលការពិតនោះមានចលនាអស់កល្បជានិច្ច។»មុននឹងយើងសិក្សាទៅនឹងច្បាប់គោលនៃសំភារៈនិយមវិចារវិទ្យា យើងគួរសិក្សាអំពីប្រភពដើមនៃទស្សនៈវិស័យសំភារៈនិយម។លទ្ធិសំភារៈនិយម ទល់នឹង លទ្ធិតថនិយមលោកលេនីន សរសេរថា “ទស្សនវិជ្ជានៃលទ្ធិម៉ាក្សនិយម គឺជាសំភារៈនិយម”។ ទស្សនវិជ្ជាបែងចែកចេញជាពីរផ្នែកនៃមនោគមវិជ្ជា៖ លទ្ធិសំភារៈនិយម (materialism) និង លទ្ធិតថនិយម (idealism)។ មុននឹងយើងបន្ត សូម្បីតែពាក្យនេះក៏ត្រូវការការពន្យល់ថែមដែរ។ លទ្ធិសំភារៈនិយម និងលទ្ធិតថនិយម គ្មានន័យដូចគ្នាទៅនឹងការប្រើប្រាស់ វារាល់ថ្ងៃទេ។ លទ្ធិសំភារៈនិយម តែងបានផ្សារភ្ជាប់ជាមួយនឹងការលោភលន់ខាងសំភារៈ និងការបោកប្រាស់។ ជាខ្លីអាចថាជាសីលធម៌នៃមូលធននិយមនាពេលបច្ចុប្បន្ន។ រីឯតថនិយម តែងតែគេផ្សារភ្ជាប់ជាមួយនឹងឧត្តមគតិ និងគុណធម៌ខ្ពស់។សំភារៈនិយមនៃទស្សនវិជ្ជាជាទស្សនៈ ដែលពន្យល់ថាមានភពសំភារៈតែមួយគត់ គ្មានឋានសួគ៌ ឬឋាននរក។ សកលលោកដែលមាននៅយូរលង់ណាស់មកហើយមិនមែនជាការបង្កើតឡើងរបស់ព្រះអទិទេពអីទេ ប៉ុន្តែ វាគឺស្ថិតនៅក្នុងដំណើរការមិនឈប់ឈរនៃលំហូរថេរ។ មនុស្ស គឺជាផ្នែកនៃធម្មជាតិ ហើយត្រូវបានវិវត្តពីទម្រង់ជីវិតទាប ដែលមានដើមកំណើតចេញពីភពគ្មានជីវិតប្រហែល ៣.៦ ពាន់លានឆ្នាំមុន។ ការវិវត្តន៍នៃជីវិតនៅដំណាក់កាលមួយ បានផ្តល់មកនៅការបង្កើតឡើនៃសត្វលោក ដែលមានប្រព័ន្ធសរសៃប្រសាទ ហើយជាទីបំផុតបង្កើតបានមនុស្សដែលមានខួរក្បាលធំ។ មនុស្សមានគំនិត និងមនសិការ។ ខួរក្បាលរបស់មនុស្សអាចបង្កើតបានគំនិតទូទៅដូចជាការគិតជាដើម។ ហេតុនេះហើយ រូបធាតុ ដែលធ្លាប់មាន នៅមាន ហើយនឹងនៅតែមានដោយឯករាជ្យពីចិត្ត និងពីមនុស្ស។ អ្វីៗមានតាំងពីយូរលង់ណាស់មកហើយមុនពេលការយល់ដឹងអំពីវាកើតឡើង ឬអាចកើតឡើង។ចំពោះពួកសំភារៈនិយម គឺគ្មានមនសិការណាមួយក្រៅពីខួរក្បាលកំពុងមានជីវិតទេ ដែលជាផ្នែកនៃសំភារៈរូបកាយ។ ការនិយាយថា ចិត្តគ្មានរាងកាយ គឺជាការនិយាយមិនសមហេតុផល។ រូបធាតុ មិនមែនជាផលិតផលនៃចិត្តទេ ប៉ុន្តែចិត្តជាផលិតផលខ្ពស់បំផុតនៃរូបធាតុ។ គំនិត គឺជាការឆ្លុះបញ្ចាំងអំពីពិភពសំភារៈឯករាជ្យ ដែលនៅជុំវិញយើង។ អ្វីៗដែលមានឆ្លុះបញ្ជាំងក្នុងកញ្ជក់ មិនរំពឹងទៅលើការឆ្លុះបញ្ជាំងនេះសម្រាប់អត្តិភាពរបស់វាទេ។ លោក អង់ហ្គេល បាននិយាយថា «គ្រប់គំនិតទាំងអស់ បានដក់ស្រង់ចេញពីបទពិសោធន៍ ហើយជាការឆ្លុះបញ្ជាំងនៃតថភាព ទោះបីជាពិត ឬមួលបង្កាច់ក៏ដោយ។ » យោងទៅតាម សម្តីរបស់លោកម៉ាក់ «ជីវិតមិនអាស្រ័យទៅលើមនសិការទេ ប៉ុន្តែមនសិការ គឺអាស្រ័យទៅលើជីវិត។»ពួកម៉ាក្សនិយម មិនបដិសេធថាចិត្ត មនសិការ គំនិត ចំណង់ អារម្មណ៍ ឬវិញ្ញាណគឺពិតទេ។ អ្វីដែលពួកសំភារៈនិយមបដិសេធទៅ គឺអ្វីដែលយើងហៅថា «ចិត្ត» គឺមាននៅដោយឡែកពីរូបកាយ។ ចិត្តមិនខុសពីរូបកាយទេ។ ការគិត គឺជាផលិតផលនៃខួរក្បាល ដែលជាសរីរាង្គនៃគំនិត។នេះមិនមានន័យថាមនសិការរបស់យើង ជាកញ្ជក់គ្មានជីវិតនៃធម្មជាតិទេ។ មនុស្សមានទំនាក់ទំនងជាមួយអ្វីៗជុំវិញខ្លួន ពួកគេយល់ដឹងអំពីអ្វីៗដែលនៅជុំវិញខ្លួន ហើយតបទៅតាមនឹង ឯបរិស្ថាន ក៏តបទៅពួកគេវិញតាមនឹងដែរ។ នៅពេលដែលមានឬសគល់ក្នុងលក្ខខណ្ឌសំភារៈមនុស្សតែងតែមានគំនិតច្នៃប្រឌិត។ ជាលទ្ធិផល ពួកគេប្រែសំភារៈជុំវិញខ្លួន។ម្យ៉ាងវិញទៀត តថនិយមនៃទស្សនវិជ្ជាថ្លែងថាពិភពសំភារៈ គឺមិនពិតទេ តែគ្រាន់តែជាការឆ្លុះបញ្ជាំងនៃពិភពគំនិត។ លទ្ធិតថនិយម មានទម្រង់ច្រើន ប៉ុន្តែទម្រង់ទាំងអស់ពន្យល់ថា គំនិតគឺបឋម ហើយរូបធាតុ ប្រសិនបើវាមានឬក៏អត់ គឺមានលំដាប់តូចជាង។ សម្រាប់ពួកតថនិយម គំនិតផ្តាច់ពីរូបធាតុ និងពីធម្មជាតិ។ នេះ គឺជាមនោគតិរបស់លោកហេហ្គេល អំពីគំនិតដាច់ខាត ឬអ្វីដែលនាំឲ្យមានព្រះ។ តថនិយមនៃទស្សនវិជ្ជាបើកផ្លូវឲ្យមានការការពារ ឬការគាំទ្រទៅនឹងជំនឿសាសនា និងអរូបីជំនឿ។ ទស្សននេះមិនត្រឹមតែខុសទេ វាក៏មានលក្ខណៈអភិរក្សយ៉ាងជ្រាលជ្រៅដែរ ហើយនាំយើងទៅរកការសន្និដ្ឋាន ដែលទុទិដ្ឋិនិយម ដែលនិយាយថាយើងមិនអាចយល់អំពីអាថ៌កំបាំងនៃពិភពលោក។ រីឯ លទ្ធិសំភារៈនិយម យល់ថាមនុស្សមិនត្រឹមតែសង្កេតមើលពិភពពិតទេ ប៉ុន្តែអាចកែប្រែវាបាន ហើយការកែប្រែនោះនាំឲ្យមានការផ្លាស់ប្តូរខ្លួនឯង។ទស្សនតថនិយមនៃពិភពលោកដុះចេញពីការបែងចែកកំលាំងពលកម្មរវាងពលកម្មរូបកាយ និងពលកម្មផ្លូវចិត្ត។ ការបែងចែកនេះបង្កើតបានជាការរីកចម្រើនដ៏ធំសម្បើម ដោយសារវាបានរំដោះផ្នែកមួយនៃសង្គមពីការងាររូបកាយ និងអនុញ្ញាតឱ្យពួកគេចំណាយពេលទៅអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប៉ុន្តែនៅពេលដែលពួកគេឃ្លាតចេញឆ្ងាយពី ពលកម្មរូបកាយ គំនិតរបស់ពួកគេចាប់ផ្តើមមានលក្ខណៈអរូបី។ ហើយនៅពេលដែលអ្នកគិត ផ្តាច់គំនិតរបស់ខ្លួនពីពិភពពិត ពួកគេត្រូវបានស្រូបយកគំនិតអរូបីសុទ្ធ ហើយជាលទ្ធិផល បង្កើតបានគំនិតរវើរវាយយ៉ាងច្រើនបែប។ ថ្ងៃនេះ លោហធាតុវិទ្យាត្រូវបានពោរពេញទៅដល់មនោគតិ គណិតវិទ្យាអរូបីដ៏ស្មុគស្មាញ ដែលបាននាំទៅរកទ្រស្តីដ៏ចំលែក និង អស្ចារ្យជាច្រើនគ្រប់ប្រភេទដូចជា៖ ប៊ិកប៊ែង (the Big Bang) ការចាប់ផ្តើមនៃពេលវេលា (beginning of time) និងចក្រវាលប៉ារាឡែលល (parallel universes)។ល។ រាល់ការបំបែកពីការអនុវត្តន៍នាំទៅរកមួយចំហៀងនៃលទ្ធិតថនិយម។ទស្សនសំភារៈនិយម មានប្រវត្តិសាស្រ្តវែងឆ្ងាយរហូតតាំងពីជំនាន់ក្រិកបុរាណនៃលោក អាណាហ្សាគូរ៉ា (Anaxagoras) (គ.៥០០–៤២៨ មុនគ.ស) និងលោក ដេម៉ូខ្រៃតិស (Democritus) (គ.៤៦០ – គ.៣៧០ មុនគ.ស)។ ដោយសារតែការដួលរលំនៃក្រិក បុរាណ ទស្សនវិស័យសមហេតុផលនេះត្រូវបានបំផ្លេចចោលសម្រាប់សម័យប្រវត្តិសាស្រ្តទាំងមូល ហើយមានតែបន្ទាប់ពីការរស់ឡើងវិញនៃគំនិត ដែលចេញមកពីមរណភាពនៃមជ្ឈិមសម័យគ្រិស្តបរិស័ទ ដែលមានការនិយមឡើងវិញនៃទស្សនវិជ្ជា និងវិទ្យាសាស្រ្ត ធម្មជាតិ។ ចាប់ពីសតវត្សទី១៧ កំណើតនៃលទ្ធិសំភារៈនិយមទំនើប គឺនៅប្រទេស អង់គ្លេស។ លោកម៉ាក់ សរសេរថា «បុព្វការិជនពិតនៃលទ្ធិសំភារៈនិយមអង់គ្លេស គឺលោក បេខិន (Bacon)។» លទ្ធិសំភារៈនិយមរបស់លោកហ្រ្វានស៊ីស បេខន (Francis Bacon) (១៥៦១ - ១៦២៦) បានបង្កើតជាប្រព័ន្ធ ហើយបានអភិវឌ្ឍន៍ដោយលោក ថូម៉ាស់ ហបស៍ (Thomas Hobbes) (១៥៨៨ - ១៦៧៩) ដែលគំនិតរបស់គាត់ត្រូវបានអភិវឌ្ឍន៍ដោយលោកចន ឡក (John Locke) (១៦៣២ - ១៧០៤)។ លោកចន ឡក បានគិតរួចហើយថារូបធាតុអាចជាអំណាចនៃការគិត។ វាមិនមែនជារឿងចៃដន្យទេ ដែលការរីកចម្រើនទាំងនេះក្នុងគំនិតមនុស្ស គឺស្របទៅនឹងការកើនឡើងនៃវណ្ណៈគហបតី និងការរីកចម្រើនដ៏អស្ចារ្យនៅក្នុងវិទ្យាសាស្រ្ត ជាពិសេសក្នុងយន្តសាស្រ្ត តារាសាស្រ្ត និងវេជ្ជសាស្រ្ត។ អ្នកគិតដ៏អស្ចារ្យនេះក៏បានផ្តល់អ្វីៗសំខាន់ សម្រាប់សាលាសំភារៈនិយមបារាំងនាសតវត្សទី១៨ ជាពិសេសលោករេណេ ដេកាត (René Descartes) (១៥៩៦ - ១៦៥០)។លទ្ធិសំភារៈនិយម និងសនិទាននិយមរបស់ពួកគាត់ក្លាយទៅជាជំនឿនៃការធ្វើបដិវត្តន៍បារាំងឆ្នាំ ១៧៨៩។ អ្នកគិតបដិវត្តន៍ទាំងនេះមិនយល់ស្របជាមួយអំណាចខាងក្រៅ។ ទាំងជំនឿសាសនា វិទ្យាសាស្រ្តធម្មជាតិ សង្គម និងស្ថាប័ននយោបាយ ត្រូវបានគេរិះគន់។ ហេតុផល ត្រូវបានក្លាយជារង្វាស់នៃអ្វីៗគ្រប់យ៉ាង។ទស្សនៈវិស័យសំភារៈនិយមនេះ គឺជាទស្សនវិជ្ជាបដិវត្តន៍ ហើយត្រូវបានគាំទ្រដោយលោក ហូលបាក (Holbach) (១៧២៣ - ១៧៨៩) និងលោកហេលវីទាស (Helvitius)។ លោក ហូលបាក ថ្លែងថា «ចក្រវាលជាការរួបរួមដ៏ធំធេងនៃអ្វីៗទាំងអស់ដែលមាននៅ គ្រប់ទីកន្លែងវាបង្ហាញឲ្យយើងឃើញតែរូបធាតុធ្វើចលនា» គាត់និយាយបន្ថែមទៀតថា «នេះជាអ្វីទាំងអស់ដែលមាន ហើយវាបង្ហាញអំពីខ្សែសង្វាក់នៃហេតុ និងសកម្មភាព។ យើងដឹងអំពីហេតុខ្លះ ដោយសារវាប៉ះពាល់ដល់វិញ្ញាណរបស់យើងភ្លាមៗ ខ្លះទៀតយើងអត់ដឹងដោយសារវាប៉ះពាល់យើងតាមមធ្យោបាយនៃផលវិបាក ខុសពីបុព្វហេតុដំបូង។»ទស្សនវិជ្ជាសនិទាននេះ គឺជាការឆ្លុះបញ្ជាំងមនោគមវិជ្ជារបស់ពួកបដិវត្តន៍វណ្ណៈគហបតីទល់ទៅនឹងសាសនាចក្រ របបអភិជន និងរបបរាជានិយមដាច់ខាត។ វាតំណាងឱ្យការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើមនោគមវិជ្ជានៃសណ្តាប់ធ្នាប់ចាស់។ ជាចុងក្រោយ អាណាចក្រនៃហេតុផលមិនក្លាយទៅជាអ្វីក្រៅពីអាណាចក្រសុក្រិត្យភាពនៃវណ្ណៈគហបតីទេ។ ទ្រព្យសម្បត្តិវណ្ណៈគហបី បានក្លាយទៅជាសិទ្ធិដ៏សំខាន់របស់មនុស្ស។ ពួកសំភារៈនិយមបដិវត្តន៍ បានបង្កើតផ្លូវឲ្យសង្គមគហបតីថ្មី និងការត្រួតត្រានៃទម្រង់ថ្មីនៃកម្មសិទ្ធិឯកជន។ លោកដេនីស ឌីដេរ៉ូត (Denis Diderot) (១៧១៣ - ១៧៨៤) បានថ្លែងថា «ពេលវេលាខុសគ្នា កាលៈទេសៈខុសគ្នា ទស្សនវិស័យខុសគ្នា។ »ពិតមែនដែលលទ្ធិសំភារៈនិយមថ្មីនេះមានការរីចម្រើនបដិវត្តន៍ទៅមុខ ប៉ុន្តែវាមានទំនោរទៅជារឹង។ ទស្សនវិទូថ្មីនេះបានរិះគន់ខាងព្រះវិហារ ហើយបានបដិសេធទៅភាពគ្រប់គ្រាន់នៃព្រលឹង ហើយចាត់ទុកមនុស្សថាគ្រាន់តែជារូបកាយសំភារៈដូចសត្វដទៃទៀត និងរូបកាយអសរីរាង្គ។ មនុស្សបានចាត់ទុកជាយន្តការស្មុកស្មាញ និងប្រណិតជាងរូបកាយដទៃទៀត។ យោងតាមស្នាដៃគោលការណ៍ Man the Machine របស់លោកឡា មេទ្រី (La Mettrie) (១៧០៩ - ១៧៥១) គាត់និយាយថា «យើងជាឧបករណ៍ដែលផ្តល់នូវអារម្មណ៍ និងការចងចាំ។ »ចំពោះពួកសំភារៈនិយមជនជាតិបារាំង ដើមកំណើតនៃចំណេះដឹង ដែលជាការរកឃើញនៃវត្ថុវិស័យពិត បានដាក់សកម្មភាពនៃធម្មជាតិនៅលើវញ្ញាណរបស់យើង។ ភព និងទីកន្លែងរបស់មនុស្សក្នុងប្រព័ន្ធព្រះអាទិត្យ និងធម្មជាតិ គឺមិនប្រែប្រួល។ សម្រាប់ពួកគាត់ ពិភពប្រៀបដូចជានាឡិកា ដែលអ្វីៗទាំងអស់មានកន្លែងរឹងត្អឹងសមហេតុផល ហើយកម្លាំងជំរុញចលនាបានមកពីខាងក្រៅ។ វិធីសាស្រ្តរបស់ពួកគាត់ គឺតាមសំភារៈនិយមពិតមែន ប៉ុន្តែវាមិនទូលំទូលាយ នេះហើយវាមិនអាចយល់ដឹងអំពីការរស់នៅពិតនៃពិភពលោក។ វាមិនអាចយល់អំពីចក្រវាលជាដំណើរការមួយ ឬអំពីរូបធាតុដែលកំពុងមានដំណើរការផ្លាស់ប្តូរជាបន្តបន្ទាប់។ ចំណុចខ្សោយនេះបាននាំទៅរកភាពខុសឆ្គងរវាងពិភពសំភារៈ និងពិភពនៃគំនិត។ ទ្វិកនិយម (dualism) នេះ បានបើកទ្វារទៅរកលទ្ធិតថនិយម។អ្នកខ្លះប្រកាន់ទស្សនវិស័យឯកសមាសភាពនិយម (monist view) ដែលជឿថាចក្រវាលជាប្រព័ន្ធមួយដែលមិនមែនជាវិញ្ញាណបរិសុទ្ធ ឬរូបធាតុបរិសុទ្ធទេ។ លោកស្ពីណូហ្សា (Spinoza) ជាបុគ្គលដំបូងដែលបានសិក្សាអំពីប្រព័ន្ធបែបនេះ។ គាត់គិតថាយើងត្រូវការព្រះ ប៉ុន្តែគាត់យល់ឃើញថាចក្រវាលជាប្រព័ន្ធតែមួយទេ ដែលពោរពេញទៅដល់រូបធាតុពីដើមដល់ចុង។វិចារវិទ្យា និងបរមតវិជ្ជាទស្សនម៉ាក្សនិយមនៃពិភពលោកមិនត្រឹមតែសំភារៈនិយមទេ ប៉ុន្តែក៏ជាវិចារវិទ្យាដែរ។ សម្រាប់អ្នករិះគន់ វិចារវិទ្យាត្រូវបានគេចាត់ទុកជាអាថ៌កំបាំងទាំងស្រុង ហើយដូច្នេះវាគ្មានទាក់ទងទៅនឹងអ្វីៗទេ ប៉ុន្តែនេះពិតជាមិនត្រូវ។ វិធីសាស្រ្តវិចារវិទ្យាគ្រាន់តែជាការប្រឹងប្រែងចង់យល់បន្ថែមអំពីពិភពលោកពិត ដែលពឹងពាក់អាស្រ័យគ្នារបស់យើង។ លោកអង៉ហ្គេល សរសេរក្នុងសៀវភៅ Anti-Duhring ថា «វិចារវិទ្យាគ្មានអ្វីលើសពី វិទ្យាសាស្រ្តនៃច្បាប់ទូទៅនៃចលនា និងការអភិវឌ្ឍន៍នៃធម្មជាតិ មនុស្ស សង្គម និងគំនិតទេ។ » និយាយឲ្យខ្លី វាជាតក្កវិជ្ជានៃចលនា។មនុស្សទាំងអស់គ្នាដឹងហើយថាយើងមិនរស់នៅក្នុងពិភពមិនចេះប្រែប្រួលទេ។ ជាការពិតទៅអ្វីៗទាំងអស់ក្នុងធម្មជាតិ គឺនៅស្ថិតក្នុងស្ថានភាពនៃការផ្លាស់ប្តូរថេរ។ លោកអង់ហ្គេល ពន្យល់ថា «ចលនាជារបៀបនៃអត្តិភាពនៃរូបធាតុ » និង «នៅទីណាគ្មានអ្វី ដែលមានចលនាដោយគ្មានរូបធាតុទេ ហើយក៏មិនអាចមានដែរ។ » ភពផែនដីវិលជុំវិញអក្សរបស់វាជាបន្តបន្ទាប់ ហើយជាលទ្ធផលវាវិលជុំវិញព្រះអាទិត្យ។ នេះហើយបានយើងមាន ពេលថ្ងៃ និងពេលយប់ និងរដូវកាលផ្សេងៗគ្នា ដែលយើងជួបប្រទះក្នុង១ឆ្នាំ។ យើងកើត ធំឡើង ចាស់ឡើង ហើយក៏ស្លាប់ទៅបាត់។ អ្វីៗគ្រប់យ៉ាងធ្វើចលនា មានការផ្លាស់ប្តូរ តាមរយះការកើនឡើង និងអភិវឌ្ឍន៍ ឬចុះអន់ និងស្លាប់។ រាល់លំនឹងគ្រាន់តែជាទំនាក់ទំនង ហើយវាមានន័យក្នុងលក្ខខណ្ឌ ដែលវាមានទំនាក់ទំនងជាមួយទម្រង់ផ្សេងទៀតនៃចលនា។លោកអង់ហ្គេល កត់សំគាល់ថា «នៅពេលលយើងពិចារណា និងសញ្ជឹងគិតដល់ធម្មជាតិ ឬប្រវត្តិសាស្រ្តមនុស្ស ឬសកម្មភាពបញ្ញារបស់យើង ដំបូងយើងឃើញថាវាមានការជាប់គាំង គ្មានទីបញ្ចប់នៃទំនាក់ទំនង និងប្រតិកម្ម ការផ្លាស់ប្តូរ និងការបន្សំ ដែលគ្មានអ្វីនៅសល់ ប៉ុន្តែអ្វីៗទាំងអស់ធ្វើចលនា ផ្លាស់ប្តូរ មានកើតជាមនុស្ស-ជាសត្វលោក ហើយមានការស្លាប់ទៅវិញ។» គាត់និយាយតថា «ហេតុនេះហើយ យើងឃើញជាដំបូងរូបភាពទាំងមូល ដែលមានផ្នែកនីមួយៗរបស់វាច្រើន ឬតិចនៅតែរក្សាទុកនៅក្នុងទីកំបាំង យើង សង្គេតឃើញចលនា ការផ្លាស់ប្តូរ និងទំនាក់ទំនងជាជាងអ្វី ដែលធ្វើចលនា ដែលបន្សំ ដែលមានទំនាក់ទំនង។ គំនិតនៃពិភពលោកនេះ គឺជាទស្សនវិជ្ជាក្រិកបុរាណ ហើយបានបង្កើតឡើងយ៉ាងច្បាស់លាស់ជាលើកដំបូងដោយលោកហេរាខ្លាតិស៖ អ្វីៗទាំងអស់ជា និងមិនជា ព្រោះអ្វីទាំងអស់ៗសុទ្ធតែងាយកែប្រែទ្រង់ទ្រាយ មានការប្រែប្រួលឥតឈប់ឈរ ហើយមានការកើតជាមនុស្ស ជាសត្វលោកឥតឈប់ឈរ និងមានការស្លាប់ទៅវិញ។»ពួកក្រិកបានរកឃើញគំនិតបដិវត្តន៍ និងជឿនលឿនយ៉ាងច្រើនក្នុងវិទ្យាសាស្រ្តធម្មជាតិ។ លោកអាណាហ្សីម៉ាណដឺ (Anaximander) បង្កើតបានផែនទីនៃពិភពលោក ហើយ សរសេរសៀវភៅអំពីលោហធាតុវិទ្យា។ យន្តការអានធីគីធារ៉ា (Antikythera) ហាក់បីដូចជាកាកសំណល់នៃយានអាវកាស ដែលមានអាយុចាប់តាំងពីសតវត្សទី១មុនគ.ស.។ ដោយសារតែចំណេះដឹងមានគំរិតខ្លាំងនាសម័យពេលនោះ មនុស្សជាច្រើនតែងធ្វើការ ទស្សន៍ទាយ។ នៅក្រោមសង្គមទាសករ ការច្នៃប្រឌិតដ៏អស្ចារ្យនេះមិនអាចបំពេញការប្រើប្រាស់ប្រកបដោយផលិតភាពទេ ហើយបានគេចាត់ទុកវាជារបស់លេងសម្រាប់ការកម្សាន្ត។ ការជឿនលឿនពិតក្នុងវិទ្យាសាស្រ្តធម្មជាតិកើតឡើងកណ្តាលសតវត្សទី១៥។ វិធីសាស្រ្តថ្មីនៃការស៊ើបអង្គេតតំណាងឲ្យការបែងចែកនៃធម្មជាតិទៅជាពីរផ្នែកខុសៗគ្នា ដែលអនុញ្ញាត្តឲ្យវត្ថុ និងដំណើរការត្រូវបានចាត់ថ្នាក់។ នេះផ្តល់មកឲ្យទិន្នន័យយ៉ាងច្រើន ប៉ុន្តែវត្ថុទាំងនោះ គឺត្រូវបានគេសង្កេតមើលដោយឯងៗ មិននៅក្នុងបរិស្ថានរស់នៅរបស់វា។ នេះផលិតបានគំនិតនៃបរមតវិជ្ជា ហើយចង្អៀត និងរឹង ដែលបានក្លាយជាលក្ខ័ណសញ្ញានៃពិសោធនិយម (empiricism)។ «ការណ៍ពិត» ក្លាយទៅជាមុខងារសំខាន់ទាំងអស់។ តួឌីខេនសៀនលោក (Dickensian character) ឈ្មោះ ថូម៉ាស ក្រាដក្រែន (Thomas Gradgrind) ក្នុងសៀវភៅ Hard Times និយាយថា «ឥឡូវអ្វីដែលខ្ញុំចង់បាន គឺការណ៍ពិត។ បង្រៀនកុមារា និងកុមារីនេះអ្វីមិនខុសពីការណ៍ពិត។ ការណ៍ពិត គឺជាអ្វីដែលគេចង់បានក្នុងជីវិត។»លោកអង់ហ្គេល ថ្លែងថា «សម្រាប់ពួកបរមតវិជ្ជា វត្ថុនិងរ៉េផ្លិចផ្លូវចិត្តរបស់វា គំនិតមនោគម គឺនៅតែឯង ហើយត្រូវបានគេចាត់ទុកវាជាបន្តបន្ទាប់ពីគ្នា និងដោយឡែកពីគ្នា ហើយជាវត្ថុនៃការស៊ើបអង្គេតថេរ រឹង និងផ្តល់ទិន្នន័យឱ្យម្តងសម្រាប់ទាំងអស់។» គាត់និយាយត «ពួកគេគិតក្នុងប្រតិនិក្ខេបបទដែលគ្មានការសម្រុះសម្រួល។ ការនិយាយស្តីរបស់គេគឺ ហ្នឹង ហ្នឹង មែនទេ មែនទេ សម្តីអ្វី ដែលលើសពីនេះ គឺលើសពីអំពើអាក្រក់។» សម្រាប់ពួកគាត់ អ្វីៗគឺមាន ឬក៏មិនមាន។ អ្វីៗមិនអាចជាអ្វីផ្សេងពីខ្លួន ឬជាខ្លួនក្នុងរយះពេលតែមួយទេ។ វិជ្ជមាន និងអវិជ្ជមានដាច់ខាតមិនបញ្ជូលគ្នា។ បុព្វហេតុ និងឥទ្ធិពលឈរនៅក្នុង ប្រតិនិក្ខេបបទយ៉ាងតឹងរឹងពីគ្នាទៅវិញទៅមក។«ពេលសង្កេតមើលដំបូង របៀបនៃការគិតនេះហាក់ដូចជាងាយយល់ណាស់ព្រោះតែវាជាសុភវិនិច្ឆ័យ។ មានតែសុភវិនិច្ឆ័យទេ ដែលធ្ចើដំណើរផ្សងព្រេងចូលទៅក្នុងពិភពស្រាវជ្រាវដ៏ធំទំលាយ។ ឯរបៀបនៃការគិតបែបអរូបី ដែលសមហេតុសមផល និងមានភាពចាំបាច់ ដូច ដែលចំនួននៃដែនរបស់វា ដែលផ្នែករបស់វាផ្លាស់ប្តូរទៅតាមធម្មជាតិនៃគោលបំណងនៃការស៊ើបអង្កេត មិនយូរប៉ុន្មានវានឹងសម្រេចដល់ដែនកំណត់ ហើយវានឹងនៅមានតែម្ខាង មានព្រំដែន ជាអរូបី ហើយវង្វេងក្នុងភាពប្រឆាំង។ ក្នុងការសញ្ជឹងគិតអំពីរឿងនីមួយៗ វាភ្លេចអំពីទំនាក់ទំនងរវាងរឿងទាំងនោះ។ ក្នុងការសញ្ជឹងគិតអំពីអត្តិភាពនៃរឿងទាំងនោះ វាភ្លេចអំពីប្រភពដើម និងចុងបញ្ជប់នៃអត្តិភាពនោះនៃសេចក្តីស្ងប់របស់វា វាបំភ្លេចចោលចលនារបស់វា វាមិនអាចមើលឃើញឈើរបស់ដើមឈើរទេ។»លោកអង់ហ្គេល បន្តពន្យល់ថាសម្រាប់ការយល់ដឹងប្រចាំថ្ងៃ យើងអាចកំណត់ថាសត្វវានៅរស់ ឬវាមិននៅរស់។ ប៉ុន្តែតាមការពិនិត្យបន្ថែម យើងនឹងយល់ឃើញការកំណត់នេះជារឿង មិស្សភាព។ សព្វថ្ងៃនេះ យើងមានការជជែកដេញដោលអំពីថា តើជីវិតចាប់នៅពេលណានៅក្នុងស្បូនរបស់ម្តាយ។ យើងក៏៏ពិបាកនឹងនិយាយថា តើពេលណាឲ្យពិតប្រាកដទៅដែលជីវិតរបស់យើងបានបាត់បង់ ព្រោះថាសរីរវិទ្យាបង្ហាញភស្តុតាងថា មរណភាពមិនមែនជាសកម្មភាពភ្លាមៗទេ តែគឺជាដំណើរការអូសបន្លាយ។ ក្នុងសម្តីដ៏អស្ចារ្យរបស់ទស្សនវិទូជនជាតិក្រិកលោក ហេរ៉ាខ្លៃតិស «វាជារឿងដូចគ្នាទេអ្វីដែលមាននៅក្នុងយើង រស់ និងស្លាប់ គេងលក់ និងគេងមិនលក់ ក្មេង និងចាស់ ទាំងអស់នេះវាផ្តូរកន្លែងគ្នា ហើយក្លាយទៅជាគ្នា។ យើងបោះជំហាន និងមិនបោះជំហានចូលទៅក្នុងចរន្តដូចគ្នា។ យើងគឺជា ហើយយើងក៏មិនគឺជា។»សព្វគ្រប់អ្វីៗទាំងអស់ គឺមិនដូចទៅនឹងអ្វីដែលវាបង្ហាញចេញទេ។ គ្រប់ប្រភេទ គ្រប់ផ្នែកនៃជីវិតសរីរាង្គ គឺដូចគ្នា និងមិនដូចគ្នានៅគ្រប់ពេលវេលា។ វាអភិវឌ្ឈន៍តាមការប្រមូលរូបធាតុ ហើយស្របទៅនឹង វាបោះចោលរូបធាតុដែលមិនត្រូវការ។ កោសិកាខ្លះស្លាប់ម្តងហើយម្តងទៀត ឯកោសិកាខ្លះត្រូវបានបន្តជាថ្មី។ យូរៗទៅ រាងកាយត្រូវបានផ្លាស់ប្តូរទាំងស្រុង។ ដូច្នេះហើយ រាល់អង្គភាពសរីរាង្គ គឺជាខ្លួនវា ហើយមិនមែនជាខ្លួនវា។បាតុភូតនេះមិនអាចពន្យល់បានតាមគំនិតអរូបី ឬតក្កវិជ្ជាផ្លូវការទេ មធ្យោបាយនឹង គឺមិនអាចពន្យល់អំពីភាពប្រឆាំងគ្នាទេ។ ការប្រឆាំងគ្នាភាពពិតនេះ មិនចូលទៅក្នុងអាណាចក្រនៃការរកហេតុផលសុភវិនិច្ឆ័យទេ។ រីឯវិចារវិទ្យាវិញ អាចពន្យល់អំពីអ្វីៗក្នុងការតភ្ជាប់ ការអភិវឌ្ឍន៍ និងចលនារបស់វា។ លោកអង់ហ្គេល និយាយថា «ធម្មជាតិជាភស្តុតាងនៃ វិចារវិទ្យា។»នេះជារបៀបដែលលោកអង់ហ្គេល ពន្យល់អំពីដំណើរការដែលសម្បូរណ៍នៃការផ្លាស់ប្តូរក្នុងសៀវភៅរបស់គាត់ the Dialectics of Nature៖ «រូបធាតុធ្វើចលនាក្នុងវត្តជានិរន្តន៍ ដោយបញ្ចប់គន្លងរបស់វាក្នុងរយៈពេលដ៏ធំធេង ដែលបើប្រៀបធៀបវានឹងយើង រយះពេលឆ្នាំនៅលើផែនដីរបស់យើងគឺខ្លីណាស់។ ក្នុងមួយវត្តដែលកំឡុងពេលនៃការអភិវឌ្ឍន៍ខ្ពស់បំផុត ពោលគឺអំឡុងពេលនៃជីវិតសរីរាង្គមានសមិទ្ធិផលរបស់វា។ ការមានសតិអារម្មណ៍ខ្លួនឯង ជាចន្លោះអវកាស ដែលប្រៀបដូចជាមួយនាទីក្នុងប្រវត្តិសាស្រ្តនៃជីវិត និងការដឹងខ្លួន។ វាស្ថិតនៅក្នុងវត្ត ដែលគ្រប់ទម្រង់នៃអត្តិភាពនៃរូបធាតុ ទាំងព្រះអាទិត្យ ទាំងនៃនេប៊ូឡា ទាំងសត្វ ឬប្រភេទសត្វមួយ ទាំងធាតុផ្សំគីមី ឬបំបែកធាតុគីមី ទាំងអស់នេះគឺនៅក្នុងដំណើរការផ្លាស់ប្តូរ។ វាស្ថិតនៅក្នុងវត្ត ដែលគ្មានអ្វីជាអនន្ត ក្រៅពីការផ្លាស់ប្តូរជាអនន្ត ចលនារូបធាតុជាអនន្ត និងច្បាប់នៃចលនា និងការផ្លាស់ប្តូរ។ ទោះជាយ៉ាងណា មិនប្រកាន់ថាប៉ុន្មានដងទេ ដែលវត្តនេះមានភាពជោគជ័យក្នុងពេលវេលា និងចន្លោះអវកាស មិនប្រកាន់ទេថាព្រះអាទិ្យ និងភពផែនដីរះ ឬលិចប៉ុន្មានដង មិនប្រកាន់ទេថាយើងនឹងជីវិតនៃសរីរាង្គក្នុងប្រព័ន្ធពន្លឺព្រះអាទិត្យផ្សេង មិនប្រកាន់ទេថាមនុស្សសត្វនឹងកើត ហើយស្លាប់ ពីព្រោះយើងដឹងហើយថា រូបធាតុក្នុងការផ្លាស់ប្តូររបស់វានឹងនៅតែរក្សាភាពដូចគ្នាជាអនន្ត។ វាមិនអាចបាត់បង់ វានឹងមានការកើតឡើងម្តងហើយម្តងទៀតនៅទីកន្លែងផ្សេង និងពេលវេលាផ្សេង។»ស្របពេលហ្នឹង និងបន្ទាប់ពីទស្សនវិជ្ជាបារាំងនាសតវត្សទី១៨ បានក្រោកឡើងនៃ ទស្សនវិជ្ជាអាឡឺម៉ង់មូលវិវដ្តនិយមថ្មី។ តាមរយះលោកអ៊ីម៉ាណូអ៊ែល ខាន់ (Immanuel Kant) ដែលជាអ្នកកំពូលនៃទស្សនវិជ្ជានេះ ត្រូវបានសរុបសេច្តីដោយប្រព័ន្ធរបស់លោក ចច វិលហេម ហ្រ្វីដ្រិក ហេហ្គេល (Georg Wilhelm Friedrich Hegel) គាត់ជាបុគ្គលម្នាក់ដែលកោតសរសើរបដិវត្តន៍បារាំងណាស់។ លោកហេហ្គេល ថ្វីត្បិតជាអ្នកតថនិយម តែមានគំនិតសព្វវចនាធិប្បាយជាងគេសម្រាប់អាយុរបស់គាត់។ ការចូលរួមចំណែកដ៏ អស្ចារ្យរបស់គាត់ គឺជាការជួយសង្រ្គោះរបៀបនៃការគិតបែបវិចារវិទ្យា ដែលបានបង្កើតឡើងដំបូងដោយទស្សនវិទូក្រិកបុរាណប្រហែល២០០០ឆ្នាំមុន។លោកហេហ្គេល សរសេរថា «ការប្រែប្រួលដែលមាននៅក្នុងជីវភាពមិនមានត្រឹមតែការឆ្លងកាត់ពីបរិមាណទៅគុណភាពទេ តែក៏មានការឆ្លងកាត់ពីគុណភាពទៅបរិមាណដែរ និងច្រាសមកវិញ» និង «រាល់ការផ្លាស់ប្តូរនៃប្រភេទចុងក្រោយតំណាងឲ្យការរំខានមួយ ហើយការរំខាននោះផ្តល់ឲ្យបាតុភូតមួយផ្នែកថ្មីទៀត ដែលមានលក្ខណៈគុណភាពខុសពី មុន។ ហេតុនេះហើយ ទឹកនៅពេលដែលវាត្រជាក់ចាប់ផ្តើមឡើងរឹង មិនជាបណ្តើរៗទេ... ប៉ុន្តែត្រជាក់ទាំងស្រុងក្នុងពេលតែមួយ នៅពេលដែលវាត្រជាក់ដ់ល់ចំណុចកក វានៅតែអាចជាអង្គធាតុរាវបាន លុះត្រាតែវារក្សាបាននូវស្ថានភាពស្ងប់ស្ងាត់ ហើយបន្ទាប់មកការផ្លាស់ប្តូរតិចតួចបំផុតអាចធ្វើឲ្យវារឹងត្រជាក់ភ្លាមៗ... ក្នុងពិភពនៃបាតុភូតសីលធម៌... មានការផ្លាស់ប្តូរស្រដៀងគ្នានៃបរិមាណទៅជាគុណភាព ហើយភាពខុសគ្នាក្នុងគុណភាពក៏ដោយសារតែភាពខុសគ្នាក្នុងបរិមាណផងដែរ។ ដូច្នេះ តិចជាងបន្តិច ឬច្រើនជាងបន្តិច មានឥទ្ធិពលក្នុងការហួសដែនកំណត់នៃទីបញ្ជប់របស់ភាពឥតបានការ និងនៅទីនោះនឹងមានអ្វីផ្សេងកើតឡើង។» (ក្នុងសៀវភៅ Science of Logic)កិច្ចការរបស់លោកហេហ្គេល សម្បូរទៅដោយឯកសារយោង និងឧទាហរណ៍នៃវិចារវិទ្យា។ គួរឲ្យស្តាយដែរដែលលោកហេហ្គេល មិនមែនតែជាអ្នកតថនិយមទេ តែក៏ជានបុគ្គលម្នាក់ដែលសរសេរក្នុងរបៀបមិនជាក់លាក់ និងពិបាកយល់ ហើយនាំឲ្យកិច្ចការរបស់គាត់ពិបាកអាន។ លោកលេនីន នៅពេលដែលអានកិច្ចការរបស់លោកហេហ្គេល ឡើងវិញអំឡុងពេលកំពុងនិរទេសខ្លួនក្នុងសង្រ្គាមលោកលើកទី១បានសរសេរថា៖ «ខ្លុំកំពុងខំប្រឹងអានកិច្ចការលោកហេហ្គេល ជារបៀបសំភារៈនិយម៖ លោកហេហ្គេល ជាលទ្ធិសំភារៈនិយម ដែលបានឈរនៅលើក្បាលខ្លួនឯង (យោងតាមលោកអង់ហ្គេល)។ ចង់និយាយថាខ្ញុំបោះចោលព្រះ សេចក្តីដាច់ខាត គំនិតមនោគមបរិសុទ្ធ។ល។» លោកលេនីន មានអារម្មណ៍ស្ងើចចំពោះលោកហេហ្គេល ហើយទោះបីជាគាត់ជាអ្នកតថនិយម លោកលេនីន ក្រោយមកបង្គាប់ឲ្យពួកកុម្មុយនិស្តវ័យក្មេងសិក្សាសំណេររបស់គាត់។បុរសវ័យក្មេង ម៉ាក់ និង អង់ហ្គេល គឺជាអ្នកគាំទ្រមហាលោកហេហ្គេល។ ពួកគាត់រៀនបានយ៉ាងច្រើនពីលោកគ្រូម្នាក់នេះ។ គាត់បានបើកភ្នែករបស់ពួកគាត់ទៅនឹងទស្សនវិស័យថ្មីអំពីពិភពលោក ដែលបង្ហាញពីវិចារវិទ្យា។ ដោយប្រកាន់យកវិចារវិទ្យាលោក ហេហ្គេល បានរំដោះប្រវត្តសាស្រ្តចេញពីបរមតវិជ្ជា។ សម្រាប់វិចារវិទ្យា គ្មានអ្វីដែលជាទីបញ្ជប់ ដាច់ខាត ឬពិសិដ្ឋទេ។ វាបង្ហាញពីលក្ខណៈមិនអចិន្រ្តៃយ៍នៃអ្វីៗទាំងអស់។ ទោះជាយ៉ាងណា ចំណេះដឹងរបស់លោកហេហ្គេល មានការកំណត់ ដូចជាចំណេះដឹងនៃអាយុរបស់គាត់ និងហេតុដែលគាត់ជាអ្នកតថនិយម។ គាត់ចាត់ទុកគំនិតក្នុងខួរក្បាល ជាអ្វីដែលមិនច្រើនជាង ឬតិចជាងរូបភាពអរូបីនៃអ្វីៗដែលពិត និងដំណើរការទេ។ គាត់ចាត់ទុកវាជាការយល់ដឹងនៃគំនិតមនោគមដាច់ខាត (Absolute Idea) ដែលមានស្រាប់ពីភាពអស់កល្បជានិច្ច។ លទ្ធិតថនិយមរបស់លោក ហេហ្គេល (Hegel) ត្រូវបានប្រែក្លាយការពិតជាអ្វីផ្សេងថ្មី។យ៉ាងណាក៏ដោយលោក ហេហ្គេល បានធ្ចើគម្រោងប្រព័ន្ធស្តីពីសារៈសំខាន់នៃច្បាប់នៃការផ្លាស់ប្តូរ។ច្បាប់នៃបរិមាណទៅជាគុណភាព (និងផ្ទុយមកវិញ) [The law of quantity into quality (and vice versa)]លោក ហេហ្គល (Hegel) បាននិយាយថា «មនុស្សបានជឿថា នៅក្នុងធម្មជាតិ គឺមិនមានការផ្លាស់ប្តូរភ្លាមៗនោះទេ ហើយជាធម្មតាគេជឿថា ជាទូទៅវត្ថុទាំងឡាយមានដើមកំណើត ដែលប្រែប្រួលឡើងចុះបន្តិចម្តងៗ។» គាត់និយាយបន្តថា «ប៉ុន្តែនៅក្នុងធម្មជាតិក៏មានសកម្មភាពណា ដែលបញ្ជាក់អំពីការផ្លាស់ប្តូរយ៉ាងភ្លាមៗពីបរិមាណទៅគុណភាព។ ឧទាហរណ៍ថា៖ នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ ទឹកមិនរឹងបន្តិចម្តងៗទេ។ ផ្ទុយទៅវិញ ពេលវាឈានដល់ចំណុចជាក់លាក់មួយ វាប្រែក្លាយទៅជាទឹកកកភ្លាមៗ។ នេះបានបង្ហាញពីរបៀបនៃការផ្លាស់ប្តូរបរិមាណអាចនាំទៅរកការផ្លាស់ប្តូរភ្លាមៗទៅជាគុណភាព វាជាការផ្លាស់ប្តូរលក្ខណៈនៃអ្វីមួយក្នុងធម្មជាតិ។» (Logic)នេះ គឺជាមូលដ្ឋានគ្រឹះនៃការយល់ដឹងអំពីការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរ ឬការវិវត្តន៍មិនកើតឡើងបន្តិចម្តងៗនៅលើបន្ទាត់ត្រង់នោះទេ។ លោកម៉ាក់ បានប្រៀបធៀបការបដិវត្តន៍សង្គមទៅនឹងសត្វកំពីងដូងចាស់មួយក្បាលដែលកំពុងជីករូងនៅក្រោមដី ដែលមិនអាចមើលឃើញក្នុងរយៈពេលដ៏យូរ ប៉ុន្តែវាធ្វើឲ្យខូចសណ្តាប់ធ្នាប់លំដាប់ចាស់ ហើយក្រោយមកបានលេចចេញក្នុងការក្រឡាប់លំដាប់ចាស់មួយរំពេច។ សូម្បីតែលោក ឆាលស៍ ដាវីន (Charles Darwin) ជឿថាទ្រឹស្ដីនៃការវិវត្តន៍របស់គាត់មានលក្ខណៈជាលំដាប់និយម ហើយគម្លាតរយះពេលនៅក្នុងកំណត់ត្រាហ្វូស៊ីលគឺមិនតំណាងឱ្យការផ្លាស់ប្តូរ ឬការលោតផ្លោះ នៅក្នុងការវិវត្តន៍ណាមួយឡើយ ហើយគម្លាតនោះនឹងត្រូវបាន "បំពេញ" ដោយការរកឃើញបន្ថែមទៀត។ នៅក្នុងចំណុចនេះលោកដាវីន បានយល់ឃើញខុស។ សព្វថ្ងៃនេះ ទ្រឹស្ដីថ្មី ជាពិសេសវិចារវិទ្យា ត្រូវបានគេលើកមកដើម្បីពន្យល់អំពីការលោតផ្លោះក្នុងការវិវត្តន៍។ លោកស្ទេហ្វិន ជេ ហ្គូល (Stephen Jay Gould) និង លោកណែល អេលដ្រិច (Niles Eldredge) បានហៅទ្រឹស្ដីវិចារវិទ្យានៃការវិវត្តន៍របស់ពួកគេថា «លំនឹងវណ្ណយុត្ត» (punctuated equilibrium)។ ពួកគេបានពន្យល់ថា មានរយៈពេលយូរនៃការវិវត្តន៍ ដែលមិនមានការផ្លាស់ប្តូរជាក់ស្តែង និងមិនអាចមើលឃើញបាន ហើយភ្លាមៗនោះស្រាប់តែមានជីវិតថ្មីបានបង្កើត ឬទម្រង់ជីវិតថ្មីបានលេចឡើង។ ម្យ៉ាងវិញទៀត ភាពខុសគ្នានៃបរិមាណបានធ្វើឱ្យមានការផ្លាស់ប្តូរគុណភាព ដែលនាំឱ្យកើតឡើងនូវជំពូកថ្មី។ ការអភិវឌ្ឍន៍ទាំងមូលត្រូវបានកំណត់លក្ខណៈដោយការផ្លាស់ប្តូរឥតឈប់ឈរ ការលោតផ្លោះ ភាពមហន្តរាយ និងបដិវត្តន៍។ប្រហែល ៣.៦ ពាន់លានឆ្នាំមុន ជីវិតកោសិកាតែមួយ (single-cellular life) បានលេចឡើងនៅក្នុងមហាសមុទ្រ ដែលជាជំហានដ៏សំខាន់មួយប្រកបដោយគុណភាពក្នុងការវិវត្តន៍នៃរូបធាតុ។ ប្រហែល ៦00 លានឆ្នាំមុនក្នុងអំឡុងពេលការផ្ទុះខាមប្រៀន (Cambrian explosion) សារពាង្គកាយពហុកោសិកា (multicellular life) ដ៏ស្មុគស្មាញដែលមានរចនាសម្ព័ន្ធរឹងបានលេចឡើងភ្លាមៗ នេះជាជំហានគុណភាពមួយទៀត ដែលកើតមានក្នុងការវិវត្តន៍។ ក្រោយមក នៅក្នុងយុគសម័យផាលីអូហ្សូអិច (Palaeozoic)ប្រហែល ៤00-៥00 លានឆ្នាំមុន ត្រីឆ្អឹងកង (fish vertebrate) បានលេចចេញមក។ រចនាបដិវត្តន៍នេះត្រូវបានលេចធ្លោ ហើយមានភាពជឿនលឿនតាមរយៈនៃថលជលិកសត្វ (amphibians) (សត្វដែលរស់នៅក្នុងទឹកក៏បាន លើគោកក៏បាន) ទាំងតាមរយៈសត្វលូន (reptiles) ហើយជាទីបំផុតបែកចេញទៅជាសត្វដែលមានឈាមក្តៅ (warm-blooded creatures) ដូចជាសត្វស្លាប និងថនិតសត្វ។ ភាពលោតផ្លោះនៃការបដិវត្តន៍ទាំងនេះ បានបណ្តាលឱ្យមនុស្សមានសមត្ថភាពពិសេសក្នុងការគិត។ ការវិវត្តន៍ គឺជា ដំណើរការដ៏វែងមួយ ដែលការផ្លាស់ប្តូរបន្តិចម្តងៗនៃសារពាង្គកាយប្រមូលផ្តុំគ្នា ដែលនាំទៅរកការលោតផ្លោះមួយ ហៅថាស្ថានភាពអភិវឌ្ឍន៍ប្រកបដោយគុណភាព។ដូចគ្នាទៅនឹងសម្ពាធដ៏ធំធេងនៅក្រោមផ្ទៃផែនដី ជាយថាហេតុបង្កឱ្យមានការរញ្ជួយដី ការផ្លាស់ប្តូរបន្តិចម្តងៗនៃការយល់ដឹងរបស់កម្មករអាចនាំឱ្យមានការផ្ទុះឡើងភ្លាមៗនៃការតស៊ូ វណ្ណៈ។ កូដកម្មរោងចក្រ ជាធម្មតាមិនបណ្តាលមកពីជនប្រឆាំងខាងក្រៅទេ ប៉ុន្តែគឺ បណ្តាលមកពីបញ្ហាដែលកំពុងកើតមាននៅក្នុងកន្លែងធ្វើការ ដែលជំរុញឱ្យកម្មករចាត់វិធានការ។ មូលហេតុនៃកូដកម្មអាចជារឿងតូចតាច ដូចជាជម្លោះជុំវិញវស្សមកាល ប៉ុន្តែវាតំណាងឱ្យ «ចំណុចទាញចំបើងចុងក្រោយដែលបំបែកខ្នងរបស់សត្វអូដ្ឋបូកពីរ»។ ព្រឹត្តិការណ៍តូចនេះក្លាយជាកាតាលីករសម្រាប់ការផ្លាស់ប្តូរដ៏សំខាន់ ដែលធ្វើអោយបរិមាណផ្លាស់ប្តូរទៅជាគុណភាព។សព្វថ្ងៃនេះ សំណុំជោគជ័យជាប់ឆ្នោតជាច្រើននៃលទ្ធិខាងឆ្វេងក្នុងសហភាពសហជីពនៅអាណាចក្រប្រទេសអស់គ្លេស ជាលទ្ធផលពីការបង្កើនទុក្ខសោកយូរឆ្នាំមកហើយក្នុងចំណោមសមាជិកសហជីព។ ការវាយប្រហារអស់រយៈពេល ២០ ឆ្នាំទៅលើពួកវណ្ណៈអធន បាននាំមកឱ្យមានការផ្លាស់ប្តូរនៅកំពូលសហជីព។ មានតែអ្នកដែលប្រកាន់យកទស្សនវិជ្ជាម៉ាក្សនិយមប៉ុណ្ណោះដែលអាចទស្សន៍ទាយការអភិវឌ្ឍន៍នេះបាន ដែលដឹងថាមូលដ្ឋាននៅក្នុងស្ថានភាពកម្មវត្ថុកំពុងផ្លាស់ប្តូរ។ ការផ្លាស់ប្តូរអារម្មណ៍ទាំងនេះ ដែលកំពុងតែប្រព្រឹត្តនៅក្នុងសហជីព នឹងមិនជៀសរួចពីការឆ្លុះបញ្ចាំងនៅក្នុងគណបក្សពលកម្មនៅដំណាក់កាលមួយ ដែលនឹងបណ្តាលឱ្យមានការរលាយចោលរបស់លទ្ធិស្ដាំនិយមក្រោមការដឹកនាំរបស់លោកប៊្លែរ (Blair)។ ពួកឆ្វេងជ្រុលនិយម ដែលជាភាគនៅក្រៅនៃចលនា ពលកម្មបានបដិសេធទៅនឹងគណបក្សពលកម្មថាជាស្ថាប័នមួយដែលមិនអាចផ្លាស់ប្តូរ បាន។ ពួកគេមិនមានសមត្ថភាពក្នុងការគិតតាមរបៀបនៃវិចារវិទ្យាទេ ហើយមានទស្សនៈសាមញ្ញ និងផ្ទាល់ប្រការពេក ដែលមើលឃើញតែផ្ទៃខាងក្រៅនៃពិភពពិត។ ពួកគេមិនអាចបែងចែកការពិត ពីសំបកក្រៅបាន។ ពួកគេចង់តែត្អើះត្អែរ «លទ្ធិប៊្លែរនិយមគ្របដណ្តប់លើ គណបក្សការងារ! » ហើយបោះដៃជាសញ្ញាជាការអស់សង្ឈឹម។ ពួកគេត្រូវបានគ្រប់គ្រងដោយតក្កវិជ្ជាផ្លូវការ និងមិនយល់ដឹងអំពីដំណើរការដែលនឹងនាំឲ្យទៅរកភាពមហន្តរាយនៃ លទ្ធិប្ល៊ែរនិយម ហើយក៏នាំទៅរកការរំលាយរបស់វា។ ដូចដែលពួកគេបដិសេធទៅនឹងសហជីពស្ដាំនិយមនៅអតីតកាល ពួកគេក៏បដិសេធទៅនឹងគណបក្សពលកម្មនៅសព្វថ្ងៃ។ ដោយផ្អែកទៅលើព្រឹត្តិការណ៍ និងសម្ពាធដែលកើតឡើងពីចលនាសហជីពបង្វែរឆ្វេង គណបក្សពលកម្មដែលមានឫសស្ថាបនានៅក្នុងសហជីព នឹងច្បាស់ជាដើរតាមទិសដៅដូចគ្នានៅពេលអនាគត។លោកម៉ាក់ បានលើកឡើងថាករណីយកិច្ចរបស់វិទ្យាសាស្ត្រ គឺត្រូវតែវិវត្តពីចំណេះដឹងភ្លាមៗនៃអាការៈខាងក្រៅ ទៅរកការរកឃើញនៃការពិត នៃភាពសំខាន់ និងនៃច្បាប់ដែលស្ថិតនៅខាងក្រោមនៃអាការៈខាងក្រៅ។ សៀវភៅ Capital របស់លោកម៉ាក់ គឺជាឧទាហរណ៍ល្អនៃវិធីសាស្ត្រនេះ។ គាត់បានសរសេរទៅលោកអង់ហ្គេល ថា «វិធីសាស្ត្រនៃការគិតរបស់ពួកសេដ្ឋកិច្ចសាមញ្ញ គឺបង្កើតឡើងតាមរយៈថា វាគ្រាន់តែឃើញទម្រង់ភ្លាមៗជាទំនាក់ទំនងដែលលេចចេញ ហើយឆ្លុះបញ្ចាំងនៅក្នុងខួរក្បាល ប៉ុន្តែមិនឃើញថាវាមានទំនាក់ទំនងខាងក្នុងទេ។» (ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៨៦៧)យើងក៏អាចនិយាយដូចគ្នាសម្រាប់ពួកដែលនិយាយថា សហភាពសូវៀតជា “រដ្ឋមូលធននិយម”។ លទ្ធិស្តាលីននិយម (Stalinism) មិនមានអ្វីដូចគ្នាជាមួយនឹងសង្គមនិយម ឡើយ។ វាជារបបគាបសង្កត់ ដែលកម្មករមានសិទ្ធិតិចជាងពួកកម្មការនៅខាងលិចទៀត ផង។ ក៏ប៉ុន្តែ ពួកគេនៅតែចាត់ថាសហភាពសូវៀតជារដ្ឋមូលធននិយម ដោយមិនប្រើការវិភាគវិទ្យាសាស្រ្តសោះ។ លោកត្រតស្គ៊ី បានពន្យល់ថា ពួកទ្រឹស្តីនិយមនៃរដ្ឋមូលធននិយម យល់ឃើញអំពីសហភាពសូវៀតតាមរយៈទស្សនៈតក្កវិជ្ជាផ្លូការ។ អ្វីៗគឹខ្មៅ ឬក៏ស។ ដូច្នេះ សហភាពសូវៀត គឺជារដ្ឋសង្គមនិយមដ៏អស្ចារ្យដូចដែលពួកស្តាលីននិយមបាននិយាយ ឬក៏វាគឺជារដ្ឋមូលធននិយម។ ការគិតប្រភេទនេះហៅថា ទម្រង់និយមសុទ្ធ (pure formalism)។ លោកត្រតស្គ៊ី ក៏បានពន្យល់ថា ពួកគេមិនយល់ថា រដ្ឋកម្មករ (workers’ state) អាចមានការរសាយទៅជាវ៉ារ្យ៉ង់មួយ ដែលមានទម្រង់ខូចទ្រង់ទ្រាយនៃរបប កម្មករ។ ពិតមែនហើយ ការបដិវត្តន៍នៅក្នុងប្រទេសឯកោដែលថយក្រោយ បានជួបប្រទះទៅនឹងដំណើរការនៃភាពអោនថយ។ ទោះជាយ៉ាងណា ខណៈដែលសេដ្ឋកិច្ចត្រូវបានដឹកនាំដោយរដ្ឋ (nationalized planned economy) មិនមែនមានន័យថាអ្វីៗទាំងអស់ត្រូវបានបាត់បង់ទេ។ ការិយាល័យរដ្ឋមន្រ្តី (bureaucracy) នៃសហភាពសូវៀតមិនមែនជាវណ្ណៈគហបតីថ្មីទេ តែវាជាប៉ារ៉ាស៊ីតដែលបានដុះដាលបំផ្លាញរដ្ឋ ដែលបានដណ្តើមយកអំណាចនយោបាយពីកម្មករ។ ចំពោះស្ថានភាពនេះ មានតែការធ្វើបដិវត្តន៍នយោបាយថ្មីមួយអាចលុបចោលការិយាល័យរដ្ឋមន្រ្តី និងអាចបង្កើតបានប្រព័ន្ធសូវៀតវិញ រួមទាំងប្រព័ន្ធប្រជាធិបតេយ្យរបស់កម្មករផងដែរ។ពួកគាំទ្រទ្រឹស្ដីរដ្ឋមូលធននិយម តែងតែយល់ច្រឡំអំពីភាពខុសគ្នារវាងបដិវត្តន៍ និង ប្រតិបដិវត្តន៍។ នៅប្រទេសអាហ្វហ្គានីស្តង់ ពួកគេគាំទ្រពួកមូលដ្ឋាននិយមប្រតិកិរាយា មូចាហ៊ីឌីន (reactionary fundamentalist mujahideen) ដោយហៅពួកគេថា ពួកប្រយុទ្ធសេរីភាព (freedom fighters) ហើយប្រឆាំងនឹងចក្រពត្តិនិយម (imperialism) របស់រុស្ស៊ី។ នៅពេលដែលសហភាពសូវៀតដួលរលំ ហើយមូលធននិយមចាប់ផ្តើមត្រូវបានស្តារឡើងវិញក្រោយឆ្នាំ១៩៩១ អ្នកគាំទ្រទាំងនេះនៅអព្យាក្រឹតចំពោះធាតុពិតនៃប្រតិបដិវត្តន៍មូលធននិយម។ការរួបរួមនៃភាពផ្ទុយគ្នា (the unity of opposites) លោក ហេហ្គេល (Hegel) បាននិយាយថា «ភាពផ្ទុយគ្នាគឺជាប្រភពនៃចលនា និងជីវិតទាំងអស់ បើគ្មានភាពផ្ទុយគ្នាទេ គ្មានអ្វីអាចផ្លាស់ទីបាន មានអំណាច ឬបង្កើតឥទ្ធិពលបានឡើយ។» លោកលេនីន បានសង្ខេបគំនិតនេះដោយបញ្ជាក់ថា «វិចារវិទ្យាអាចកំណត់ន័យថា ជាទ្រឹស្តីនៃការរួបរួមនៃភាពផ្ទុយគ្នា។ នេះជាគោលគំនិតស្នូលនៃវិចារវិទ្យា...»ពិភពលោកដែលយើងរស់នៅក្នុង គឺជាការរួបរួមនៃភាពប្រឆាំងគ្នា (unity of contradictions) ឬការរួបរួមនៃភាពផ្ទុយគ្នាដូចជា: ក្តៅ-ត្រជាក់, ពន្លឺ-ងងឹត, មូលធន- ពលកម្ម, កំណើត-សេចក្តីស្លាប់, ទ្រព្យសម្បត្តិ-ភាពក្រីក្រ, វិជ្ជមាន-អវិជ្ជមាន, ការកើនឡើង-ការធ្លាក់ចុះ, ការគិត-ការរស់នៅ, មានកំណត់-អនន្ត, ការវាយច្រាន-ការទាញមក, ឆ្វេង-ស្តាំ, លើ-ក្រោម, ការវិវឌ្ឍន៍-ការបដិវត្តន៍, ឱកាស-តម្រូវការ, លក់-ទិញ, ហើយដូច្នេះតទៅ។គំនិតដែលថា បង្គោលពីរនៃភាពផ្ទុយគ្នាអាចមាននៅជាមួយគ្នាជាផ្នែកទាំងមូល ត្រូវបានគេយល់ស្របជាប្រតិមតិ។ ប្រតិមតិទទួលស្គាល់ថាការពិចារណានៃភាពផ្ទុយគ្នាទាំងពីរអាចជាការពិតក្នុងពេលតែមួយ។ នេះឆ្លុះបញ្ចាំងពីគំនិតនៃការរួបរួមនៃភាពផ្ទុយគ្នាដែលមាននៅក្នុងពិភពសម្ភារៈ។ចលនា លំហ និងពេលវេលា គឺគ្មានអ្វីក្រៅពីរបៀបនៃអត្តិភាពនៃរូបធាតុ (mode of existence of matter)។ ចលនា ដូចដែលយើងបានពន្យល់គឺជាភាពផ្ទុយគ្នា ដែលស្ថិតនៅកន្លែងមួយ និងកន្លែងមួយទៀតនៅពេលតែមួយ។ វា គឺជាការរួបរួមនៃភាពផ្ទុយគ្នា។ លោកហេហ្គេល បាននិយាយថា «ចលនា គឺជាការស្ថិតនៅមួយកន្លែង ហើយក៏ជាការមិនស្ថិតនៅមួយកន្លែងហ្នឹង។ នេះគឺជាការបន្តនៃលំហ និងពេលវេលា (continuity of space and time) ហើយវា គឺជាអ្វីដែលធ្វើឱ្យចលនាអាចមានបាន។»ដើម្បីយល់ច្បាស់អំពីអ្វីមួយ និងលក្ខណៈស្នូលរបស់វា យើងត្រូវកំណត់អត្តសញ្ញាណភាពផ្ទុយគ្នានៃរបបខាងក្នុងរបស់វា។ នៅក្នុងកាលៈទេសៈខ្លះ សកលអាចតំណាងឱ្យបុគ្គល ហើយបុគ្គលអាចតំណាងឱ្យសកល។ អ្វីៗអាចបំប្លែងទៅជាភាពផ្ទុយគ្នារបស់ខ្លួន ឧទាហរណ៍៖ មូលហេតុអាចក្លាយជាផលប៉ះពាល់ ហើយផលប៉ះពាល់អាចក្លាយជាបុព្វហេតុ ពីព្រោះវាជាតំណភ្ជាប់ដែលទាក់ទងគ្នានៅក្នុងដំណើរការនៃការអភិវឌ្ឍន៍របស់រូបធាតុ ដែលគ្មានទីបញ្ចប់។លោកហេហ្គេល ប្រសាសន៍ថា "ផលអវិជ្ជមាន ក្នុងមួយកំរិតស្មើគ្នាគឺជាផលវិជ្ជមាន" ។ ដោយសង្កត់ធ្ងន់ថា ការគិតបែបវិចារវិទ្យា គឺពាក់ព័ន្ធទៅនឹងការយល់ដឹងពីភាពផ្ទុយគ្នា ដែលជាផ្នែកមួយនៃការរួបរួមទាំងមូល។ លោក ហេហ្គេល (Hegel) បានពន្យល់បន្ថែមទៀតថា «ភាពផ្ទុយគ្នា គឺជាឫសគល់នៃចលនា និងជីវិតទាំងអស់ ឲ្យតែអ្វីមួយមានភាពផ្ទុយគ្នា វានឹងមានចលនា មានសន្ទុះ និងមានដំណើរការ។ ចលនាកើតឡើងមិនមែនដោយសារតែអ្វីមួយមាននៅក្នុងកន្លែងមួយនៃរយះពេលមួយ ហើយនៅក្នុងកន្លែងផ្សេងមួយទៀតនៃរយះពេលមួយផ្សេងទៀតនោះទេ ប៉ុន្តែដោយសារតែនៅកន្លែងណាមួយនៃរយះពេលមួយ វាស្ថិតនៅកន្លែងមួយហ្នឹងផង និងមិនមែននៅក្នុងកន្លែងមួយហ្នឹងផងដែរ។ យើងត្រូវផ្តល់អោយវិចារវិទូចាស់ថា ភាពផ្ទុយគ្នាពិតជាមានចលនាដូចដែលពួកគេបានបង្ហាញមែន ប៉ុន្តែយើងក៏ត្រូវបញ្ជាក់ថា មិនមែនថាគ្មានអ្វីគ្មានចលនាទេ តែត្រូវនិយាយថាចលនាគឺជាអត្ថិភាពនៃភាពផ្ទុយគ្នា។» ដូចនេះ សម្រាប់លោកហេហ្គេល ជីវិតពឹងផ្អែកទៅលើភាពផ្ទុយគ្នា ព្រោះវាជាអ្វីដែលជំរុញឱ្យមានចលនា និងសកម្មភាពផ្ទាល់ខ្លួន។ពួកបរមាណូនិយមជនជាតិក្រិក គឺជាពួកដំបូង ដែលស្នើទ្រឹស្តីបដិវត្តន៍ថា ពិភពសម្ភារៈត្រូវបានបង្កើតឡើងដោយឯកតាតូចៗខ្លាំងនៃរូបធាតុ ហៅថាអាតូម (atom)។ ពាក្យក្រិក អាតូម៉ូស (atomos) មានន័យថា មិនអាចបំបែកបាន។ ការទាយនេះ គឹប្រសើរណាស់។ វិទ្យាសាស្ត្រទំនើបនៃសតវត្សនៃ២០បានបញ្ជាក់ថា អ្វីៗទាំងអស់សុទ្ធតែបង្កើតឡើងពីអាតូម ប៉ុន្តែគេក៏បានរកឃើញថាភាគល្អិតតូចជាងហ្នឹងក៏ធ្លាប់មានដែរ។ រាល់អាតូមមានណ្វៃយ៉ូ (nucleus) នៅចំកណ្តាល ដែលផ្សំដោយប្រូតុង (proton) និងនឺត្រុង (neutron) ដោយមានអេឡិចត្រុងធ្វើគន្លងជុំវិញវា។ អេឡិចត្រុង (electron) ត្រូវបានដើរតួជាអ្នកវិលជុំវិញណ្វៃយ៉ូ។ គ្រប់ប្រូតុងផ្ទុកបន្ទុកអគ្គិសនីវិជ្ជមាន ដូច្នេះវាច្រានគ្នាទៅវិញទៅមក ប៉ុន្តែពួកវាត្រូវបានភ្ជាប់ជាមួយគ្នាដោយថាមពលមួយហៅថា កម្លាំងនុយក្លេអ៊ែរខ្លាំង (strong nuclear force)។ នេះបង្ហាញថា អ្វីគ្រប់យ៉ាងដែលមានគឺមានដោយសារតែការរួបរួមនៃភាពផ្ទុយគ្នា និងចលនាផ្ទល់ខ្លួននៃសន្ទុះ និងដំណើរការ ដូចដែល លោកហេហ្គេល បាននិយាយហើយស្រាប់។ចំពោះមនុស្ស ការរក្សាកម្រិតជាតិស្ករក្នុងឈាមបានត្រឹមត្រូវ គឺសំខាន់ណាស់សម្រាប់ការរស់រានមានជីវិត។ ប្រសិនបើវាឡើងខ្ពស់ពេក វាអាចនាំឱ្យកើតជំងឺទឹកនោមផ្អែម។ ប្រសិនបើវាទាបពេក មនុស្សម្នាក់អាចនឹងគ្មានសមត្ថភាពក្នុងការបរិភោគអាហារ។ ឯកំរិតសុវត្ថភាព គឺត្រូវបានគ្រប់គ្រងដោយដំណើរការជាច្រើនដូចជា៖ ល្បឿននៅពេលដែលស្ករចូលទៅក្នុងចរន្តឈាម ក្នុងអំឡុងពេលរំលាយអាហារកាបូអ៊ីដ្រាត(carbohydrates)ល្បឿននៅពេលដែលគ្លីកូហ្សែន (glycogen) ខ្លាញ់ ឬប្រូតេអ៊ីនត្រូវបានបំប្លែងទៅជាជាតិស្ករ និងល្បឿននៅពេលដែលជាតិស្ករត្រូវបានប្រើប្រាស់ ឬផ្លាស់ចេញ។ ប្រសិនបើកំរិតជាតិស្ករក្នុងឈាមកើនឡើង នោះលំពែងបញ្ចេញអាំងស៊ុយលីន (insulin) កាន់តែច្រើន ដើម្បីបង្កើនការប្រើប្រាស់ជាតិស្ករ។ បើកំរិតវាធ្លាក់ចុះ ជាតិស្ករត្រូវបានបញ្ចេញទៅក្នុងចរន្តឈាមកាន់តែច្រើន ឬការស្រេកឃ្លានជំរុញឱ្យអ្នកជំងឺញ៉ាំជាតិស្ករច្រើន។ តាមរយៈប្រព័ន្ធនៃការគ្រប់គ្រងផ្ទាល់ខ្លួននៃកម្លាំងប្រឆាំងនៃប្រតិក្មវិជ្ជមាន និងអវិជ្ជមាននេះ កម្រិតជាតិស្ករក្នុងឈាមបានស្ថិតនៅក្នុងកម្រិតសុវត្ថិភាព។លោកលេនីន ពន្យល់អំពីចលនាផ្ទាល់ខ្លួននេះនៅក្នុងលិខិតមួយ គាត់និយាយថា "វិចារវិទ្យាគឺជាគ្រូបង្រៀន ដែលបង្ហាញថាភាពផ្ទុយគ្នាអាចដូចគ្នា និងអាចក្លាយទៅជាដូចគ្នា លក្ខខណ្ឌដែលពួកវាដូចគ្នា គឺនៅពេលដែលពួកវាក្លាយទៅជាគ្នា ចិត្តមនុស្សមិនគួរ គួរតែចាប់យកចំណុចនៃភាពផ្ទុយគ្នាថាជាស្លាប់ ឬតឹងរឹងទេ តែគួរសម្គាល់វាជាអ្វីដែលកំពុងរស់នៅ ដែលមានលក្ខខណ្ឌ ដែលចល័ត ហើយដែលប្រែក្លាយទៅជាគ្នាទៅវិញទៅមក។"លោកលេនីន បានផ្តោតទៅលើសារៈសំខាន់នៃការប្រឆាំង ដែលជាកម្លាំងជំរុញអោយមានការអភិវឌ្ឍន៍។ «វាជារឿងធម្មតា ដែលនៅក្នុងសង្គមនីមួយៗ មានក្រុមមនុស្សផ្សេងៗគ្នាជាមួយផលប្រយោជន៍ខុសគ្នា ដែលនាំឲ្យមានជម្លោះប្រឆាំងគ្នា។ សង្គមពោរពេញដោយភាពប៉ះទង្គិច ហើយប្រវត្តិសាស្ត្របង្ហាញពីការតស៊ូរវាងជាតិ និងសង្គមផ្សេងៗ ក៏ដូចជាការតស៊ូនៅក្នុងសង្គមផ្ទាល់ផងដែរ។ ការតស៊ូនេះបង្កឲ្យមានវដ្តនៃការប្រែប្រួល ដែលរវាងការធ្វើបដិវត្តន៍ និងប្រតិកិរយា រវាងសន្តិភាព និងសង្គ្រាម ការជាប់គាំង និងរវាងការអភិវឌ្ឍន៍លឿន ឬការធ្លាក់ចុះ។» (Lenin, Three Sources and Component Parts of Marxism)គំនិតនេះត្រូវបានបង្ហាញយ៉ាងល្អបំផុតតាមរយៈការតស៊ូវណ្ណៈ។ មូលធននិយមត្រូវការ វណ្ណៈគហបតី និងវណ្ណៈអធន។ ការជម្លោះជុំវិញតម្លៃលើស (surplus value) ដែលបង្កើតឡើងដោយពួកកម្មករ ប៉ុន្តែពួកមូលធនបានដកហូតយកសម្រាប់ខ្លួនគេ នឹងផ្តល់នូវគោលការណ៍មួយ ដែលនាំទៅរកការផ្តួលរំលំនៃមូលធននិយម និងការដោះស្រាយភាពផ្ទុយគ្នានេះដោយការលុបបំបាត់ការបែងចែកវណ្ណៈ។ផលអវិជ្ជមានកម្មនៃផលអវិជ្ជមានកម្ម (the negation of the negation)គំរូទូទៅនៃការអភិវឌ្ឍន៍ប្រវត្តិសាស្រ្តមិនមែនជាបន្ទាត់ត្រង់ទេ ប៉ុន្តែជាអន្តរកម្មដ៏ស្មុគស្មាញ ដែលគ្រប់ជំហានទៅមុខនីមួយៗត្រូវបានសម្រេចដោយការចំណាយនៃជំហានថយក្រោយមួយផ្នែកប៉ុណ្ណោះ។ ការថយក្រោយទាំងនេះ ត្រូវបានដោះស្រាយនៅដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍។ច្បាប់នៃផលអវិជ្ជមានកម្មនៃផលអវិជ្ជមានកម្មនេះ ពន្យល់ពីការកើតឡើងម្តងទៀតនៅកំរិតខ្ពស់នៃលក្ខណៈពិសេស និងលក្ខណៈសម្បត្តិមួយចំនួននៃកំរិតទាប និងការត្រឡប់មកវិញនៃលក្ខណៈអតីតកាល។ វាមានការតស៊ូឥតឈប់ឈររវាងទម្រង់ និងខ្លឹមសារ និងរវាងខ្លឹមសារ និងទម្រង់ ដែលបណ្តាលឱ្យមានការបែកបាក់ទម្រង់ចាស់ និងការបំប្លែងខ្លឹមសារ។ដំណើរការទាំងមូលនេះអាចចាត់ទុកបានថាជារង្វង់មួយ ដែលចលនាត្រូវបានត្រឡប់ទៅចំណុចចាប់ផ្តើមរបស់វាវិញ ប៉ុន្តែនៅកម្រិតមួយដែលខ្ពស់ជាងមុន។ ម្យ៉ាងវិញទៀត ប្រវត្តិសាស្ត្រមានការរីកចម្រើនតាមរយៈនៃភាពប្រឆាំង។ នៅពេលដែលរបបគំហើញនិងប្រព័ន្ធចាស់ៗត្រូវបានបំបាត់ចោល យ៉ាងណាក៏ដោយ វាមិនត្រូវបានលុបចោលទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ធាតុរបស់វានៅតែមាន ហើយមានឥទ្ធិពលលើដំណាក់កាលនៃការអភិវឌ្ឍន៍ប្រព័ន្ធក្រោយៗ។មធ្យោបាយមូលធននិយមនៃការកាន់កាប់កម្មសិទ្ធិ គឺចេញមកពីមធ្យោបាយមូលធននិយមនៃផលិតកម្ម ដែលនាំអោយមានទ្រព្យសម្បត្តិឯកជនមូលធននិយម (capitalist private property)។ ប្រព័ន្ធនេះ គឺដំបូងឡើយជាផលអវិជ្ជនកម្មនៃប្រព័ន្ធចាស់នៃកម្មសិទ្ធិឯកជនផ្ទាល់ខ្លួន (individual private property) ដែលផ្អែកទៅលើកម្លាំងពលកម្មផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ផលិតកម្មមូលធននិយម (capitalist production) នាំទៅរកការដួលរលំរបស់វាដោយធម្មជាតិ។ លោកម៉ាក់ បានកត់សម្គាល់ក្នុងភាគទី១នៃសៀវភៅ Capital របស់គាត់ថាវាជាផលអវិជ្ជមានកម្មនៃផលអវិជ្ជមានកម្ម។លោកអង់ហ្គេល លើកយកឧទាហរណ៍យ៉ាងច្រើនដើម្បីពន្យល់ពី ផលអវិជ្ជមានកម្មនៃផលអវិជ្ជមានកម្ម នៅក្នុងសៀវភៅរបស់គាត់ ដែលមានចំណងជើងថា Anti-Duhring។ គាត់សរសេរថា «យើងអាចយកស្រូវសាលី មួយគ្រាប់មកធៀបមើល។ យើងយកស្រូវសាលីរាប់លានគ្រាប់មកកិន ដាំឲ្យពុះ ផ្សំវា ហើយយកវាមកប្រើប្រាស់។ ប៉ុន្តែប្រសិនបើស្រូវសាលីនោះជួបប្រទះទៅនឹងលក្ខខណ្ឌសមស្របរបស់វា ដូចជា បើវាជ្រាបចូលទៅក្នុងដីដែលមានគុណភាពល្អសម្រាប់វា រួចហើយវានៅក្រោមកម្តៅ និងសំណើមជាក់លាក់ នោះវានឹងមានការប្រែប្រួលលក្ខណៈពិសេសមួយ។ វាចាប់ផ្តើមលូតលាស់ ហើយស្រូវសាលីមួយគ្រាប់នោះនឹងឈប់មាននៅក្នុងសភាពដើមរបស់វា ដូចនេះវាត្រូវបានជួបទៅនឹងផលអវិជ្ជមាន កម្ម។ ជំនួសឲ្យសភាពចាស់ គឺយើងមានរុក្ខជាតិថ្មីមួយលូតលាស់ចេញពីវា ដែលជាផលអវិជ្ជមានកម្មនៃស្រូវសាលីនោះ។ តែអ្វីទៅជាដំណើរការធម្មជាតិនៃរុក្ខជាតិនេះ? វាលូតលាស់ វាដុះផ្កា វាបានបណ្តុះពូជ ហើយជាចុងក្រោយបំផុត វាបង្កើតបានស្រូវសាលីជាច្រើនឡើងវិញ។ ពេលវាទុំភ្លាម ដើមវាត្រូវស្លាប់ វាត្រូវបានជួបផលអវិជ្ជមានកម្ម។ ជាលទ្ធិផលនៃផលអវិជ្ជមានកម្មនៃផលអវិជ្ជមានកម្ម យើងបានប្រភពដើមនៃស្រូវសាលីមកវិញ ប៉ុន្តែមិនមែនតែមួយគ្រាប់ដូចមុនទេ គឺមានតែបានដប់ ម្ភៃ ឬសាមសិបដងច្រើនជាងមុន។»ដំណាំស្រូវសាលីរស់រានមានជីវិត និងវិវត្តដោយវិលត្រឡប់ទៅចំណុចដើមរបស់វាវិញ ប៉ុន្តែនៅលំដាប់ខ្ពស់ជាងមុន។ គ្រាប់ពូជតែមួយអាចបង្កើតគ្រាប់ពូជជាច្រើន។ យូរៗ រុក្ខជាតិបានវិវត្តទៅទាំងផ្នែកគុណភាព និងផ្នែកបរិមាណ។ ពីមួយជំនាន់ទៅមួយជំនាន់ គឺបានបង្ហាញពីភាពខុសគ្នានៃបម្រែបម្រួលនៃរុក្ខជាតិ ការប្រែប្រួលនេះ គឺដើម្បីឲ្យវាអនុវត្តតាមបរិយាកាសរបស់វា។លោកអង់ហ្គេល (Engels) ក៏ផ្តល់ឧទាហរណ៍បន្ថែមទៀតពីពិភពសត្វល្អិត។ គាត់លើកឡើងថា «មេអំបៅកើតចេញពីស៊ុត ដោយការផ្ដាច់ពីស៊ុត។ ពួកវាឆ្លងកាត់ការផ្លាស់ប្តូរជាក់លាក់មួយចំនួន រហូតទាល់តែវាឈានដល់ភាពពេញវ័យនៃការរួមភេទ។ បន្ទាប់ពីបញ្ចប់ដំណើរការបន្តពូជ មេអំបៅត្រូវបានជួបផលអវិជ្ជមានកម្ម អាចនិយាយបានថាវាស្លាប់។ បន្ទាប់ពីដំណើរការភ្ជាប់គូបានបញ្ចប់ សត្វមេអំបៅញីក៏បង្កើតស៊ុតបានច្រើនកុះករទៅ។»លោក ហេហ្គេល និងលោក ម៉ាក់ (Hegel and Marx)លោកហេហ្គេល ជាបុគ្គលមួយរូប ដែលមានប្រាជ្ញាជ្រៅជ្រះ គាត់បានឆ្លុះបញ្ជាំងពីគំនិតប្រសើរជាច្រើន ហើយចំណេះវិជ្ជារបស់គាត់ត្រូវបានលោកម៉ាក់ ទទួលស្គាល់ម្តងហើយម្តងទៀត។ លោកម៉ាក់ បាននិយាយថា «ភាពអាថ៌កំបាំងនៃវិចារវិទ្យា ដែលបានរងទុក្ខនៅក្នុងកណ្តាប់ដៃរបស់លោកលោកហេហ្គេល មិនមានន័យថាវាបានរារាំងគាត់ឲ្យក្លាយជាមនុស្សលើកទីមួយ ដែលបានបង្ហាញអំពីទម្រង់ទូទៅនៃដំណើរការរបស់វិចារវិទ្យាក្នុងលក្ខណៈទូលំទូលាយទេ។» ប៉ុន្តែប្រព័ន្ធទស្សនវិជ្ជារបស់លោក ហេហ្គេល (Hegel) មានភាពបរាជ័យ ប្រព័ន្ធនេះគឺបានរងទុក្ខទៅនឹងបញ្ហាប្រឆាំងផ្ទៃក្នុង ដែលមិនអាចដោះស្រាយបាន។ ការយល់ដឹងនៃប្រវត្តិសាស្រ្តរបស់លោក ហេហ្គេល (Hegel) គឺជាការយល់ដឹងជារបៀបវិវត្ត ដែលគ្មានអ្វីជាចុងបញ្ចប់ ឬជាអនន្ត។ ប៉ុន្តែប្រព័ន្ធទស្សនវិជ្ជារបស់គាត់អះអាងថាជាការពិតទាំងស្រុង ការគិតរបៀបនេះ គឺមិនស្របគ្នាទៅនឹងច្បាប់នៃគំនិតវិចារវិទ្យាទេ។ នៅពេលដែលលោកហេហ្គេល គាំទ្រស្ថានភាពប្រទេសអាល្លឺម៉ង់ វិចារវិទ្យាប្រកាន់យកទស្សនៈ វិស្ស័យវិវត្តនៃការផ្លាស់ប្តូរឥតឈប់ឈរ។ សម្រាប់លោកហេហ្គេល អ្វីដែលពិត គឺជាការសមហេតុផល ប៉ុន្តែនៅពេលដែលប្រើវិចារវិទ្យាហេហ្គេលនិយម (Hegelian dialectic) អ្វីដែលពិតនឹងក្លាយទៅជាការមិនសមហេតុផល។ អ្វីៗដែលមានគឺសមនឹងវិនាស។ នេះគឺជាទស្សនវិជ្ជាដ៏សំខាន់របស់លោកហេហ្គេល។ដំណោះស្រាយនៃបដិវាទកម្មនេះ គឺបាននាំទៅរកលទ្ធិសំភារៈនិយម ដែលផ្អែកទៅលើ វិទ្យាសាស្ត្រជំនាន់ថ្មី និងមិនមែនជាសំភារៈនិយមមេកានិច (mechanical materialism) ទេ ដែលបានហួសសម័យទៅហើយ។ លោកផ្លេកានូវ បានសរសេរថា «លទ្ធិសំភារៈនិយមបានកើតឡើងម្តងទៀតសំបូរទៅនឹងលទ្ធកម្មទាំងអស់នៃលទ្ធិតថនិយម ហើយលទ្ធកម្មដែលសំខាន់ជាងគេនោះគឺ វិធីសាស្រ្តពិនិត្យបែបវិចារវិទ្យា (dialectical method) ដែលគឺជាការពិនិត្យទៅលើបាតុភូតនៅពេលដែលវាអភិវឌ្ឍន៍នៅក្នុងប្រភពដើមរបស់វា និងនៅពេលដែលវាបានបំផ្លិចបំផ្លាញទៅ។ ទេពកោសល្យម្នាក់ដែលបង្ហាញទៅនឹងគំនិតថ្មីនេះគឺលោក កាល ម៉ាក់» ដោយសារតែមានការអភិវឌ្ឍន៍នៅអឺរ៉ុបអំឡុងឆ្នាំ១៨៣០ទៅ១៨៣១ សាលារៀនហេហ្គេលនិយម (Hegelian school) បានបំបែកទៅខាងឆ្វេងនិយម ខាងស្តាំនិយម និងខាងកណ្តាលនិយម។អ្នកតំណាងពួកហេហ្គេលខាងឆ្វេងនិយម (Hegelian left) ដែលលេចធ្លោជាងគេគឺលោក ឡាដវីក ហ្វយ៉ឺបាក(Ludwig Feuerbach) គាត់បានប្រឆាំងទៅនឹងការប្រកាន់វិន័យចាស់ជាពិសេសសាសនា បន្ទាប់មកគាត់ក៏បានប្រគល់ឲ្យលទ្ធិសំភារៈនិយមមានសារះសំខាន់ជាងគេ។ គាត់បានសរសេរថា «ធម្មជាតិគ្មានទីដំបូង និងគ្មានទីបញ្ចប់។ អ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងធម្មជាតិមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក អ្វីៗទាំងអស់នោះ ជាលទ្ធិផលផង និងជាបុព្វហេតុផង ដែលបណ្តាលឲ្យមានអ្វីមួយ ហើយវាឡោមព័ទ្ធគ្នាគ្រប់ទិស និងបំពេញគ្នាទៅវិញទៅមក…» នេះបង្ហាញថាព្រះមិនអាចមានទេ។ គាត់និយាយថា «គ្រិស្តបរិស័ទបានហែកចេញវិញ្ញាណ និងព្រលឹងរបស់មនុស្សចេញពីខ្លួន ហើយយកព្រលឹងដែលបានដកចេញទាំងនេះមកធ្វើទៅជាព្រះម្ចាស់របស់ខ្លួនគេ។» ទោះបីជាគំនិតរបស់លោកហ្វយ៉ឺបាក មានដែនកំណត់លោកម៉ាក និងលោក អង់ហ្គេល ស្វាគមន៍គំនិតរបស់គាត់ដោយភាពរីករាយ។លោកអង់ហ្គេល បានកំណត់ថា «បដិវត្តន៍ឆ្នាំ១៨៤៨ បានជំរុញទស្សនវិជ្ជាទាំងមូលទៅម្ខាង រីឯលោកហ្វយ៉ឺបាក ក៏បានគេរុញទៅទីកំបាំងផងដែរ។» ហេតុនេះហើយបាននៅមានតែលោកម៉ាក និងលោក អង់ហ្គេល ដែលបានអនុវត្តច្បាប់វិចារវិទ្យាទៅលើលទ្ធិសំភារៈនិយមជាប្រចាំ ហើយបង្កើតឡើងបានជា សំភារៈនិយមវិចារវិទ្យា។ សម្រាប់ពួកគាត់ ទស្សនវិជ្ជាថ្មីនេះមិនមែនជាទស្សនវិជ្ជាអរូបីទេ តែគឺជាទស្សនវិជ្ជាដែលទាក់ទងទៅនឹងការអនុវត្តន៍។“ជារួម វិចារវិទ្យា គឺជាវិទ្យាសាស្រ្តនៃច្បាប់ទូទៅនៃចលនា (general laws of motion) របស់ភពខាងក្រៅផង និងរបស់គំនិតមនុស្សផង ច្បាប់ទាំងពីរនេះ ស្រដៀងគ្នាត្រង់ខ្លឹមសាររបស់វា ប៉ុន្តែខុសគ្នាត្រង់ការបញ្ជេញកន្សោមរបស់ខ្លួនដរាបណាដែលគំនិតរបស់មនុស្សៗទាំងឡាយអាចអនុវត្តវាដោយមានចេតនា។ ក្នុង ធម្មជាតិ និងនៅក្នុងប្រវត្តិសាស្រ្តមនុស្ស ច្បាប់ទាំងនេះបញ្ជេញខ្លួនក្នុងទម្រង់នៃភាពចាំបាច់នៃផ្នែកខាងក្រៅ ហើយដោយគ្មានចេតនា ក្នុងចំណោមភាពមិនឈប់ឈរនៃភាពចៃដន្យ ” (លោក អង់ហ្គេល)លោកម៉ាក់ និងលោកអង់ហ្គេល មិនបានសរសេរសៀវភៅអំពីវិចារវិទ្យាចច្រើនប៉ុន្មានទេ។ លោកម៉ាក់ បានជាប់រវស់នឹងសរសេរសៀវភៅរបស់គាត់ ដែលមានចំណងជើងថា Capital។ រីឯលោកអង់ហ្គេល វិញគាត់មានបំណងចង់សរសេរសៀវភៅអំពីវិចារវិទ្យា ប៉ុន្តែត្រូវការបញ្ចប់ការសរសេរសៀវភៅ Capital បន្ទាប់ពីលោកម៉ាក់ បានស្លាប់។ ទោះជាយ៉ាងណាលោកអង់ហ្គេល ក៏បានសរសេរយ៉ាងច្រើនណាស់ណាដែរនៅក្នុងសៀវភៅរបស់គាត់ផ្សេងៗទៀតដែលមានចំណងជើងថា Anti-Dühring និង Dialectics of Nature។ លោកលេនីន បាននិយាយថា «លោកម៉ាក់ មិនបានបន្សល់ទុកនូវតក្កវិទ្យាទេ ប៉ុន្តែគាត់ គឺបានទុកនូវតក្កវិទ្យានៃមូលធន (logic of capital) នេះហើយបានយើងគួរតែប្រើប្រាស់វាឲ្យបានពេញលេញ។ នៅក្នុងសៀវភៅ Capital លោកម៉ាក់ បានប្រើប្រាស់ និងអនុវត្តតក្កវិជ្ជា វិចារវិទ្យា និងទ្រឹស្តីនៃចំណេះដឹងនៃលទ្ធិសំភារៈនិយម ទៅលើវិទ្យាសាស្ត្រតែមួយគត់ ដែលបានទាញយកចំណុចសំខាន់ៗរបស់លោកហេហ្គេលមកអនុវត្តបន្ថែមទៀត។»សព្វថ្ងៃនេះអ្នកវិទ្យាសាស្រ្តមួនចំនួនតូច ជាពិសេសអ្នកដែលមកពីខាងវិទ្យាសាស្ត្រធម្មជាតិបានយល់ដឹងអំពីវិចារវិទ្យា ការយល់ដឹងបាននាំឲ្យពួកគាត់រកឃើញបញ្ហាមួយចំនួននៅក្នុងជំនាញឯកទេសរបស់ពួកគាត់។ ទំនាក់ទំនងរវាងវិទ្យាសាស្រ្ត និងសំភារៈនិយមវិចារវិទ្យា បានពិភាក្សាយ៉ាងពេញលេញនៅក្នុងសៀវភៅរបស់លោកអេលេន វូដ (Alan Woods)និងលោកធេដ ហ្គ្រេន (Ted Grant) ដែលមានចំណងជើងថា Reason in Revolt។ ពួកគាត់រួមទាំងលោកអង់ហ្គេល បង្ហាញថាធម្មជាតិទាំងមូល គឺជាវិចារវិទ្យា។ ក្រៅពី លោកស្ទេហ្វិន ជេ ហ្គូល (Stephen Jay Gould) និងលោកណាល អេលដ្រេច (Niles Edredge) លោក រីឈើដ លេវីន (Richard Levins) និងលោករីឈើដ លូវនធិន (Richard Lewontin) ដែលចាត់ទុកខ្លួនថាជាអ្នកសំភារះនិយមវិចារវិទ្យា ពួកគាត់ក៏បានសេសេរអំពីការអនុវត្តន៍វិចារវិទ្យាទៅលើវិស័យជីវវិទ្យានៅក្នុងសៀវភៅរបស់ពួកគាត់ ដែលមានចំណងជើងថា The Dialectical Biologist:«តាមដែលយើងបានបកស្រាយមក ការធ្វើចលនាឥតឈប់ឈរជាលក្ខណៈនៃពិភពវិចារវិទ្យា។ ភាពថេរក្លាយទៅជាអថេរ បុព្វហេតុក្លាយទៅជាលទ្ធផល ហើយប្រព័ន្ធទាំងឡាយនឹងអភិវដ្ឍន៍ និងនាំឲ្យស្ថានភាពចាស់ខ្ទិចខ្ទីឡើង។ សូម្បីតែធាតុដែលហាក់ដូចជាមានស្ថេរភាពក្នុងលំនឹងថាមវ័ន្តនៃកម្លាំង ក៏អាចប្រែប្រួលទៅជាធាតុគ្មានលំនឹងដែរក្នុងមួយរំពេច។ ស្រដៀងគ្នាទៅនឹង ដុំដែករិលពណ៌ប្រផេះមួយដែលមានម៉ាសអប្បបរមានឹងក្លាយទៅជាដុំភ្លើងមួយភ្លឺជាងព្រះអាទិត្យមួយពាន់ដង។ ទោះជាយ៉ាងណា ចលនាមិនមែនគ្មានភាពទប់ ឬគ្មានការផ្លាស់ប្តូរទេ។ សរីរាង្គអភិវឌ្ឃន៍ ហើយញែកភាពខុសគ្នារវាងគ្នា រួចហើយស្លាប់ និងបំបែកចេញ។ ជំពូកកើតឡើងរួចហើយជៀសមិនផុតនឹងការដាច់ពូច។ សូម្បីតែនៅក្នុងពិភពរូបវន្តធម្មតា យើងក៏មិនដឹងពីចលនាដែលមិនប្រែប្រួលដែរ។ ថែមទៅនឹងទៀត តាមពេលវេលាភូមិសាស្រ្ត ល្បឿននៃការបង្វិលរបស់ភពផែនដីនៅលើអ័ក្សរបស់វាក៏បានថយចុះដែរ។ តាមការសង្កេត ហេតុដែលនាំឲ្យមានការអភិវឌ្ឍន៍នៃប្រព័ន្ធទាំងឡាយតាមរយះពេលវេលា គឺហាក់ដូចជាដោយសារតែមានកងកម្លាំងប្រឆាំង និងចលនាប្រឆាំង។ការលេចធ្លោឡើងនៃកងកម្លាំងប្រឆាំងបានបង្កើតឡើងនៅទស្សនៈថ្មីមួយនៅក្នុងគំនិតនៃវិចារវិទ្យាហៅថា គោលការណ៍នៃការប្រឆាំង (the principle of contradiction)។ គំនិតថ្មីនេះបានផ្តល់ឲ្យមានការពិភាក្សា និងការជំទាស់គ្នាយ៉ាងច្រើន ប៉ុន្តែវាជាគំនិតមួយដែលសំខាន់ខ្លាំង។ សម្រាប់មនុស្សមួយចំនួន ការប្រឆាំងគ្រាន់តែជាគោលការណ៍នៃចំណេះដឹងពិត (epistemic) តែប៉ុណ្ណោះ។ វារៀបរាប់អំពីរបៀបដែលយើងអាចយល់អំពីពិភពលោកតាមរយះប្រវត្តិសាស្រ្តនៃទ្រឹស្តីប្រឆាំង ដែលក្នុងការប្រឆាំងនឹងគ្នា និងក្នុងការប្រឆាំងនឹងបាតុភូតធម្មជាតិ ដែលយើងសង្កេតឃើញបាន វានាំឲ្យមានគំនិតថ្មីនៃការយល់ដឹងអំពីធម្មជាតិ។ ទ្រឹស្តីនៃការបដិវត្តន៍វិទ្យាសាស្រ្តរបស់លោកឃូន (Kuhn) ឆ្នាំ១៩៦២ មានលក្ខណៈខ្លះៗនៃការប្រឆាំងជាបន្ទបន្ទាប់ និងការសម្រេចជាបន្ទបន្ទាប់ ដែលផ្តល់ឲ្យមានការប្រឆាំងថ្មីទៀត។ សម្រាប់មនុស្សមួយចំនួន ការប្រឆាំងក្លាយទៅជាលក្ខណៈនៃប្រាណវិទ្យា (ontological) នៃវត្តមានរបស់សង្គមមនុស្ស។ សម្រាប់ពួកយើងវិញ ភាពប្រឆាំងមិនមែនតែជាចំណេះដឹងពិត ឬអ្វីដែលទាក់ទងទៅនឹងនយោបាយតែប៉ុណ្ណោះទេ ភាពប្រឆាំងក៏ជាប្រាណវិទ្យាក្នុងន័យទូលំទូលាយដែរ។ ការប្រឆាំងរវៀងកម្លាំងមាននៅគ្រប់ទីកន្លែងក្នុងធម្មជាតិ មិនមែនតែមានក្នុងស្ថាប័នសង្គមមនុស្សទេ។ ប្រពៃណីនៃវិចារវិទ្យានេះមានតាំងពីនៅពេលលោកអង់ហ្គេល សរសេរសៀវភៅ Dialectics of Nature នៅក្នុងឆ្នាំ១៨៨០ គាត់បានសរសេរថា ‘សម្រាប់ខ្ញុំគឺមិនអាចមានសំនួរអំពីការសាងសង់ច្បាប់នៃវិចារវិទ្យានៃធម្មជាតិ (the laws of dialectics of nature) ទេ គឺមានតែការរកឃើញច្បាប់នៃវិចារវិទ្យានៅក្នុងធម្មាជាតិ និងការអភិវឌ្ឍន៍វាតាមនឹង។» (The Dialectical Biologist ទំព័រ២៧៩)ពួកម៉ាក្សនិយម តែងតែនិយាយអំពីការរួបរួមគ្នារវាងទ្រឹស្តី និងការអនុវត្ត។ នៅក្នុងនិក្ខេបទស្តីពីលោក ហ្វយ៉ឺបាក (theses on Feuerbach) ដែលសរសេរដោយលោកម៉ាក់ គាត់បានលើកឡើងថា «ទស្សនវិទូបានត្រឹមតែបកស្រាយពិភពលោកតាមមធ្យោបាយផ្សេងៗគ្នានោះទេ អ្វីដែលសំខាន់ជាងគេ គឺត្រូវតែផ្លាស់ប្តូរវា។» ចំពោះលោកហេហ្គេល គាត់បានចែងថា «បើការពិតជាអរូបី នោះវាមិនមែនជាការពិតទេ។» គ្រប់ការពិត គឺច្បាស់លាស់។ យើងត្រូវពិនិត្យមើលអ្វីៗតាមដែលវាមាននៅ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីភាពប្រឆាំងគ្នានៃការអភិវឌ្ឍន៍ជាមូលដ្ឋាន។ នេះមានសេចក្តីសន្និដ្ឋានសំខាន់ៗណាស់ ជាពិសេសសម្រាប់អ្នកដែលចង់ផ្លាស់ផ្តូរសង្គម។ មិនដូចពួកសង្គមនិយមដែលហួសវិស័យ (utopian socialists) ទេ ដែលមើលឃើញថាសង្គមនិយម គឺជាគំនិតមួយដែលប្រសើរតែប៉ុណ្ណោះ ឯពួកម៉ាក្សនិយមវិញមើលឃើញថាការអភិវឌ្ឍន៍របស់សង្គមនិយម គឺក្រោកឡើងចេញពីភាពប្រឆាំងគ្នានៃមូលធននិយម។ សង្គមមូលធននិយមបានរៀបចំមូលដ្ឋានសំភារៈសម្រាប់សង្គមមួយដែលគ្មានវណ្ណៈ ដោយសារតែមានកំរិតខ្ពស់នៃកម្លាំងផលិតកម្ម និងការបែងចែកកម្លាំងពលកម្មពិភពលោក។ មូលធននិយមបាននាំមកមានវណ្ណៈអធន ដែលវត្តមានរបស់ពួកគាត់បាននាំឲ្យមានការប្រឆាំងគ្នាជាមួយមូលធននិយម។ ផ្អែកទៅលើបទពិសោធន៍នៃវណ្ណៈរបស់ខ្លួន ពួកគាត់នឹងមានការយល់ដឹងសម្រាប់វណ្ណៈរបស់ខ្លួននៅក្នុងសង្គម ហើយនឹងនាំឲ្យមានការបន្លាស់។ យោងទៅតាមសម្តីរបស់លោកម៉ាក់ គាត់និយាយអំពីការបន្លាស់ពីវណ្ណៈក្នុងខ្លួន ទៅ វណ្ណៈសម្រាប់ខ្លួន (“class-in-itself” to a “class-for-itself”)។វិចារវិទ្យាកំណត់នៅក្នុងបច្ច័យនិយម (determinism) ប៉ុន្តែគ្មានអ្វីស្រដៀងគ្នាទៅនឹង អតេកិច្ចនិយម (fatalism) ទេដែលមិនទទួលស្គាល់ថាមានអត្តិភាពនៃបទ្ទវហេតុនៅក្នុងធម្មជាតិ សង្គម និងគំនិត។ បច្ច័យនិយមវិចារវិទ្យា (Dialectical determinism) អះអាងអំពីឯកភាពនៃភាពចាំបាច់ និងភាពចៃដន្យ និងពន្យល់ថាភាពចាំបាច់បញ្ចេញខ្លួនឯងតាមរយះបទ្ទវហេតុ។ គ្រប់ព្រឹត្តិការណ៍មានហេតុ រួមទាំងព្រឹត្តិការណ៍ចាំបាច់ និង ព្រឹត្តិការណ៍ចៃដន្យ។ បើធម្មជាតិគ្មានច្បាប់បុព្វហេតុ អ្វីៗសព្វគ្រប់នឹងឋិតនៅក្នុងស្ថានភាពវឹកវរ នៅក្នុងឋានៈនេះគឺគ្មានអ្វីដែលអាចកកើតឡើងឡើយ ដូច្នេះអ្វីៗគ្រប់យ៉ាង គឺពឹងពាក់ទៅលើគ្នាតាមខ្សែសង្វាក់បន្តនៃហេតុ និងនៃផល។ ព្រឹត្តិការណ៍ពិសេសតែងតែមានភាព ចៃដន្យ ឬក៏លក្ខណៈជាវិសមភាព ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះកើតឡើងដោយសារតែមានភាពចាំបាច់យ៉ាងខ្លាំង។ តាមពិតទៅ ភាពចាំបាច់បញ្ចេញមុខងាររបស់វាតាមរយះ បទ្ទវហេតុជាបន្តបន្ទាប់។ ពិតមែនដែលភាពចៃដន្យកើតឡើង ប៉ុន្តែអ្វីដែលសំខាន់គឺការស្វែងរកច្បាប់ណាមួយដែលអាចកំណត់នឹងភាពចាំបាច់យ៉ាងខ្លាំងនេះ។តាមការសង្កេតសើរៗ អ្វីៗគ្រប់យ៉ាងទាំងអស់ហាក់ដូចជាមានភាពចៃដន្យ ឬមានភាព សំណាង។ យើងងាយនឹងគិតបែបនេះនៅពេលដែលខ្វះការយល់ដឹងនៃច្បាប់ដែលដឹកនាំការផ្លាស់ប្តូរ និងទំនាក់ទំនងរបស់វាទៅវិញទៅមក។ លោក អង់ហ្គេល បានកត់សំគាល់ក្នុងសៀវភៅ Ludwig Feuerbach ថា «នៅប៉ែកខាងក្រៅ ភាពបទ្ទវហេតុមានឥទ្ធិពលច្រើន ប៉ុន្តែវាតែងតែមានការគ្រប់គ្រងពីច្បាប់លួចលាក់ខាងក្នុង ហើយការរកឃើញច្បាប់ទាំងនេះជាបញ្ហារបស់យើង។»នៅក្នុងធម្មជាតិ ការវិវត្តន៍នៃរូបធាតុប្រកបដោយគន្លងជាក់លាក់ ដូចជាការកើតឡើងរបស់វាតាមរបៀបណា ពេលណា និងក្នុងទម្រង់ណា គឺអាស្រ័យទៅលើកាលៈទេសៈដែលកើតឡើងដោយចៃដន្យ។ ឧទាហរណ៍ថា លក្ខខណ្ឌដែលជីវិតបានបង្កើតឡើង ឬក៏មិនបានបង្កើតឡើងលើភពផែនដី គឺអាស្រ័យទៅលើដំណើរការនៃកត្តាចៃដន្យ ដូចជាវត្តមាននៃទឹក ភាពខុសគ្នារវាងវត្ថុធាតុគីមី ចម្ងាយនៃភពផែនដីពីព្រះអាទិត្យ និងបរិយាកាស។ល។ លោកអង់ហ្គេល បាននិយាយថា «គឺជាធម្មជាតិនៃរូបធាតុ ដែលត្រូវឈានទៅរកការវិវត្តន៍នៃការគិតរបស់សត្វលោក។» គាត់និយាយបន្តថា «នេះហើយបានវាតែងតែកើតឡើងជាចាំបាច់រាល់ពេលដែលស្ថានភាពរបស់វាមានវត្តមាន មិនចាំបាច់ថាត្រូវដូចគ្នានៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទេ... អ្វីដែលបានរក្សានៅភាពចាំបាច់ គឺបានផ្សំឡើងដោយភាពចៃដន្យតែប៉ុណ្ណោះ។ ថែមទៅនឹងទៀត អ្វីដែលគេហៅថាភាពចៃដន្យ គឺជាទម្រង់ដែលភាពចាំបាច់បានលាក់ខ្លួនរបស់វានៅពីក្រោយ។»អ្នកប្រវត្តវិទូមួយចំនួនបានសរសេរថាសង្រ្គាមលោកលើកទី១បានកកើតឡើងដោយសារតែគេបានធ្វើឃាតកម្មទៅលើព្រះអង្គម្ចាស់នៅទីក្រុងសារ៉ាយេវ៉ូ (Sarajevo)។ សម្រាប់ពួក ម៉ាក្សនិយម ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ចៃដន្យនៃប្រវត្តិសាស្ត្រ ក្នុងន័យថាព្រឹត្តិការណ៍នេះគ្រាន់តែជាលេស ឬកាតាលីករសម្រាប់ជម្លោះពិភពលោក ដែលជៀសមិនរួចពីភាពប្រឆាំងគ្នានៃសេដ្ឋកិច្ច នយោបាយ និងយោធានៃចក្រពត្តិនិយម។ បើឃាតករនោះបានខកខាន ឬក៏បើព្រះអង្គម្ចាស់មិនបានប្រសូត សង្គ្រាមនឹងនៅតែកកើតឡើងប៉ុន្តែគឺផ្អែកទៅលេស ឬហេតុផលផ្សេងទៀត។ ភាពចាំបាច់នឹងបញ្ចេញខ្លួនតាមបទ្ទវហេតុណាផ្សេងទៀត។តាមសម្តីរបស់លោកហេហ្គេល អ្វីៗទាំងអស់ដែលមានអត្តិភាព គឺមានដោយសារភាពចាំ បាច់។ ស្របទៅនឹង អ្វីៗទាំងអស់ដែលមានអត្តិភាពជៀសមិនផុតពីការវិនាស ដើម្បីប្រែខ្លួនទៅអ្វីផ្សេងទៀត។ ដូចនេះ អ្វីដែលមានភាពចាំបាច់ក្នុងមួយរយះ និងក្នុងមួយកន្លែង នឹងក្លាយទៅជាភាពមិនចាំបាច់ក្នុងមួយរយះ និងក្នុងមួយកន្លែងទៀត។ អ្វីៗទាំងអស់បង្កើតឡើងនៅភាពផ្ទុយគ្នារបស់វា ដែលនាំឲ្យមានការយកឈ្នះ និងធ្វើឲ្យគ្មានប្រយោជន៍។ នេះគឺជាការពិតសម្រាប់ភាវៈរស់បុគ្គល សម្រាប់សង្គម និងសម្រាប់ធម្មជាតិជាទូទៅផងដែរ។គ្រប់ប្រភេទនៃសង្គមមនុស្សដែលមានអត្តិភាព គឺមានដោយសារតែភាពចាំបាច់របស់វានៅរយះពេលមួយនៅពេលវាកើតឡើង។ លោកម៉ាក់ បានសរសេរក្នុងសៀវភៅ Critique of Political Economy ថា «គ្មានសណ្តាប់ធ្នាប់សង្គមណាបាត់បង់ទៅមុនពេលកម្លាំងផលិតកម្មរបស់វាបានអភិវឌ្ឍទេ។ ថែមទៅនឹងទៀត ទំនាក់ទំនងថ្មីជាន់ខ្ពស់នៃផលិតកម្មមិនអាចលេចចេញឡើងមុនពេលលក្ខខណ្ឌសំភារៈនៃអត្តិភាពរបស់វាបានហួសកំណត់ក្នុងសង្គមចាស់ទេ។ ដូចនេះ មនុស្សជាតិតែងតែលើកឡើងបញ្ហាណា ដែលពួកគេអាចដោះស្រាយបាន ព្រោះនៅពេលដែលយើងសង្គេតបញ្ហានោះដោយជាក់លាក់ យើងនឹងរកឃើញថាបញ្ហានោះកកើតឡើងនៅពេលដែលលក្ខខណ្ឌសំភារៈចាំបាច់សម្រាប់ដំណោះស្រាយរបស់វាមាននៅ ឬយ៉ាងហោចណាស់ស្ថិតនៅក្នុងដំណើរការនៃការបង្កើតឡើង។»សម័យទាសភាពតំណាងឲ្យការចាកចេញផុតពីភាពព្រៃផ្សៃ (Barbarism)។ វាគឺជាដំណាក់កាលចាំបាច់ក្នុងការអភិវឌ្ឍន៍នៃកម្លាំងផលិតកម្ម វប្បធម៌ និងសង្គមមនុស្ស។ ដូចលោកហេហ្គេល បានពន្យល់ថា «វាមិនមែនពីសម័យទាសភាពទេ តែតាមសម័យទាសភាពដែលមនុស្សបានសេរីភាព។»មូលធននិយមក៏ជាដំណាក់កាលមួយដ៏ចាំបាច់ និងរីកចម្រើនក្នុងសង្គមមនុស្សដែរ។ ប៉ុន្តែដូចគ្នាទៅនឹងកុម្មុយនិសបុព្វកាល (primitive communism) សម័យទាសភាព និងសម័យសក្តិភូមិនិយម សម័យមូលធននិយមបានហួសផុតក្នុងការតំណាងភាពចាំបាច់ និងភាពរីកចម្រើននៃប្រព័ន្ធសង្គមហើយ។ វាបានដួលរំលំដោយសារតែមានភាពប្រឆាំងគ្នាក្នុងប្រព័ន្ធ ហើយនឹងត្រូវមានកម្លាំងសង្គមថ្មីកើនឡើងក្នុងសង្គមចាស់ ដែលមានពួកវណ្ណៈ អធនទំនើបជាអ្នកតំណាង។ កម្មសិទ្ធិឯកជននៃមធ្យោបាយផលិតកម្ម និងរដ្ឋជាតិ ដែលជាលក្ខណៈជាមូលដ្ឋាននៃសង្គមមូលធននិយមសំគាល់អោយការវិវឌ្ឍន៍ថ្មីមួយ ប៉ុន្តែឥឡូវនេះគ្រាន់តែធ្ចើឲ្យអន្តរាយដល់កម្លាំងផលិតកម្មផង និងផលចំណេញដែលបានកសាងឡើងក្នុងរាប់សតវត្សនៃការអភិវឌ្ឍន៍មនុស្សផងដែរ។មូលធននិយមបានក្លាយទៅជាប្រព័ន្ធសង្គមមួយដ៏អន់ថយ ហើយបើវប្បធម៌របស់មនុស្សគឺនៅតែមានមូលធននិយម គឺត្រូវតែផ្តួលរំលំដើម្បីជំនួសដោយប្រព័ន្ធផ្ទុយរបស់វាហៅថាសង្គមនិយម។ លទ្ធិម៉ាក់និយមជាបច្ច័យនិយម តែមិនមែនជាអតេកិច្ចនិយម។ បុរស និងស្រ្តីជាអ្នកបង្កើតប្រវត្តសាស្ត្រ។ ការផ្លាស់ប្តូរនៃសង្គមមានភាពជោគជ័យនៅពេលដែលបុរស និងស្ត្រីប្រឹងប្រែងដោយមនសិការំដោះខ្លួនពីអ្នកគៀបសង្កត់។ ការពុះពារតស៊ូវណ្ណៈមិនបានកំណត់ជាមុនទេ។ អ្នកដែលឈ្នះគឺផ្អែកទៅលើកត្តាជាច្រើន។ ថែមទៅនឹងទៀត វណ្ណៈ ដែលរីកចម្រើនទទួលបានប្រយោជន៍ច្រើនលើកម្លាំងប្រតិកិរិយាចាស់ ប៉ុន្តែលទ្ធផលគឺអាស្រ័យទៅលើខាងណាមានឆន្ទៈខ្លាំងជាង និងមានអ្នកដឹកនាំប្រសើរជាង។ភាពជោគជ័យនៃសង្គមនិយមនឹងសម្គាល់ទុកនៅតំណាក់កាលថ្មីនៃប្រវត្តសាស្ត្រមនុស្ស គឺការសម្គាល់ចុងបញ្ជប់នៃបុរេប្រវត្តិសាស្ត្រនៃពូជមនុស្ស ហើយនឹងចាប់ផ្តើមមាន ប្រវត្តិសាស្ត្រពិត។ទោះជាយ៉ាងណា សង្គមនិយម គឺសម្គាល់ទៅលើការត្រឡប់មកវិញនៃសណ្ឋានដំបូងនៃសង្គមមនុស្ស ហៅថាកុម្មុយនិស្តកុលសម្ព័ន្ធ (tribal communism) ប៉ុន្តែការត្រឡប់មកវិញនេះ គឺនៅលើកម្រិតមួយយ៉ាងខ្ពស់ដែលឈរលើផលប្រយោជន៍ដ៏ធំសម្បើមនៃសង្គម វណ្ណៈ (class society) រាប់ពាន់ឆ្នាំមក។ ការឆាចោលនៃកុម្មុយនិស្តបុព្វកាល ដោយសង្គមវណ្ណៈ គឺត្រូវបានឆាចោលដោយសង្គមនិយម។ សេដ្ឋកិច្ចនៃភាពសម្បូរបែប គឺត្រូវសម្រេចបានដោយសារតែការអនុវត្តផែនការដោយមនសិការក្នុងឧស្សាហកម្ម ក្នុងវិទ្យាសាស្រ្ត និងក្នុងបច្ចេកទេស ដែលបានបង្កើតឡើងដោយសង្គមមូលធននិយមលើកម្រិតពិភពលោក។ នេះនឹងធ្វើឲ្យការបែងចែកកម្លាំងពលកម្មមិនអាចខ្វះ ឬលើសបាន ដូចជាភាពខុសគ្នារវាងពលកម្មផ្លូវចិត្ត និងពលកម្មរាងកាយ ភាពខុសគ្នារវាងទីក្រុង និងជនបទ និងការពុះពារតស៊ូវណ្ណៈដ៏ខ្ចះខ្ចាយ នឹងអនុញ្ញាតឲ្យពូជមនុស្សកំណត់ធនធានរបស់ខ្លួនក្នុងសញ្ជ័យនៃធម្មជាតិ។ យើងអាចប្រើឃ្លាដ៏ល្បីល្បាញរបស់លោកអង់ហ្គេល៖ ការលោតផ្លោះរបស់មនុស្សពីអាណាចក្រនៃភាពចាំបាច់ ទៅកាន់ពិភពនៃសេរីភាព។The ABC of Materialist Dialecticsសរសេរដោយ លោក លីអន ត្រតស្គ៊ី (Leon Trotsky)វិចារវិទ្យាមិនមែនជាការប្រឌិត ឬជំនឿអធិធម្មជាតិទេ តែគឺជាវិទ្យាសាស្ត្រនៃសណ្ឋាននៃការគិតរបស់យើងក្នុងកំរិតដែលវាមិនកំណត់ទៅនឹងបញ្ហាប្រចាំនៃជីវិត ប៉ុន្តែជាការព្យាយាមស្វែងយល់អំពីដំណើរការដែលស្មុគស្មាញ និងវែង។ វិចារវិទ្យា និងតក្កវិជ្ជាផ្លូវការមានទំនាក់ទំនងស្រដៀងគ្នាទៅនឹងភាពខុសគ្នារវាងគណិតវិទ្យាកំរិតខ្ពស់ និងគណិតវិទ្យាកំរិតទាប។ឥឡូវយើងនឹងព្យាយាមបង្ហាញពីខ្លឹមសារនៃបញ្ហាឲ្យមានទម្រង់ច្បាស់លាស់។ តក្កវិជ្ជាអារីស្តូតនិយម (Aristotelian logic) នៃតក្កសាស្ត្រ (syllogism) ចាប់ផ្តើពីសំណើថា A ស្មើនឹង A។ ការសន្មត់នេះ គឺត្រូវបានទទួលយកជាការពិតសម្រាប់សកម្មភាពរបស់មនុស្សជាក់ស្តែង និងភាពទូទៅជាបឋមប៉ុន្តែ A គឺមិនស្មើនឹង A ទេ។យើងអាចបង្ហាញថាវាមិនស្មើគ្នាមែន បើយើងសង្កេតបន្ថែមទៀតទៅលើអក្សរទាំងពីរនេះ យើងនឹងឃើញថាវាមានភាពខុសពីគ្នា។ប៉ុន្តែគេអាចប្រឆាំងថា អ្វីដែលសំខាន់គឺមិនមែនជាទំហំ ឬទម្រង់នៃអក្សរទេ ព្រោះវាគ្រាន់តែជានិតមិត្តសញ្ញាសម្រាប់បរិមាណដែលស្មើគ្នា ឧទាហរណ៍ដូចជា៖ ស្ករ១គីឡូក្រាម.ការប្រឆាំងនេះ គឺមិនចំហេតុ។ តាមការជាក់ស្តែងស្ករ១គីឡូក្រាម មិនដែលស្មើនឹងស្ករ ១ គីឡូក្រាមទេ។ ការថ្លឹងបន្ថែមនឹងបង្ហាញពីភាពខុសគ្នា។គេអាចប្រឆាំងទៀតថា៖ ស្ករ១គីឡូក្រាម គឺស្មើនឹងខ្លួនវា។ នេះក៏នៅតែមិនពិត ពីព្រោះទំហំ ទម្ងន់ ពណ៌ និងអ្វីៗជាច្រើនទៀតផ្លាស់ប្តូរមិនឈប់ឈរ។ វាមិនដែលស្មើនឹងខ្លួនវាទេ។អ្នកបំភាន់នឹងឆ្លើយថាស្ករ១គីឡូក្រាម ស្មើនឹងខ្លួនវានៅរយះពេលមួយ។ ក្រៅពីសេចក្តីជែងថាពិតនេះ វាក៏មិនចុះចូលទៅក្នុងការរិះគន់ទ្រឹស្តីផងដែរ។ តើយើងគួរគិតអំពីពាក្យ «រយះពេល» តាមរបៀបណា? បើវាជាចន្លោះពេលមួយដែលគ្មានកំណត់ នោះក្នុងរយះពេលមួយនឹង ស្ករ១គីឡូក្រាមដាច់ខាតនឹងមានការផ្លាស់ប្តូរ។ ឬក៏រយះពេលគ្រាន់តែជាគណិតវិទ្យាអរូបី ដែលមានតម្លៃជាសូន្យនៃពេលវេលា? ប៉ុន្តែអ្វីគ្រប់យ៉ាងមាននៅក្នុងពេលវេលា ហើយអត្តិភាព គឺជាដំណើរការផ្លាស់ប្តូរគ្មានការរំខាន។ ដូច្នេះពេលវេលា គឺជាធាតុសំខាន់នៃអត្តិភាព។ដូច្នេះ A ស្មើនឹង A សំដៅថាវាស្មើនឹងខ្លួនវាប្រសិនបើវាមិនផ្លាស់ប្តូរ នោះគឺប្រសិនបើវាគ្មានអត្តិភាព។តាមការសង្កេតដំបូង វាអាចហាក់ដូចជាភាពប្រសប់ទាំងនេះ គឺឥតប្រយោជន៍។ តាមការពិតវាមានអត្ថន័យសំខាន់ណាស់។ សេចក្តីជែងថា A ស្មើនឹង A បង្ហាញពីចំណុចមួយនៃការចាកចេញនៃចំណេះដឹងរបស់យើង ប៉ុន្តែវាក៏បង្ហាញពីចំណុចមួយនៃការចាកចេញនៃរាល់កំហុសចំណេះដឹងរបស់យើងដែរ។យើងអាចថា A ស្មើនឹង A បានតែក្នុងដែនកំណត់ជាក់លាក់ប៉ុណ្ណោះ។ ពេលការផ្លាស់ប្តូរ បរិមាណនៃ A អាចទុកចោលបានសម្រាប់កិច្ចការដែលកំពុងដោះស្រាយ យើងអាចនិយាយថា A គឺស្មើនឹង A។ នេះគឺស្រដៀងទៅនឹងអាកប្បកិរិយារបស់អ្នកលក់ និងអ្នកទិញនៅពេលដែលពួកគាត់គិតអំពីស្ករ១គីឡូក្រាម។យើងគិតអំពីសីតុណ្ហភាពនៃព្រះអាទិត្យដូចគ្នាដែរ។ រហូតមកដល់ពេលថ្មីៗនេះ យើងចាត់ទុកអំណាចនៃការទិញប្រាក់ដុល្លារក្នុងវិធីដូចគ្នា។ ប៉ុន្តែការផ្លាស់ប្តូរបរិមាណហួសដែនកំណត់នាំឲ្យប្រែក្លាយទៅជាអ្វីមួយ ដែលមានគុណភាព។ នៅពេលដែលស្ករ១គីឡួក្រាមបានលាយជាមួយទឹក ឬប្រេងកាត វានឹងមិនមែនជាស្ករ១គីឡូក្រាមទៀតទេ។ លុយ១ ដុល្លារនៅក្នុងកណ្តាប់ដៃរបស់ប្រធានាធិបតីលែងស្មើនឹង១ដុល្លារហើយ។ ដើម្បីកំណត់ថាពេលវេលាណា ដែលការផ្លាស់ប្តូរបរិមាណប្រែទៅជាអ្វីមួយដែលមានគុណភាព គឺជា កិច្ចការយ៉ាងសំខាន់ និងលំបាកបំផុតនៅក្នុងគ្រប់វិស័យនៃចំណេះដឹង រួមទាំងវិស័យ សង្គមវិទ្យា។គ្រប់កម្មករដឹងថាការបង្កើតវត្ថុពីរស្រដៀងគ្នាទាំងស្រុងគឺមិនអាចធ្វើបានឡើយ។ តាមការបរិយាយលំអិតនៃការបង្កើតរីងបាដាងចេញពីឡតស្ពាន់ គម្លាតជាក់លាក់មួយត្រូវបានអនុញ្ញាតឲ្យកោណហ្នឹង ប៉ុន្តែគម្លាតនឹងមិនគួរទៅហួសដែនកំណត់របស់វាទេ នេះគេហៅថាប្រលោះ (tolerance)។ នៅពេលដែលកំពុងសង្កេតមើលបទដ្ឋាននៃប្រលោះនេះ យើងចាត់ទុកកោណថាមានតម្លៃដូចគ្នា ដូច A ស្មើនឹង A។ ពេលប្រលោះនោះត្រូវបានឡើងហួស នេះហើយបរិមាណនឹងក្លាយទៅជាគុណភាព។ យើងអាចនិយាយថាឡតស្ពាន់នោះអស់ប្រយោជន៍។ការគិតបែបវិទ្យាសាស្រ្តររបស់យើង គ្រាន់តែជាផ្នែកមួយនៃការអនុវត្តន៍ទូទៅ និងបច្ចេកទេសរបស់ពួកយើងទេ។ គំនិតមាន «ប្រលោះ» ហើយបានបង្កើតឡើងពីតក្កវិទ្យាវិចារវិទ្យា (dialectical logic) ដែលយល់ឃើញថាអ្វីៗទាំងអស់តែងតែផ្លាស់ប្តូរ។ លក្ខណៈរបស់ «សុភវិនិច្ឆ័យ» ត្រូវបានកំណត់ដោយហេតុ ដែលវាជាប្រព័ន្ធហួសពី «ប្រលោះ» វិចារវិទ្យា។គំនិតអាក្រក់ប្រតិបត្តជាមួយគំនិតដូចជា មូលធននិយម សីលធម៌ រដ្ឋកម្មករ និងជាច្រើនទៀតជា អរូបីថេរ (fixed abstractions) ដែលសន្មត់ថាមូលធននិយមស្មើនឹង មូលធននិយម សីលធម៌ស្មើនឹងសីលធម៌។ល។ គំនិតវិចារវិទ្យាសង្កេតអ្វីៗទាំងអស់ និងបាតុភូតថា វាមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ហើយក៏កំណត់លក្ខខណ្ឌសំភារៈនៃការផ្លាស់ ប្តូរនោះ ដែលជាដែនកំណត់ដ៏សំខាន់នៅពេលដែល A លែងជា A និងរដ្ឋកម្មករលែងជារដ្ឋកម្មករ។កំហុសជាមូលដ្ឋាននៃគំនិតអាក្រក់ គឺវាចង់បំពេញខ្លួនវាដោយភាពអចលនានៃតថភាព ដែលមានចលនាអនន្ត។ ការគិតបែបវិចារវិទ្យាផ្តល់ឲ្យគំនិតតាមរយះការប៉ាន់ប្រមាណកាន់តែជិត ការកែតម្រូវ ភាពច្បាស់លាស់ ភាពសម្បូរបែបនៃខ្លឹមសារ និងភាពបត់បែន។ ខ្ញុំហ៊ាននិយាយថា វាជាភាពមានទឹកដម ដែលនៅក្នុងកំរិតជាក់លាក់មួយនាំអ្វីទាំងនោះឲ្យខិតទៅជិតបាតុភូតរស់នៅ។ មិនមែនជាមូលធននិយមជាទូទៅទេ ប៉ុន្តែគឺជាមូលធននិយម ដែលស្ថិតនៅក្នុងលំដាប់មួយនៃការអភិវឌ្ឍន៍។ មិនមែនជារដ្ឋកម្មករជាទូទៅទេ ប៉ុន្តែគឺជារដ្ឋកម្មករដែលស្ថិតនៅក្នុងប្រទេសអនាភិវឌ្ឍន៍មួយក្នុងការឡោមព័ន្ធអ្នកចក្រពត្តិនិយម។ល។គំនិតវិចារវិទ្យាមានទំនាក់ទំនងជាមួយគ្នានឹងគំនិតសាមញ្ញ ដូចទៅនឹងភាពយន្តមានទំនាក់ទំនងជាមួយគ្នានឹងរូបថតមួយសន្លឹក។ ភាពយន្តមិនបន្សាត់ចោលរូបថតមួយសន្លឹកហ្នឹងទេ វាគឺរួមបញ្ចូលនូវស៊េរីនៃពួកវាយោងទៅតាមច្បាប់នៃចលនា។ វិចារវិទ្យាមិនបដិសេធទៅនឹងតក្កសាស្រ្តទេ ប៉ុន្តែបង្រៀនយើងឲ្យរួមបញ្ចូលតក្កសាស្រ្តក្នុងវិធីសាស្រ្តមួយដែលនាំឲ្យយើងយល់ថែមទៅនឹងការផ្លាស់ប្តូរតថភាពជាអនន្ត។តក្កវិជ្ជារបស់លោកហេហ្គេល បង្កើតបានច្បាប់ជាច្រើនដូចជា៖ ការផ្លាស់ប្តូរនៃបរិមាណទៅជាគុណភាព ការអភិវឌ្ឍន៍តាមភាពផ្ទុយគ្នា (development through contradictions) ភាពប្រឆាំងនៃមាតិកានិងទម្រង់ (conflict of content and form) ការរំខាននៃនិរន្តភាព (interruption of continuity) ការផ្លាស់ប្តូរនៃលទ្ធភាពទៅជាភាពជៀសមិនរួច (change of possibility into inevitability)។ល។ នេះ គឺសំខាន់សម្រាប់បង្កើនចំណេះដឹងទ្រឹស្តី ដូចដែលតក្កសាស្រ្តមានផលប្រយោជន៍ចំពោះកិច្ចការងាយៗ។លោកហេហ្គេល បានសរសេរទុកមុនលោកដាវីន និងមុនលោកម៉ាក់។ ការបដិវត្តន៍នៅប្រទេសបារាំងបានបង្កើតឡើងគំនិតប្រសើរយ៉ាងច្រើន ហើយបាននាំឲ្យលោកហេហ្គេល ព្រាងទុកចលនាទូទៅនៃវិទ្យាសាស្រ្ត។ ប៉ុន្តែដោយសារវាគ្រាន់តែជាការរំពឹងទុក វាទទួលបានលក្ខណៈតថនិយមពីលោកហេហ្គេល ។ គាត់បានប្រតិបត្តិ ដោយចាត់ទុកស្រមោលមនោគមវិជ្ជាជាការពិតខ្ពស់បំផុត។ ឯលោកម៉ាក់ ពន្យល់ថាចលនានៃស្រមោលមនោគមវិជ្ជាឆ្លុះបញ្ជាំងពីអ្វីមិនក្រៅពីចលនានៃរាងកាយសំភារៈ។យើងហៅវិចារវិទ្យារបស់យើងថាជាសំភារៈនិយម ពីព្រោះឬសគល់របស់វាមិនស្ថិតនៅឋានសួគ៌ ឬក៏នៅក្នុងជម្រៅនៃឆន្ទះសេរីរបស់យើងទេ ប៉ុន្តែដោយសារវាស្ថិតនៅក្នុងការពិត និងនៅក្នុងធម្មជាតិ។ សេចក្តីដឹងខ្លួនកើតឡើងពីសេចក្តីមិនដឹងខ្លួន ចិត្តវិទ្យាកើតចេញពី សរីរវិទ្យា ពិភពសរីរាង្គកើតចេញពីអសរីរាង្គ និង ប្រព័ន្ធព្រះអាទិត្យកើតចេញពីនេប៊ូឡា។ នៅលើគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍នៃជណ្ដើរនេះ ការផ្លាស់ប្តូរបរិមាណត្រូវបានផ្លាស់ប្តូរទៅជាគុណភាព។ ការគិតរបស់យើង រួមទាំងគំនិតវិចារវិទ្យាគ្រាន់តែជាទម្រង់មួយនៃការផ្លាស់ប្តូររូបធាតុ។ នៅក្នុងប្រព័ន្ធនេះ គ្មានកន្លែងណាមួយសម្រាប់ព្រះ ឬបិសាច ឬព្រលឹងអមតះ ឬបទដ្ឋានអស់កល្បនៃច្បាប់ និងសីលធម៌ទេ។ វិចារវិទ្យានៃការគិត ដែលបានកើតចេញពីវិចារវិទ្យានៃធម្មជាតិ មានលក្ខណៈសំភារៈនិយមយ៉ាងហ្មត់ចត់។លទ្ធដាវីននិយម (Darwinism) ដែលពន្យល់ពីការវិវឌ្ឍន៍នៃជំពូកតាមរយះការផ្លាស់ប្តូរ បរិមាណទៅជាគុណភាព គឺជាជ័យជំនះខ្ពស់បំផុតនៃវិចារវិទ្យាក្នុងវិស័យសារធាតុសរីរាង្គទាំងមូល។ ជ័យជំនះមួយទៀតដែលប្រសើរ គឹការរកឃើញនៃតារាងទម្ងន់អាតូមនៃធាតុ គីមី និងការបំប្លែងធាតុមួយទៅធាតុមួយទៀត។ ការផ្លាស់ប្តូរទាំងនេះនៃជំពូក និងធាតុមានទំនាក់ទំនងជាមួយនឹងការបែងចែកជាថ្នាក់ ដូចដែលវាមានសារៈសំខាន់ក្នុងធម្មជាតិ និងក្នុងវិទ្យាសាស្រ្តសង្គមផងដែរ។ ប្រព័ន្ធលីនាស (Linnaeus’ system) (សតវត្សទី១៨) ដែលប្រើភាពមិនប្រែប្រួលនៃប្រភេទសត្វជាចំណុចចាប់ផ្តើមដំបូង មានការកំណត់ទៅនឹងការពិពណ៌នា និងការចាត់ថ្នាក់នៃរុក្ខជាតិតាមលក្ខណៈខាងក្រៅរបស់វា។រយះពេលដំបូងនៃរុក្ខសាស្រ្ត គឺស្រដៀងគ្នាទៅនឹងរយះពេលដំបូងនៃតក្កវិទ្យា ពីព្រោះទម្រង់នៃគំនិតរបស់យើងអភិវឌ្ឍន៍ឡើងដូចទៅនឹងអ្វីៗទាំងអស់ដែលមានជីវិត។ មានតែការបដិសេធយ៉ាងដាច់អហង្ការនៃគំនិតនៃប្រភេទថេរ មានតែការសិក្សាអំពីប្រវត្តិនៃការ វិវត្តន៍នៃរុក្ខជាតិ និងកាយវិភាគសាស្ត្ររបស់វាប៉ុណ្ណោះ ដែលរៀបចំមូលដ្ឋានសម្រាប់ការចាត់ថ្នាក់តាមបែបវិទ្យាសាស្ត្ររួច។លោកម៉ាក់ ខុសពីលោកដាវីន គឺជាវិចារវិទូដឹងខ្លួន គាត់បានរកឃើញមូលដ្ឋានមួយសម្រាប់ការចែកថ្នាក់បែបវិទ្យាសាស្រ្តនៃសង្គមមនុស្សក្នុងការអភិវឌ្ឍន៍នៃកម្លាំងផលិតភាព និងរចនាសម្ព័ន្ធនៃទំនាក់ទំនងនៃកម្មសិទ្ធិ ដែលបង្កើតជាសមាសភាគនៃសង្គម។ លទ្ធិម៉ាក្សនិយមជំនួសឲ្យការចែកថ្នាក់អាក្រក់នៃសង្គម និងរដ្ឋ ដោយការចាត់ថ្នាក់វិចារវិទ្យាសំភារៈនិយម ដែលសព្វថ្ងៃនេះនៅមានឥទ្ធិពលនៅក្នុងសាកលវិទ្យាល័យជាច្រើន។ មានតែវិធីសាស្ត្ររបស់លោក ម៉ាក់ (Marx) ទេដែលយើងអាចកំណត់ផ្នត់គំនិតនៃរដ្ឋកម្មករ និងនៅពេលដែលវានឹងដួលរលំឲ្យ។យើងអាចយល់ឃើញហើយថាគ្មានអ្វីដែលចូលទម្រង់ជាបរមតវិជ្ជា ឬទស្សនៈវិជ្ជាទំនើបទេ។ គំនិតនៃវិចារវិទ្យាបង្ហាញពីច្បាប់នៃចលនាក្នុងគំនិតវិទ្យាសាស្ត្រសហសម័យ។ ឯការប្រឆាំងទៅនឹងវិចារវិទ្យាសំភារៈនិយមវិញបង្ហាញពី ការអភិរក្សអតីតកាលនៃពួកចុល្លគហបតី (petty bourgeoisie) និងក្តីសង្ឃឹមសម្រាប់ជីវិតក្រោយ។ដកចេញពីពី «Ludwig Feuerbach and the End of Classical German Philosophy»ដោយលោក ហ្រ្វីឌ្រីក អង់ហ្គេល (Friedrich Engels)ក្រៅពីការរំលាយសាលាហេហ្គេល មានការអភិវឌ្ឍន៍ទំនោរមួយទៀតដែលដុះបានផ្លែឈើ ពិត។ ទំនោរមួយនេះមានទំនាក់ទំនងជាមួយកេរ្តិ៍ឈ្មោះរបស់លោកម៉ាក់។ការបំបែកចេញពីទស្សនវិជ្ជាហេហ្គេលនិយម ក៏ជាលទ្ធផលនៃការត្រឡប់មកវិញចំពោះ ទស្សនៈសំភារៈនិយម។ មានន័យថា វាត្រូវបានសម្រេចចិត្តយោគយល់អំពីពិភពពិត ដូចជាធម្មជាតិ និងប្រវត្តសាស្ត្រជាដើម។ វាបង្ហាញខ្លួនវាទៅមនុស្សទាំងអស់ដែលសិក្សាអំពីវាដោយគ្មានការស្មានទុកគំនិតអរូបីជាមុន។ វាក៏បានធ្វើពលីកម្មទៅលើពួកតថនិយម ដែលគ្មានសមត្ថភាពក្នុងការបែកចែកភាពខុសគ្នារវាងការពិតដែលកើតឡើងក្នុងគំនិតរបស់ខ្លួន និងមិនមែនកើតឡើងនៅក្នុងទំនាក់ទំនងរវាងអ្វីៗផ្សេងៗ ។ លទ្ធិសំភារៈនិយមមិនមានន័យអ្វីច្រើនជាងនេះទេ ប៉ុន្តែនៅពេលនេះទស្សនៈសំភារៈនិយមបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងជាលើកដំបូង ហើយត្រូវបានយកទៅអនុវត្តជាបន្តបន្ទាប់ក្នុងគ្រប់វិស័យនៃ តំរិះវិទ្យា។លោកហេហ្គេល មិនបានគេទុកចោលទេ។ វិធីសាស្ត្រនៃវិចារវិទ្យារបស់គាត់ត្រូវបានគេយកមកអភិវឌ្ឍន៍ជាដំបូង។ ប៉ុន្តែក្នុងទម្រង់ហេហ្គេលនិយម វិធីសាស្ត្រនេះគឺប្រើមិនកើត។ យោងតាមលោកហេហ្គេល វិចារវិទ្យា ជាការអភិវឌ្ឍន៍ផ្ទាល់ខ្លួននៃគំនិត។ គំនិតដាច់ខាតមិនត្រឹមតែមានក្រៅពីអនន្តភាពទេ តែវាក៏ជាព្រលឹងរស់នៅពិតនៃពិភពលោកទាំងមូលផងដែរ។ វាអភិវឌ្ឍន៍ទៅជាខ្លួនឯងតាមរយៈការឆ្លងកាត់គ្រប់ដំណាក់កាលបឋមទាំងអស់ ដែលត្រូវបានពិនិត្យយ៉ាងលម្អិតក្នុងតក្កវិជ្ជា។ បន្ទាប់មកវាឃ្លាតខ្លួនឯងចេញតាមរយៈផ្លាស់ប្តូរទៅជាធម្មជាតិ ដែលមិនដឹងខ្លួន ហើយវាក្លែងខ្លួនជាតម្រូវការធម្មជាតិ។ វាឆ្លងកាត់ការអភិវឌ្ឍន៍ថ្មី ហើយទីបំផុតក៏ត្រលប់មកវិញដូចមនុស្សមានស្មារតី។ ការដឹងខ្លួននេះនឹងបរិយាយខ្លួនឯងម្តងទៀតក្នុងប្រវត្តសាស្រ្តក្នុងទម្រង់ឆៅ រហូតដល់គំនិតដាច់ខាតត្រលប់មកខ្លួនឯងវិញម្តងទៀត ជាទស្សនវិជ្ជាហេហ្គេលនិយម។ យោងតាមលោកហេហ្គេល ការអភិវឌ្ឍន៍នៃវិចារវិទ្យា ដែលមាននៅក្នុងធម្មជាតិ និងប្រវត្តសាស្រ្តនោះ គឺជាទំនាក់ទំនងសហេតុនៃចលនារីកចម្រើនពីទាបជាងទៅខ្ពស់ជាង ដែលអះអាងខ្លួនឯងតាម រយៈគ្រប់ចលនាក្ងិកក្ងក និងចលនាថយក្រោយបណ្តោះអាសន្ន គ្រាន់តែជាការចម្លងនៃចលនាផ្ទាល់ខ្លួននៃគំនិតដែលបន្តពីភាពអស់កល្បជានិច្ច គ្មាននរណាដឹងថាបន្តទៅទីណា ប៉ុន្តែនៅគ្រប់ព្រឹត្តការណ៍ទាំងអស់ដែលឯករាជ្យពីការគិតរបស់មនុស្ស។ ការបំផ្លិចបំផ្លាញមនោគមវិជ្ជានេះត្រូវតែបំបាត់ចោល។ យើងបានប្រគាប់យកទស្សនៈសំភារៈនិយមដើម្បីស្វែងយល់ពីគំនិតក្នុងខួរក្បាលរបស់យើង ដោយចាត់ទុកវាជារូបភាពតំណាងឲ្យអ្វីៗដែលពិត ជាជាងអ្វីៗដែលពិត គឺជារូបភាពនៃអ្វីមួយ ឬក៏នៃដំណាក់កាលនៃគំនិតដាច់ខាត។ ដូច្នេះ វិចារវិទ្យាបង្រួមខ្លួនវាទៅជាវិទ្យាស្រ្តនៃច្បាប់ទូទៅនៃចលនាសម្រាប់ភពក្រៅ និងគំនិតមនុស្ស វាជាពីរសំណុំនៃច្បាប់ដែលមានខ្លឹមសារដូចគ្នា ប៉ុន្តែមានកន្សោមខុសគ្នា ឲ្យតែគំនិតមនុស្សអាចអនុវត្តវាដោយមនសិការ។ ខណៈពេលដែលនៅក្នុងធម្មជាតិ និងរហូតមកដល់បច្ចុប្បន្ន សម្រាប់ផ្នែកភាគច្រើននៃប្រវត្តសាស្ត្រមនុស្ស ច្បាប់ទាំងនេះអះអាងខ្លួនឯងក្នុងទម្រង់នៃភាពចាំបាច់ខាងក្រៅនៅចំពេលចៃដន្យ ដែលហាក់បីដូចជាគ្មានទីបញ្ចប់។ ហេតុនេះ វិចារវិទ្យានៃគំនិតបានគ្រាន់តែក្លាយជាការឆ្លុះបញ្ចាំងនៃចលនានៃវិចារវិទ្យានៃពិភពពិត ហើយដូច្នេះវិចារវិទ្យានៃលោកហេហ្គេល ត្រូវបានប្រែក្លាយ។ វិចារវិទ្យាសំភារៈនិយមនេះ ដែលជាច្រើនឆ្នាំមកហើយជាគំនិតដ៏សំខាន់ និងប្រសើរបានរកឃើញដោយពួកយើង និងដោយកម្មករជនជាតិអាល្លឺម៉ង់លោកយ៉ូសែប ឌិតស្កែន (Joseph Dietzgen)។ (២)ទោះយ៉ាងណាក៏ដោយ ផ្នែកបដិវត្តន៍នៃទស្សនវិជ្ជាហេហ្គេលនិយម ត្រូវបានគេយកមកប្រើ ហើយស្របទៅនឹងពេលនេះត្រូវបានផ្តាច់ចេញពីភាពបរាជ័យនៃលទ្ធិតថនិយម ដែលលោកហេហ្គេល បានរារាំងការប្រតិបត្តិជាប់លាប់របស់វា។ គំនិតដ៏អស្ចារ្យដែលពន្យល់ថាពិភពលោកមិនមែនជាអ្វីដែលមានស្រាប់ ប៉ុន្តែជាដំណើរការមួយដែលស្មុគស្មាញ ដែលអ្វីៗតាមការប្រមើលទៅមានស្ថេរភាពឆ្លងកាត់ការផ្លាស់ប្តូរឥតឈប់ឈរនៃការក្លាយជា និងការហួសទៅវិញ ដែលក្នុងនោះទោះបីជាអ្វីៗទាំងអស់ហាក់ដូចជាចៃដន្យ និងជាដំណើរថយក្រោយបណ្តោះអាសន្នក៏ដោយ ការអភិវឌ្ឍន៍រីកចម្រើននឹងបញ្ញេញខ្លួននៅទីបញ្ចប់។ គំនិតជាមូលដ្ឋានដ៏ប្រសើរនេះ ជាពិសេសចាប់តាំងពីសម័យលោកហេហ្គេល បានជ្រាបចូលទៅក្នុងមនសិការធម្មតា ដែលក្នុងន័យទូទៅនេះ វាកំរមានការប្រឆាំង។ ប៉ុន្តែដើម្បីទទួលស្គាល់ការគិតជាមូលដ្ឋាននេះជាសម្តី និងជាការអនុវត្តជាក់ស្តែងក្នុងដែននៃការស៊ើបអង្គេតនីមួយៗ គឺជារឿងពីរផ្សេងគ្នា។ បើការស៊ើបអង្គេតចាប់ផ្តើមពីទស្សនៈនេះ តម្រូវការសម្រាប់ដំណោះស្រាយចុងក្រោយ និងសេចក្តីពិតនឹងឈប់មានជានិច្ច ពីព្រោះមនុស្សម្នាក់តែងតែដឹងអំពីដែនកំណត់នៃគ្រប់ចំណេះដឹង ដែលអាចទទួលបាន ដែលជាការពិតវាត្រូវបានកំណត់ដោយកាលៈទេសៈដែលត្រូវបានទទួល។ ម៉្យាងវិញទៀត បុគ្គលលែងអនុញ្ញាតឲ្យខ្លួនឯងជួបទៅនឹងសភាពផ្ទុយគ្នា ដែលមិនអាចយកជ័យជំនះបានចំពោះបរមតវិជ្ជាវ័យ ចាស់ រវាងភាពពិត និងមិនពិត ល្អ និងអាក្រក់ ភាពដូចគ្នា និងខុសគ្នា ភាពចាំបាច់ និងភាពចៃដន្យ។ យើងដឹងថាសភាពផ្ទុយគ្នានេះមានសុពលភាពរវាងតែទំនាក់ទំនងជាយមួយគ្នាទេ អ្វីដែលគេត្រូវបានទទួលស្គាល់ថាជាការពិតក៏មានផ្នែកមិនពិតដែរហើយវានឹងបង្ហាញខ្លួនវាយ៉ាងច្បាស់លាស់ ដូចដែរអ្វីដែលគេត្រូវបានទទួលស្គាល់ថាមិនពិតក៏មានផ្នែកពិតដែរ ដែលពីមុនគេអាចចាត់ទុកវាថាពិត។ យើងដឹងថាអ្វីដែលបានរក្សាទុកថាជាភាពចាំបាច់ គឺផ្សំឡើងពីភាពចៃដន្យទាំងស្រុង ហើយភាពចៃដន្យនោះ គឺជាទម្រង់មួយដែលភាពចាំបាច់បានលាក់ខ្លួនពីក្រោយ។លោកហេហ្គេល ហៅវិធីសាស្រ្តនៃការស៊ើបអង្គេត និងគំនិតនេះថាជា «បរមតវិជ្ជា» ដែលចូលចិត្តស៊ើបអង្គេតអ្វីៗជាបម្រាប់ដែលថេរ។ នេះជាវិធីសាស្រ្តដែលនៅលងការគិតរបស់មនុស្ស ហើយវាមានយុត្តិកម្មប្រវត្តិសាស្ត្រយ៉ាងច្រើននៅក្នុងសម័យរបស់វា។ ចាំបាច់យើងត្រូវសិក្សារអំពីអ្វីៗមួយមុននឹងសិក្សាអំពីវិធីការរបស់វា។ បុគ្គលម្នាក់ត្រូវយល់ដឹងអំពីអតីតកាលរឿងអ្វីមួយមុននឹងសង្កេតការផ្លាស់ប្តូរ ដែលវាបានឆ្លង់កាត់។ នេះជាអ្វីដែលមាននៅក្នុងវិទ្យាសាស្រ្តធម្មជាតិ។ បរមតវិជ្ជាបុរាណ ដែលទទួលស្គាល់អ្វីៗមួយជាវត្ថុសម្រេច បានកើតឡើងចេញពីវិទ្យាសាស្រ្តធម្មជាតិដែលស៊ើបអង្គេតអ្វីៗដែលស្លាប់ និងរស់ជាវត្ថុ សម្រេច។ ប៉ុន្តែនៅពេលដែលការស៊ើបអង្គេតនេះរីកចំរើនដល់ថ្នាក់ដែលវាអាចឈានទៅដល់ការបោះជំហានយ៉ាងច្បាស់លាស់ ដែលយើងអាចនិយាយថាវាបានឆ្លងកាត់ប្រព័ន្ធស៊ើបអង្គេតនៃការផ្លាស់ប្តូរ ដែលវាបានទទួលរងក្នុងធម្មជាតិ នោះបាននាទីចុងក្រោយនៃបរមតវិជ្ជាបុរាណក៏បញ្ចេញឥទ្ធិពលក្នុងអាណាចក្រនៃទស្សនវិជ្ជា។ ពិតមែនហើយដែលនៅចុងសតវត្សពីមុនមកវិទ្យាសាស្រ្តធម្មជាតិ គឺជាវិទ្យាសាស្រ្តប្រមូលផ្តុំដែលយើងហៅថាវិទ្យាសាស្រ្តនៃវត្ថុសម្រេច ប៉ុន្តែនៅសតវត្សរបស់យើង វាជាវិទ្យាសាស្រ្តរៀបចំដោយប្រព័ន្ធដែលយើងអាចនិយាយថាជាវិទ្យាសាស្រ្តនៃវិធីការ នៃប្រភពដើម និងការអភិវដ្ឍន៍នៃវត្ថុទាំងនេះ និងនៃទំនាក់ទំនងអន្តរកម្មដែលចងគ្រប់ដំណើរការធម្មជាតិទាំងអស់នេះឲ្យទៅជាអ្វីមួយដែលអស្ចារ្យ សរីរវិទ្យា ដែលស៊ើបអង្គេតដំណើរការនៅក្នុងសារពាង្គកាយរុក្ខជាតិ និងសត្វ ភ្រូណាវិទ្យា ដែលទាក់ទិនជាមួយការអភិវឌ្ឍន៍នៃសារពាង្គកាយបុគ្គលចាប់ពីមេរោគរហូតដល់ភាពពេញវ័យ ភូគព្ភវិទ្យាដែលស៊ើបអង្គេតការបង្កើតឡើងបន្តិចម្តងៗនៃផ្ទៃផែនដី ទាំងអស់នេះគឺជាកូននៃសតវត្សរបស់យើង។ប្រភព និងផ្នែកទាំងបីនៃលទ្ធិម៉ាក្សនិយម (ដកស្រង់ពីអត្ថបទ)ដោយ លោក វ៉្លាឌីមៀ លេនីន (Vladimir Lenin)ទស្សនវិជ្ជានៃលទ្វិម៉ាក្សនិយម គឺលទ្ធិសំភារៈនិយម។ តាំងពីដើមដល់ចប់នៃប្រវត្តសាស្រ្តរបស់ទ្វីបអ៊ីរ៉ុប ជាពិសេសនៅចុងសតវត្សទី១៨នៅប្រទេសបារាំង ដែលជារយះពេលមួយនៃការប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ទៅនឹងសំរាមគ្រប់ប្រភេទនៃមជ្ឈឹមសម័យទាំងការប្រឆាំងទៅនឹងភាពទាសករក្នុងស្ថាប័ន និងគំនិត មានតែលទ្ធិសំភារៈនិយមទេ ដែលបង្ហាញថាជាទស្សនវិជ្ជាមានភាពជាប់លាប់ ដែលពិតទៅនឹងការបង្រៀននៃវិទ្យាសាស្រ្តធម្មជាតិ ហើយ អរិភូតទៅនឹងអបិយជំនឿ។ល។ សត្រូវនៃលទ្ធិប្រជាធិបតេយ្យព្យាយាមទំលាក់ ទំលាយ និងបង្ខូចលទ្ធិសំភារៈនិយម និងខំការពារទម្រង់ជាច្រើននៃលទ្ធិតថនិយមនៃទស្សនវិជ្ជាដែលតែងតែនាំទៅរកការគាំទ្រនៃសាសនា។លោកម៉ាក់ និងលោកអង់ហ្គេល តែងតែតស៊ូមតិចំពោះលទ្ធិសំភារៈនិយមនៃទស្សនវិជ្ជាយ៉ាងមាំមួន ហើយបានពន្យល់ម្តងហើយម្ដងទៀតអំពីកំហុសដ៏ជ្រាលជ្រៅនៃការរាល់គម្លាតពីមូលដ្ឋាននេះ។ ទស្សនៈរបស់ពួកគាត់ត្រូវបានពន្យល់ពេញលេញក្នុងកិច្ចការរបស់លោក អង់ហ្គេល Ludwig Feuerbach និងសៀវភៅ Anti-Duhring ដែលដូចទៅនឹងសៀវភៅ the Communist Manifesto គឺជាសៀវភៅសម្រាប់គ្រប់កម្មករដឹងខ្លួន (conscious worker)។ទោះជាយ៉ាងណាលោកម៉ាក់ មិនផ្អាកត្រឹមការយល់ដឹងអំពីលទ្ធិសំភារៈនិយមនៃសតវត្សទី១៨ទេ គាត់បានជម្រុញទស្សនវិជ្ជាទៅមុខទៀត។ គាត់បានអភិវឌ្ឍន៍វាថែមទៀតដោយប្រើសមិតទ្ធិផលនៃទស្សនវិជ្ជាអាល្លឺម៉ង់បុរាណ ជាពិសេសដោយប្រើប្រព័ន្ធទស្សនវិជ្ជារបស់លោកហេហ្គេល ដែលនាំឲ្យមានលទ្ធិសំភារៈនិយមនៃលោកហ្វយ៉ឺបាក។ សមិតទ្ធិផលគោល គឺវិចារវិទ្យា ដែលគឺជាលទ្ធិនៃការអភិវឌ្ឍន៍វាក្នុងទម្រង់ពេញលេញ កាន់តែស៊ីជម្រៅ និងដោះលែងពីភាពលំអៀង លទ្ធិនេះក៏ជាសាបេក្ខភាពនៃចំណេះដឹងរបស់មនុស្ស ដែល ផ្តល់មកឲ្យយើងការឈ្លុះបញ្ជាំងនៃការអភិវឌ្ឍន៍រូបធាតុជាអានន្ត។ ការរកឃើញនៃវិទ្យាសាស្រ្តធម្មជាតិ រ៉ាដ្យូម អេឡិចត្រុង និងការផ្លាស់ប្តូរនៃធាតុ គឺជាការបញ្ជាក់នៃវិចារវិទ្យាសំភារៈនិយមនៃលោក ម៉ាក ដែលខុសពីលទ្ធិរបស់ពួកទស្សនវិទូគហបតី ដែលលទ្ធិថ្មីៗរបស់ពួកគាត់ គ្រាន់តែជាការបកទៅរកភាពឆៅនៃលទ្ធិតថនិយម។នៅពេលដែលកំពុងអភិវឌ្ឍន៍ទស្សនវិជ្ជាសំភារៈនិយមបន្ថែមទៀតលោកម៉ាក បានបង្កើតសេចក្តីបញ្ជប់របស់វា គាត់ពង្រីកទស្សនៈនៃធម្មជាតិរបស់វាឲ្យទៅដល់ទស្សនៈនៃសង្គមមនុស្ស។ ប្រវត្តិសាស្រ្តសំភារៈនិយម របស់លោកម៉ាក់ តំណាងឲ្យសញ្ជ័យដ៏អស្ចារ្យបំផុតនៃគំនិតវិទ្យាសាស្រ្ត។ភាពច្របូកច្របល់ និងអំពើអគតិដែលមាននៅក្នុងទស្សនៈស្តីពីប្រវត្តសាស្រ្ត និងនយោបាយត្រូវបានជំនួសដោយទ្រឹស្តីវិទ្យាសាស្រ្តដែលមានលក្ខណៈស៊ីសង្វាក់គ្នា ដែលបង្ហាញថានៅពេលដែលលំដាប់មួយនៃសង្គមបានបោះបង់ចោល លំដាប់មួយទៀតដែលខ្ពស់ជាងនឹងវិវត្តឡើងជាលទ្ធិផលនៃការរីកចម្រើននៃកម្លាំងផលិតកម្ម ឧទាហរណ៍៖ ដូចជានៅពេលដែលមូលធននិយមកើតចេញពីភាពជាទាសករ។ការយល់ដឹងរបស់មនុស្សឆ្លុះបញ្ជាំងពីធម្មជាតិ ដូចជាការអភិវឌ្ឍន៍រូបធាតុ ដែលមាននៅឯករាជ្យពីខ្លួន ដូច្នេះការយល់ដឹងសង្គមរបស់មនុស្សក៏ឆ្លុះបញ្ជាំងពីសណ្តាប់ធ្នាប់សេដ្ឋកិច្ចរបស់សង្គមផងដែរ ដូចជាទស្សនៈជាច្រើន និងលទ្ធិទស្សនវិជ្ជា សាសនា និងនយោបាយ។ល។ ស្ថាប័ននយោបាយ គឺជារចនាសម្ព័ន្ធទំនើបមួយលើមូលដ្ឋានសេដ្ឋកិច្ច។ ឧទាហរណ៍៖ យើងឃើញថាទម្រង់នយោបាយជាច្រើននៃរដ្ឋអឺរ៉ុបសម័យទំនើប គឺសម្រាប់ពង្រឹងការត្រួតត្រានៃវណ្ណៈគហបតីទៅលើវណ្ណៈអធន។ទស្សនៈវិជ្ជារបស់លោកម៉ាក បញ្ជប់ដោយខ្លួនវានូវទស្សនវិជ្ជាសំភារៈនិយម ដែលបានផ្តល់ឲ្យមនុស្សជាតិ និងជាពិសេសវណ្ណៈអធនជាមួយនឹងឧបករណ៍កម្លាំងខ្លាំងនៃចំណេះដឹង។ស្នាដៃដែលប្រមូលបានរបស់លោក លេនីនភាគ៣៨ ទំព័រ៣៥៩៖ On the Question of Dialecticsដោយ លោក វ៉្លាឌីមៀ លេនីនខ្លឹមសារនៃវិចារវិទ្យា គឺជាការបំបែកនៃផ្នែកមួយ និងការយល់ដឹងអំពីផ្នែកផ្ទុយគ្នារបស់វា។ លោកហេហ្គេល ក៏បានពន្យល់រឿងនេះតាមរបៀបហ្នឹងដែរ។ភាពត្រឹមត្រូវនៃខ្លឹមសារនៃវិចារវិទ្យានេះត្រូវតែបានសាកល្បងដោយប្រវត្តិសាស្ត្រនៃ វិទ្យាសាស្រ្ត។ ចំនុចនេះនៃវិចារវិទ្យាមិនសូវទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់ទេ៖ អត្តសញ្ញាណនៃភាពផ្ទុយគ្នាត្រូវបានគេចាត់ទុកវាជា ចំនួនសរុបនៃឧទាហរណ៍ ជាជាងច្បាប់នៃការយល់ដឹង ហើយជាច្បាប់នៃភពធម្មជាតិវិញ គេតែងនិយាយថា «ឧទាហរណ៍ គ្រាប់ពូជមួយគ្រាប់ » «ឧទាហរណ៍ កុម្មុយនិស្តបុព្វកាល » ។នៅក្នុងគណិតវិទ្យា៖ + និង - ឌីផេរ៉ង់ស្យែល និងអាំងតេក្រាល។នៅក្នុងមេកានិច៖ សកម្មភាព និងប្រតិកម្ម។នៅក្នុងរូបវិជ្ជា៖ អគ្គិសនីវិជ្ជមាន និងអវិជ្ជមាន។នៅក្នុងគីមីវិជ្ជា៖ ការរួមបញ្ចូលគ្នា និងការបំបែកនៃអាតូម។នៅក្នុងវិទ្យាសាស្រ្តសង្គម៖ ការតស៊ូវណ្ណៈ។អត្តសញ្ញាណនៃភាពផ្ទុយគ្នា យើងក៏អាចប្រើពាក្យថាឯកភាព គឺជាការទទួលស្គាល់នៃភាពប្រឆាំងគ្នាទៅវិញទៅមក ដែលពិសេស ដែលមាននៅក្នុងគ្រប់បាតុភូត និងដំណើរការនៃធម្មជាតិរួមទាំងចិត្ត និងសង្គម។ លក្ខខណ្ឌសម្រាប់ចំណេះដឹងនៃដំណើរការទាំងអស់នៃពិភពលោកចំពោះចលនាផ្ទាល់ខ្លួនរបស់វា ការអភិវឌ្ឍន៍ដោយឯកឯងរបស់វា និងជីវិតពិតរបស់វា គឺជាចំណេះដឹងនៃទាំងអស់នោះជាការឯកភាពនៃភាពផ្ទុយគ្នា។ ការអភិវឌ្ឍន៍ ជាការតស៊ូនៃភាពផ្ទុយគ្នា។ គំនិតជាមូលដ្ឋាននៃការអភិវឌ្ឍន៍មានដូចជា៖ ការអភិវឌ្ឍន៍ថយចុះ និងកើនឡើងជាដដែលៗ និងការអភិវឌ្ឍន៍ជាឯកភាពនៃភាពផ្ទុយគ្នា។ចំណាប់កំណើតគំនិតដំបូងនៃចលនាដូចជាចលនាផ្ទាល់ខ្លួន កម្លាំងជម្រុញរបស់វា ប្រភពរបស់វា និងហេតុជម្រុញរបស់វា គឺស្ថិតនៅក្នុងម្លប់ទេ។ នៅក្នុងគំនិតទីពីរ ការយកចិត្តទុកដាក់ចម្បង គឺផ្តោតទៅលើចំណេះដឹងនៃប្រភពនៃចលនាផ្ទាល់ខ្លួន។ចំណាប់កំណើតដំបូង គឺគ្មានជីវិត ស្លេក ហើយស្ងួត។ រីឯគំនិតទីពីរ គឺរស់រវើក វាបានផ្តល់នូវគន្លឹះនៃចលនាផ្ទាល់ខ្លួននៃអ្វីគ្រប់យ៉ាងដែលមានស្រាប់។ វាក៏ផ្តល់នូវគន្លឹះនៃ «ការលោត» ទៅ «ការបំបែកនៅក្នុងនិរន្តភាព» ទៅនឹង «ការផ្លាស់ប្តូរក្លាយទៅជាការផ្ទុយ» ទៅនឹងការបំផ្លិចបំផ្លាញនៃភាពចាស់និងការកើតឡើងនៃភាពថ្មី។ឯកភាពនៃភាពផ្ទុយគ្នាគឺ មានលក្ខខ័ណ្ឌ ជាបណ្តោះអាសន្ន មិនថិតថេរ ហើយមានទំនាក់ទំនងមិនដាច់ខាត។ ការតស៊ូនៃភាពផ្ទុយគ្នាដាច់ស្រយាលទៅវិញទៅមក គឺដាច់ខាត ដូចដែលការអភិវឌ្ឍន៍ និងចលនា គឺដាច់ខាតដែរ។ភាពខុសគ្នារវៀងទស្សនៈប្រធានវិស័យនិយម (subjectivism) និងវិចារវិទ្យា គឺថាក្នុង វិចារវិទ្យា ភាពខុសគ្នារវាងសាបេក្ខភាព និងយថាវត្ថុមានទំនាក់ទំនង។ សម្រាប់វិចារវិទ្យាវត្ថុវិស័យនិយម (objectivism) គឺមានភាពដាច់ខាតនៅក្នុងទំនាក់ទំនង។ សម្រាប់ទស្សនៈប្រធានវិស័យនិយម និងការពិចារណាបំភ័ន្តទំនាក់ទំនងគ្រាន់តែជាទំនាក់ទំនង និងមិនមានភាពដាច់ ខាត។នៅក្នុងសៀវភៅ Capital លោកម៉ាក់ ជាដំបូងសង្កេតមើលភាពសាមញ្ញបំផុតនៃទំនាក់ទំនងរបស់សង្គមទំនិញនៃវណ្ណៈគហបតី ដែលជាទំនាក់ទំនងមួយបានជួបប្រទះរាប់លានដងមកហើយ ដូចជាការផ្លាស់ប្តូរទំនិញ។ នៅក្នុងបាតុភូតដ៏សាមញ្ញនេះ ការសង្កេតបានបញ្ជាក់អំពីគ្រប់ភាពប្រឆាំងគ្នានៃសង្គមទំនើប។ ការពិពណ៍ជាបន្តបន្ទាប់បង្ហាញយើងពីការអភិវឌ្ឍន៍នៃភាពផ្ទុយគ្នាទាំងនេះ និងការអភិវឌ្ឍន៍នៃសង្គមនេះនៅក្នុងផលរួមនៃផ្នែកនីមួយៗរបស់វាចាប់ពីទីដំបូងមកដល់ទីបញ្ជប់។នេះត្រូវតែជាវិធីសាស្រ្តនៃការបង្ហាញនៃវិចារវិទ្យាទូទៅ សម្រាប់លោក ម៉ាក់ វិចារវិទ្យានៃសង្គមគហបតីគ្រាន់តែជាករណីមួយនៃវិចារវិទ្យាទេ។ យើងអាចលើកឡើងថា៖ ស្លឹកដើមឈើរមានពណ៌បៃតង ឬវិសាលជាបុរស ឬហ្វីដូជាឆ្កែ។ល។ នេះយើងមានវិចារវិទ្យាហើយ ដែលលោកហេហ្គេល បានទទួលស្គាល់។ បុគ្គល គឺសកល។ដូច្នេះ ភាពផ្ទុយគ្នាគឺដូចគ្នា៖ បុគ្គលឋិតនៅក្នុងតំណដែលនាំទៅរកសកលតែប៉ុណ្ណោះ ទាំងដែលបុគ្គលប្រឆាំងទៅនឹងសកល។ សកលឋិតនៅក្នុងបុគ្គល និងតាមបុគ្គល។ រាល់បុគ្គលគឺសកល។ រាល់សកល គឺផ្នែកនៃបុគ្គល។ រាល់សកលលោកនីមួយៗប្រមាណកាន់យកគ្រប់វត្ថុនីមួយៗ។ រាល់បុគ្គលសម្រេចចូលក្នុងសកលលោកដោយមិនសព្វគ្រប់។ល។ រាល់បុគ្គលមានតំណភ្ជាប់អន្តរកាលរាប់ពាន់ជាមួយនឹងបុគ្គលផ្សេងៗទៀត ដូចជាវត្ថុ បាតុភូត ដំណើរការ។ល។ នេះហើយយើងមានធាតុ មេរោគ គំនិតនៃភាពចាំបាច់ និងគំនិតនៃតំណភ្ជាប់វត្ថុវិស័យនៅក្នុងធម្មជាតិ។ល។ នេះហើយយើងមានចំណែក និងភាពចាំបាច់ បាតុភូត និងខ្លឹមសារ សម្រាប់នៅពេលដែលយើងនិយាយថា៖ វិសាលជាបុរស ហ្វីដូជាឆ្កែ នេះជាស្លឹកដើមឈើ។ល។ យើងមិនយកជាបានការលក្ខណៈមួយចំនួនថាជាផ្នែកទេ យើងញែកខ្លឹមសារចេញពីរូបរាង ហើយប្រាំងមួយទៅមួយទៀត។យ៉ាងនេះហើយនៅក្នុងរាល់សំណើ យើងអាច និងត្រូវលាតត្រដាងដូចក្នុងណ្វៃយ៉ូ មេរោគនៃគ្រប់សារធាតុនៃវិចារវិទ្យា ហើយបង្ហាញថា វិចារវិទ្យា គឺជាទ្រព្យសម្បត្តិនៃចំណេះដឹងទូទៅរបស់មនុស្សទាំងអស់។វិទ្យាសាស្រ្តធម្មជាតិបង្ហាញយើងថាវត្ថុវិស័យធម្មជាតិមានគុណភាពដូចគ្នាទៅនឹងការប្រែប្រួលនៃបុគ្គលទៅជាសកលនៃភាពចៃដន្យទៅនឹងភាពចាំបាច់ ការប្រែប្រួល ការប្តូរតាន និងតំណភ្ជាប់ទៅវិញទៅមកនៃភាពផ្ទុយគ្នា។ វិចារវិទ្យា គឺជាទ្រឹស្តីនៃចំណេះដឹងនៃលោកហេហ្គេល និងលទ្ធិម៉ាក្សនិយម។ នេះជាផ្នែកមួយនៃវិចារវិទ្យា ដែលលោកផ្លេកានូវ ដោយមិនសំដៅទៅលើពួកម៉ាក្សនិយមផ្សេងទៀត មិនបានយកចិត្តទុកដាក់ទៅលើ។ចំណេះដឹង គឺបានតំណាងឲ្យក្នុងទម្រង់នៃរង្វង់ជាបន្តបន្ទាប់ដោយលោកហេហ្គេល និងដោយអ្នកជំនាញខាងផ្ញានវិទ្យា (epistemology) សម័យទំនើបនៃវិទ្យាសាស្ត្រធម្មជាតិ ដែលជាសត្រូវនៃលទ្ធិហេហ្គេលនិយម ដែលមានឈ្មោះថា លោក ផល វលមេន (Paul Volkmann)«រង្វង់» ក្នុងទស្សនៈវិជ្ជា៖ តើកាលប្បវត្តិនៃមនុស្សសំខាន់ទេ? មិនទេ!សម័យបុរាណ៖ ពីលោកដេម៉ូខ្រាយតិស ទៅលោកផ្លាតូ (Plato) និងវិចារវិទ្យានៃលោក ហេរាខ្លាតិស។ការកើតឡើងវិញ (Renaissance)៖ លោកដេកាត ទល់នឹងលោកកាសេនឌី (Gassendi) [លោក ស្ព៊ីណូហ្សា (Spinoza)?]សហសម័យ៖ លោកហូលបាក - លោក ហេហ្គេល [តាមលោក ប៊ឺឃ្លី (Berkeley) លោក ហ៊ូម (Hume) លោកខាន]។លោកហេហ្គេល លោកហ្វយ៉ឺបាក លោកម៉ាក់វិចារវិទ្យា ដែលកំពុងរស់ ហើយមានផ្នែកជាច្រើន ដែលចំនួននៃផ្នែកទាំងនោះកាន់តែកើនឡើង ហើយមានចំនួន ដែលមិនអាចកំណត់បាននៃគ្រប់វិធី និងការប៉ានស្មានទៅភាពពិត នេះយើងមានខ្លឹមសារដ៏សម្បូរបែបប្រៀបទៅនឹងសំភារៈនិយមបរមត (metaphysical materialism) ដែលជាអភ័ព្វក្នុងការ ដែលវាមិនអាចប្រើវិចារវិទ្យាក្នុងទ្រឹស្តីនៃការឆ្លុះបញ្ជាំង (theory of reflection) និងក្នុងដំណើរការ និងការអភិវឌ្ឍន៍នៃចំណេះដឹង។លទ្ធិតថនិយមនៃទស្សនវិជ្ជាគ្មានន័យទេបើយោងតាមទស្សនៈរបស់លទ្ធិសំភារៈនិយម។ បើយោងតាមទស្សនៈនៃសំភារៈនិយមវិចារវិទ្យា វាជាការបំភ្លើសនៃការអភិវឌ្ឍន៍នៃ លក្ខណៈមួយរបស់ចំណេះដឹង ឲ្យទៅជាអ្វីមួយដែលលែងចេញពីរូបធាតុ និងពីធម្មជាតិ។ ពិតហើយលទ្ធិតថនិយមគឺជាការបង្អាក់នៃស្មៀន។ ប៉ុន្តែវាក៏ជាផ្លូវមួយដែលនាំទៅរកភាពមិនច្បាស់លាស់ខាងស្មៀន តាមរយះស្រមោលមួយនៃចំណេះដឹងដ៏ស្មុគស្មាញបំផុតរបស់មនុស្ស។ចំណេះដឹងរបស់មនុស្ស គឺមិនដើរតាមផ្លូវត្រង់ទេ តែដើរតាមផ្លូវកោង ដែលប្រហាក់ប្រហែលនឹងរង្វង់ជាបន្តបន្ទាប់។ រាល់ផ្នែកនៃរង្វង់នេះអាចបំប្លែកទៅជាបន្ទាត់ត្រង់មួយដែលនៅឯករាជ្យ ហើយប្រសិនបើមនុស្សមិនឃើញឈើជាដើមឈើ វានឹងនាំទៅជួបភាពបង្អាក់នៃស្មៀន ដែលត្រូវបានផ្អែកទៅលើផលប្រយោជន៍នៃវណ្ណៈគហបតី។ ដំណើរការតាមផ្លូវត្រូង់ និងភាពលំអៀង ចលនាលំបាក និងដំណើរក្លាយជាថ្ម ទស្សនៈប្រធានវិស័យ និយម និង អត្ថវិស័យភាពខ្វាក់ នេះហើយជាឬសជ្ញានវិទ្យានៃលទ្ធិតថនិយម។ រីឯបង្អាក់នៃស្មៀន ក៏ជាលទ្ធិតថនិយមនៃទស្សនវិជ្ជា។ វាមានឬសជ្ញានវិទ្យាដែរ វាមិនមែនគ្មានមូលដ្ឋានទេ វាដូចជាផ្កាស្អាតគ្មានមេរោគ ប៉ុន្តែជាផ្កាដែលដុះលើដើមឈើរស់ មានជីជាតិ ពិតប្រាកដ មានថាមពល នៃចំណេះដឹងរបស់មនុស្ស។ភាគទី៣៨ ទំព័រ២២១-២២២៖ Summary of Dialecticsដោយលោក វ៉្លាឌីមៀ លេនីន១) ការកំណត់គំនិតចេញពីខ្លួនឯង (អ្វីមួយនឹងត្រូវពិចារណាវាក្នុងទំនាក់ទំនង និងក្នុងការអភិវឌ្ឍន៍)២) ភាពផ្ទុយគ្នាជាធម្មជាតិនៃអ្វីមួយ (ដែលជាអ្ចីផ្សេងទៀតនៃខ្លួនវា) កម្លាំងប្រឆាំងគ្នា និងទំនោរនៅក្នុងបាតុភូតនីមួយៗ។៣) ការសហភាពនៃការវិភាគ និងសំយោគ។នេះជាអង្គផ្សំភាគសំខាន់នៃវិចារវិទ្យា។យើងអាចបង្ហាញពីធាតុសំខាន់ៗនេះឲ្យកាន់តែលម្អិតដូចខាងក្រោម៖១) វត្ថុវិស័យភាពនៃការពិចារណា (មិនមែនជាឧទាហរណ៍ មិនមែនជាភាពខុសគ្នា ប៉ុន្តែជាអ្វីមួយនៅក្នុងខ្លួនវា)។២) ផលសរុបនៃទំនាក់ទំនងច្រើនរបស់វាជាមួយអ្វីៗផ្សេងទៀត។៣) ការអភិវឌ្ឍន៍នៃអ្វីមួយនេះ (បាតុភូតរៀងខ្លួនៗ) ដូចជាចលនារបស់វា និងជីវិតរបស់វា។៤) ភាពប្រឆាំងគ្នាតាមផ្ទៃក្នុងនៃទំនោរ (និងភាគី) នៅក្នុងអ្វីមួយនេះ។៥) ការចាត់ទុកអ្វីមួយនេះ (ទាំងបាតុភូត។ល។) ជាផលរួម និងការរួបរួមនៃភាពផ្ទុយគ្នា។៦) ការតស៊ូ ដែលលាតត្រដាងរៀងៗខ្លួននៃភាពផ្ទុយគ្នាទាំងនេះ ដែលជាការតស៊ូផ្ទុយគ្នាជាដើម។៧) ការរួបរួមនៃការវិភាគ និងសំយោគ ការបំបែកផ្នែកដាច់ដោយឡែក និងចំនួនសរុបនៃ ផ្នែកទាំងនេះ។៨) ទំនាក់ទំនងនៃអ្វីមួយ (បាតុភូត។ល។) មិនមែនតែច្រើន ប៉ុន្តែក៏មានលក្ខណៈទូទៅ និងជាសកលដែរ។ រាល់បញ្ហា (បាតុភូត។ល។) មានទំនាក់ទំនងជាមួយគ្នាទៅវិញទៅ មក។៩) មិនត្រឹមតែការរួបរួមនៃភាពផ្ទុយគ្នាប៉ុណ្ណោះទេ ប៉ុន្តែការផ្លាស់ប្តូរនៃរាល់ការប្តេជ្ញាចិត្ត គុណភាព លក្ខណៈ ផ្នែក ទ្រព្យសម្បត្តិ ចូលទៅក្នុងគ្នាទៅវិញទៅមក [ចូលទៅក្នុងភាពផ្ទុយរបស់វា?] ។១០) ដំណើរការគ្មានទីបញ្ចប់នៃការរកឃើញផ្នែកថ្មី ទំនាក់ទំនងថ្មី។ល។១១) ដំណើរការគ្មានទីបញ្ចប់នៃការយល់ដឹងរបស់មនុស្សអំពីអ្វីមួយ អំពីបាតុភូត អំពីដំណើរការ។ល។ ពីរូបរាងទៅជាខ្លឹមសារ និងពីខ្លឹមសារមិនស៊ីជម្រៅទៅខ្លឹមសារស៊ីជម្រៅ។១២) ពីសហត្ថិភាពទៅហេតុធម៌ និងពីទម្រង់មួយនៃការតភ្ជាប់ និងការពឹងផ្អែកទៅវិញទៅមកទម្រង់ទូទៅមួយកាន់តែស៊ីជម្រៅ។១៣) ការកើតឡើងម្តងហើយម្តងទៀតនៅដំណាក់កាលខ្ពស់នៃលក្ខណៈជាក់លាក់ លក្ខណៈសម្បត្តិជាដើមនៃកម្រិតទាប។១៤) ផលអវិជ្ជមានកម្មនៃផលអវិជ្ជមានកម្ម១៥) ការតស៊ូនៃមាតិកាជាមួយនឹងទម្រង់និងផ្ទុយមកវិញ។ ការបោះចោលទម្រង់បែបបទ ការផ្លាស់ប្តូរខ្លឹមសារ។១៦) ការផ្លាស់ប្តូរបរិមាណទៅជាគុណភាព និងផ្ទុយមកវិញ (១៥ និង ១៦ គឺជាឧទាហរណ៍នៃ ៩)សរុបមក វិចារវិទ្យាអាចនិយាយថា ជាគោលលទ្ធិនៃការរួបរួមនៃភាពផ្ទុយគ្នា។ នេះវាតំណាងឲ្យខ្លឹមសារនៃវិចារវិទ្យា ប៉ុន្តែវាទាមទារការពន្យល់ និងការអភិវឌ្ឍន៍។សំណួរអំពីសំភារៈនិយមវិចារវិទ្យា១) ហេតុអ្វីបានជាវណ្ណៈអធនត្រូវការទស្សនវិជ្ជា?២) តើ "សុភវិនិច្ឆ័យ" ជាទស្សនវិជ្ជាទេ?៣) អ្វីជាលទ្ធិសំភារៈនិយម?៤) អ្វីជាលទ្ធិតថនិយម?៥) តើទ្រឹស្តីនៃការវិវត្តន៍របស់លោក ដាវីន ត្រឹមត្រូវទេ?៦) តើបរមតវិទ្យាមានន័យដូចម្តេច?៧) តើអ្នកកំណត់ន័យរបស់វិចារវិទ្យាយ៉ាងម៉េច?៨) តើលទ្ធិសំភារៈនិយមចាស់ខុសរបៀបណា?៩) តើតក្កវិជ្ជាផ្លូវការជាអ្វី?១០) តើស្ករ១គីឡូក្រាមស្មើស្ករ១គីឡូក្រាមទេ?១១) ហេតុអ្វីបានជាពេលខ្លះកម្មករទទួលយកការវាយប្រហារសាហាវៗលើលក្ខខណ្ឌរបស់ពួកគេ បន្ទាប់មកធ្វើកូដកម្មនៅពេលសម្រាកផឹកតែ បោកគក់ម៉ោង ឬដោយសារឧបទ្ទវហេតុតូចផ្សេងទៀត?១២) តើរឿងប្រវត្តិសាស្ត្រនឹងកើតឡើងវិញម្តងហើយម្តងទៀតទេ?១៣) តើសង្រ្គាមលោកលើកទីមួយ គឺបណ្តាលមកពីការធ្វើឃាតព្រះអង្គម្ចាស់នៅសារ៉ាហេវោ ដែរឬទេ? តើភាពចៃដន្យមានតួនាទីអ្វីនៅក្នុងប្រវត្តិសាស្ត្រ?១៤) តើអ្នកអាចនៅកន្លែងមួយ និងកន្លែងផ្សេងទៀតក្នុងពេលតែមួយបានដែរឬទេ?១៥) តើអ្វីជាការរួមចំណែកដ៏អស្ចារ្យរបស់លោកហេហ្គេល ក្នុងទស្សនវិជ្ជា?១៦) តើអ្វីជាការរួមចំណែកដ៏អស្ចារ្យរបស់លោកម៉ាក់ និងលោក អង់ហ្គេល ក្នុងទស្សនវិជ្ជា?១៧) ហេតុអ្វីបានជាគេអាចនិយាយបានថាធម្មជាតិ គឺជាភស្តុតាងនៃវិចារវិទ្យា?១៨) តើអ្វីទៅជាភាពពាក់ព័ន្ធនៃសំភារៈនិយមវិចារវិទ្យាក្នុងការយល់ដឹងអំពីអនាគត?១៩) តើសកលលោកចាប់ផ្តើមនៅពេលណា?២០) ហេតុអ្វីបានជាពួកម៉ាក្សនិយម ជាពួកកំណត់និយម?បញ្ជីអានណែនាំThe Poverty of Philosophy ដោយលោកម៉ាក់Economic and Philosophical Manuscripts ដោយលោកម៉ាក់ Ludwig Feuerbach and the end of classical German Philosophy, EngelsThe German Ideology (Student edition) ដោយលោកម៉ាក់ និងលោកអង់ហ្គេលAnti-Duhring, ដោយលោកអង់ហ្គេល Dialectics of Nature, ដោយលោកអង់ហ្គេលSocialism Utopian and Scientific ដោយលោកអង់ហ្គេលMaterialism and Empirio-Criticism (Collected works, vol 17) ដោយលោកលេនីនPhilosophical Notebooks (Collected works, volume 38) ដោយលោកលេនីនOn Marx and Engel ដោយលោកលេនីនThe Three Sources and Component Parts of Marxism, ដោយលោកលេនីនIntroduction to the Logic of Marxism ដោយលោកណូវាក Reason in Revolt ដោយលោកវូដ និង លោកហ្រ្គេនThe Fundamental Problems of Marxism ដោយលោកផ្លេកានូវ (out of print)The Development of the Monist View of History ដោយលោកផ្លេកានូវ (out of print)In Defence of Marxism, ដោយលោកត្រតស្គ៊ីRadio, Science, Technology and Society, ដោយលោកត្រតស្គ៊ី